អគ្គនាយកដ្ឋានគយ៖ ក្នុងឆ្នាំ២០១៨ ការប្រមូលចំណូលសរុប២.៥០០លានដុល្លារ ក្នុងនោះ យានយន្ត និងគ្រឿងចក្រដើរតួនាទីឈានមុខគេ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ — ​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជាបានបង្ហាញថា សម្រាប់​ឆ្នាំ២០១៨ ចំណូល​សរុប​មាន​ប្រមាណជាង ១០ ទ្រីលានរៀល (ប្រមាណ ២.៥០០ លានដុល្លារ​អាមេរិក) កើនឡើង​ជាង ៣២ភាគរយ​ ធៀប​នឹង ឆ្នាំ​២០១៧ ក្នុងនោះប្រភពចំណូលពន្ធ និងអាករសំខាន់ៗឈាន មុខគេ​គឺ យានយន្តនិងគ្រឿងចក្របានដើរតួនាទីប្រមាណជិត៤៦ភាគរយនៃចំណូលសរុប។

ក្នុង​កិច្ច​ប្រជុំ​បូកសរុប​ការងារ​គយ ​និងរដ្ឋាករ​ប្រចាំឆ្នាំ​២០១៨ កាលពីព្រឹកថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជ រដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​​នៃ​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បាន​​គូសបញ្ជាក់​ថា លទ្ធផល​ចំណូល​នេះ​ត្រូវ​​ប្រមាណ​ជា ១២១.៤ភាគរយ នៃផែនការឆ្នាំ ​​ដែលកំណត់ដោយ ច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រងប្រចាំឆ្នាំ​២០១៨។ បើ​ប្រៀបធៀបនឹង​ឆ្នាំ​២០១៧ លទ្ធ ផលចំណូល​តាម​ប្រភេទ​ពន្ធនិងអាករសំខាន់ៗ​ដែល​ប្រមូល​ដោយគយមានកំណើនគួរឱ្យកត់​សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ១៨ភាគរយ, អាករពិសេសកើន ៤២.៤ភាគរយ និងអាករ​លើ​តម្លៃ​បន្ថែម (VAT)កើន៣០.៧ភាគរយ។

ឯកឧត្តមបណ្ឌិតបានបន្ដថា ចំពោះប្រភពចំណូលពន្ធ និងអាករបន្ទាប់នោះគឺប្រេង​ឥន្ធនៈនិង​ថាមពល​ប្រមាណ២០ភាគរយ និងទំនិញចម្រុះនិងគ្រឿងសំណង់មានសមាមាត្រ​ប្រមាណ​ជាង៣៤ភាគរយនៃចំណូលសរុប។ ឯកឧត្តមបណ្ឌិតបានលើកឡើងថា ទន្ទឹមនឹងការងារ ប្រមូលចំណូលចូលថវិកាជាតិបានលើសផែនការ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏ បានសម្រេចនូវសមិទ្ធផលនានាផ្សេងទៀតដូចជាការចូលរួមកសាង​បទប្បញ្ញត្តិ និងគោល នយោបាយពាក់ព័ន្ធនឹងគយ, ការធ្វើវិចារណកម្មតារាងពន្ធគយកម្ពុជា, ការពង្រឹងការងារបង្ការ និងបង្រ្កាបអំពើរត់គេចពន្ធ, ការលើកកម្ពស់​កិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងកិច្ចសហប្រតិ បត្តិការជាមួយស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងទៀតនៃរាជរដ្ឋាភិបាល, កិច្ច​សហការជាមួយវិស័យ ឯកជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការបណ្តុះបណ្តាល​ធនធានមនុស្ស និងការកសាង​ហេដ្ឋារចនាសម្ព័ន្ធអគាររដ្ឋបាលគយនានា ព្រមទាំងការងារ​សង្គហមិត្ត​មន្ត្រីរាជការ នៃអគ្គ នាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ បាន​កោតសរសើរ​​ និងវាយ​តម្លៃ​​ខ្ពស់​ចំពោះកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវ​​របស់​​មន្ត្រី​​គយ ​និង​រដ្ឋាករ​គ្រប់​រូប។ ទន្ទឹម​នេះ ឯកឧត្តម​អគ្គបណ្ឌិត សភាចារ្យ ក៏​បាន​​ទទួល​ស្គាល់​នូវ​បញ្ហា​ប្រឈម​នានា ដែល​ជា​កត្តា​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ប្រមូលចំណូល និង​បាន​លើកទឹក​ចិត្តឱ្យ​មន្ត្រី​​គយ ​និង​រដ្ឋាករ​ត្រូវ​ខិតខំ​បន្ថែម​ទៀត សម្រាប់​ការងារ​នាពេល​ខាងមុខ ជាពិសេសក្នុងបរិបទ​នៃ​កំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់ រាជរដ្ឋាភិបាលចាប់ពីដើមឆ្នាំ២០១៩នេះតទៅ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គ​បណ្ឌិតស​ភាចារ្យ ឧបនាយករដ្ឋមន្ត្រី​​បាន​​ផ្តល់ការណែនាំ​សម្រាប់​​​​​​អនុវត្តន៍​នាឆ្នាំ​២០១៩ ដោយ​សង្កត់​ធ្ងន់​លើការ​ងារចំនួន០៩ ចំណុចរួមមាន៖ ទី១.​ត្រូវបន្តពង្រឹង​​នូវអភិបាលកិច្ច​ល្អក្នុង​អង្គភាព និងក្រម​សីលធម៌វិជ្ជាជីវៈរបស់​មន្ត្រី​គយ​និង​រដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់​អភិក្រម ៥ ប្រការរបស់​ សម្ដេច តេជោ​នាយករដ្ឋមន្ត្រី​ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ទី២.ជំរុញ លើក កម្ពស់​អនុលោមភាព​​វិស័យ​ឯកជន​តាមរយៈ​​​​​​​អនុវត្ត​​ន៍ឱ្យ​បាន​ហ្មត់​ចត់នូវ​ក្រមសីលធម៌​ជើងសា គយ, ​និងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ ប៉ុន្តែដាក់ទណ្ឌកម្មចំពោះ ក្រុមហ៊ុនដែលរំលោភបំពានច្បាប់។ ទី៣.ត្រូវផ្ដល់​កិច្ច​សម្រួលពាណិជ្ជកម្ម​បន្ថែមទៀត ដើម្បី​បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាដូចជាកាត់បន្ថយ និងធ្វើសាមញ្ញកម្មនីតិវិធីគយតាមរយៈ​ ការធ្វើ​វិមជ្ឈការ និងការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា​។ ទី៤.ត្រូវបន្តពង្រឹងយន្ដការពិគ្រោះ យោបល់​​ជាមួយ​វិស័យ​ឯកជន ដោយត្រូវ​ស្ដាប់កង្វល់និងបញ្ហាប្រឈម និងប្រឹងប្រែងរក ដំណោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទី៥.លើក​កម្ពស់​​វប្បធម៌​អនុលោមភាព និង​វប្បធម៌​សារពើពន្ធ តាមរយៈការជំរុញឱ្យមានអនុលោមភាព​ដោយស្ម័គ្រចិត្ត ទន្ទឹម​គ្នានឹង​ការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធគ្រប់ប្រភេទនៅគ្រប់ភូមិសាស្រ្តនៃដែន សមត្ថកិច្ចរបស់ខ្លួន ឱ្យបាន​ជាប្រចាំ​ដូចភ្លៀងរលឹ។ ទី៦.ត្រូវបន្តពង្រឹងការងារបច្ចេកទេសគយ, ការងារគោលនយោបាយពន្ធអាករគយនិង​បន្តធ្វើវិចារណកម្មតារាងពន្ធគយកម្ពុជា, ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​​លើចំណូល, ការកែលម្អសេវាដោយរួសរាយរាក់ទាក់ ប៉ុន្តែហ្មឺងម៉ាត់ដាច់ខាត​ក្នុង​ការអនុវត្ត​ច្បាប់។ ទី៧.ត្រូវជំរុញ​បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រ​​ជំរុញការអនុវត្តច្បាប់ និង​យុទ្ធសាស្ត្រ​​បច្ចេកវិទ្យាព័ត៌មាន ដែលឯកសារទាំង២នេះមានសារៈសំខាន់ និងជាផ្នែកមិន​អាចខ្វះ​បាននៃកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ។ ទី៨. ត្រូវពិនិត្យ​និងកែសម្រួលឡើង វិញនូវអនុក្រឹត្យស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ និងអនុក្រឹត្យស្ដី​ពីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ និងត្រូវចាត់វិធានការសំដៅពង្រឹងតួនាទី​និងភារកិច្ច​ទទួលខុសត្រូវ ក្នុងបរិបទនៃការធ្វើកំណែទម្រង់ស្ថាប័ន។ ទី៩. ត្រូវអនុវត្តន៍ប្រកាសស្ដីពីកម្រៃ​សេវាផ្សេងៗរបស់​គយ​ និងការកាត់បន្ថយកម្រៃស្កែន ៥០ភាគរយ​ ចាប់ពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៩នេះតទៅ៕

ដោយ អ៊ុន រិទ្ធី រូបថត៖អ៊ុង ហុងលៀង