វេទិកាសាធារណៈ ស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំវេទិកាសាធារណៈ ស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ សមាជិកសមាជិកាប្រមាណ ៤០០នាក់។

វេទិកានាពេលនេះមានគោលបំណងដើម្បីបង្កើតឱកាសឱ្យសមាជិកសមាជិកាបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយគ្នា ដើម្បីពិភាក្សា ផ្លាស់ប្តូរ ឬចែករំលែកបទពិសោធន៍ ត្រួតពិនិត្យ តាមដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈមនានា ដែលបាននឹងកំពុងជួបប្រទះក្នុងការអនុវត្តការងារវិស័យកសិកម្មកន្លងមក។ ក្នុងវេទិកានេះដែរសមាជិកអាចយក បទពិសោធន៍ល្អៗ យន្តការនៃការដោះស្រាយបញ្ហាជាប្រព័ន្ធ ជារបៀប តាមលក្ខណៈបច្ចេក ទេស និងតាមនីតិវិធីច្បាប់ត្រឹមត្រូវ ច្បាស់លាស់ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

បន្ទាប់ពីឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអានសុន្ទរកថាស្វាគមន៍រួចមក ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមក្រសួងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកានៃអង្គវេទិកាដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួម និងចែករំលែកមេរៀនល្អៗសម្រាប់ជាទុនទាំងផ្នែកទ្រឹស្តី និងបទពិសោធន៍អនុវត្តន៍ជាក់ស្តែងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ជូនអង្គវេទិកាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ព្រោះវិស័យនេះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ពិសេសផ្ដល់នូវប្រភពស្បៀងអាហារសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមចម្បងសម្រាប់ការអភិវឌ្ឍផ្នែកកសិ-ឧស្សាហកម្ម និងជាប្រភពចំណូលជាតិដ៏សំខាន់ ដែលទទួលបានពីការធ្វើពិពិធភាវូបនីយកម្មកសិកម្ម និងការនាំចេញផលិតផលកសិកម្មចូលទៅក្នុងទីផ្សារជាតិ និងអន្ដរជាតិ។

ឯកឧត្តមវេង សាខុន មានប្រសាសន៍ថា ជាការពិត អនុវិស័យទាំងអស់នេះបាននឹងកំពុងធ្វើការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឱ្យសេចក្តីត្រូវការក្នុងស្រុក ទៅជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ ។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ កម្ពុជាផលិតស្រូវបាន ១០,៨លានតោន ហើយបានធ្វើការនាំចេញអង្ករ ៦២៦ពាន់តោន ចេកអំបូងលឿងជាង ១ម៉ឺនតោន ស្វាយកែវរមៀតប្រមាណជាង ១ម៉ឺនតោន ហើយថ្មីៗនេះកម្ពុជាបាននាំចេញបន្លែស្រស់ទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានជាង ៣៣តោន ដែលនេះជាមោទនភាពនៃការសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងក្នុងការជំរុញកំណើនផលិតកម្មកសិកម្មក្នុងស្រុក ជំរុញការនាំចេញ លើកកម្ពស់សក្តានុពលក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ក្រសួងបាននឹងកំពុងបន្តផ្សព្វផ្សាយពូជដំណាំមានផលិតភាពខ្ពស់ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការបង្កាត់ពូជសិប្បនិម្មិត ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់លើកកម្ពស់ការនាំចេញ។

ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនេះ សមាជិក សមាជិកាបានចែលរំលែកបទពិសោធន៍ ចោទសួរ ផ្តល់ចម្លើយ និងសំណូមពរយ៉ាងក្បោះក្បាយទាក់ទងនឹងប្រធានបទ ទី១- ការនាំចូលគ្រឿងបន្លាស់គ្រឿងយន្តកសិកម្មជាប់ពន្ធ។ ទី២-បញ្ហារោងសម្ងួតគ្រាប់ធញ្ញជាតិ និងបញ្ហាតម្លៃអគ្គិសនី។ ទី៣- ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍។ ទី៤-បញ្ហាបែបបទនីតិវិធីរដ្ឋបាល និងនីតិវិធីច្បាប់ក្នុងការនាំចេញផលិតផលកសិកម្ម ជាពិសេសការចេញវិញ្ញាបន  បត្រអនាម័យ និងភូតគាមអនាម័យ (SPS) ។ ទី៥- វិធានការការពារគុណភាពដី។ ទី៦- ច្បាប់ស្តីពីព្រៃឈើ ការធ្វើអាជីវកម្ម និងការដាំឈើឧស្សាហកម្ម។ ទី៧- វិស័យផលិតកម្មសត្វ សុខភាពសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិច។ ទី៨- វិស័យជលផល វារីវប្បកម្ម បទល្មើសនេសាទ និង វិធានការផ្សេងៗ៕

ដោយ សេង សុវណ្ណនី(ប្រភពក្រសូងកសិកម្ម)