គណៈប្រតិភូកិច្ចការបរទេសរដ្ឋសភាកម្ពុជាជំរុញឱ្យក្រុង Jiayang ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យទេសចរណ៍ និងវប្បធម៌

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​នាការ និង ព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ បានធ្វើទស្សនកិច្ចនៅទីក្រុង Jiayang និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម LI Shuihua អគ្គលេខាធិការមជ្ឈិមបក្សក្រុង នាថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច​សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០១៩។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ឈាង វុន បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត​រវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ដែលកំពុងទទួលបានផ្លែផ្កាជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទំាងពីរ។ ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានបើកចំហ គំាទ្រយ៉ាងពេញទំហឹងដល់អ្នកវិយោគិនបរទេស។  ឯកឧត្តមបានលើកទឹកចិត្តនិងគំាទ្រដល់ក្រុង Jiayang ធ្វើកិច្ចសហប្រតិបត្តិការគ្នាជាមួយកម្ពុជាលើវិស័យទេសចរណ៍ និងវប្បធម៌ ជាដើម។ ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានអញ្ជើញឯកឧត្តម LI Shuihua អគ្គលេខាធិការមជ្ឈិមបក្សក្រុង Jiayang និងសហការី មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្របណាមួយផងដែរ ។

តាមការលើកឡើងរបស់ឯកឧត្តម LI Shuihua អគ្គលេ​ខាធិការមជ្ឈិមបក្សក្រុង Jiayang ថា ជាទីក្រុងប្រវត្តិសាស្រ្តមួយរបស់ចិន ដែលប្រជាជនចិនធ្លាប់ស្ថិតនៅក្រោមអាណានិគម​ជប៉ុន ហើយបានក្រោកតស៊ូរហូតទទួលបានជោគជ័យ។​ បច្ចុប្បន្នទីក្រុងនេះកំពុងទទួលបានការអភិវឌ្ឍនិងទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាយ៉ាងច្រើន ហើយក្នុងអនាគតដ៏ខ្លីខាងមុខនេះក្រុងJiayang នឹងទទួលបានកាអភិវឌ្ឍដូចហុងកុង ម៉ាកាវ និងក្រុងគ័ងចូវផងដែរ។

តាមព័ត៌មានរបស់នាយកដ្ឋានព័ត៌មាន​នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ បានធ្វើទស្សនកិច្ចនៅទីក្រុង Jiayang  ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ៕

ដោយប៉ាល់ សុង