ភ្ញៀវទេសចរបរទេសធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ -តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នាវាទេសចរណ៍មួយគ្រឿង មានឈ្មោះ SEVEN  SEASMARINER បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ មុននឹងធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ។

នាវាទេសចរណ៍ SEVEN  SEASMARINER មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ២១៧ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៨០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ២៨សញ្ជាតិ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅយប់ថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា SEVEN  SEASMARINER  មានជាង ១.០០០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសសរុបចំនួន ៦៥៩នាក់ ស្រី ៣៥១នាក់ មាន ២៨សញ្ជាតិ និងមាន​នាវិកសរុបចំនួន ៤៥៦នាក់ ស្រី ១១០នាក់ មាន ៤២សញ្ជាតិ ។ ក្នុងចំណោមភ្ញៀវទេសចរ ដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា USA ចំនួន ៣៩៤នាក់ British ចំនួន ១០២នាក់ និងក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។

ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋានក្នុងខេត្តព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់នេសាទ (ទំនប់រលក) សង្កាត់លេខ១ និងតាមតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ។

សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏មាននាវាទេសចរណ៍បរទេសពីរគ្រឿង បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសសសន៍ចូលចត ធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ ៕

ដោយ ងូ សុមុនី