រដ្ឋបាលខេត្តកំពង់ឆ្នាំងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ អនុវត្តន៍សម្រាប់ឆ្នាំ២០១៩

AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ -រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩ របស់ខ្លួន បន្ទាប់ពីបានដំណើរការពិភាក្សាយ៉ាងផុលផុសអស់រយៈពេលពេញ១ថ្ងៃ កាលពីថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា រយៈពេល១ថ្ងៃមកនេះ អង្គសន្និបាតបានចូលរួមធ្វើការពិភាក្សានូវរាល់ចំណុចខ្លាំង ចំណុចខ្សោយ និង បញ្ហាប្រឈមនានា ដែលរដ្ឋបាល អាជ្ញាធរ មន្ទីរជំនាញបានអនុវត្តន៍នៅឆ្នាំ២០១៨កន្លងមក និងបានដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍ ដើមី្បឆ្លើយតបទៅនឹងតម្រូវការ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋាន រឹងមាំសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ និង សហវិមជ្ឈការ ។

មានប្រសាន៍ក្នុងពិធីបិទសន្និបាតឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្តែងនូវការកោតសរសើរ និង ធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត ។ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារក្នុងឆ្នាំកន្លងមក ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និង ការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្ត ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការអភិវឌ្ឍកម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ។ ដោយផ្អែកលើមូលដ្ឋានលទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត សម្រេចបានក្នុងឆ្នាំ២០១៨កន្លងមក។ ក្នុងឆ្នាំ២០១៩នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការក្រើនរម្លឹក ដល់មន្ត្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់អង្គសន្និបាត ត្រូវយកចិត្តទុកដាក់លើកកម្ពស់លើកការងារសន្តិសុខ សុវត្ថិភាព និងជំរុញបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទប់ស្កាត់ និង បង្ក្រាបឱ្យបានទាន់ពេលវេលានូវបទល្មើសនានា សំខាន់បញ្ហាចរាចរគ្រឿងញៀន ព្រមទាំងខិតខំបន្តដោះស្រាយបញ្ហានានា ដែលនៅសេសសល់ឆ្នាំចាស់ឱ្យមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយវេទិកាសាធារណៈ នៅតាមមូលដ្ឋាន និង ការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ ៕

ដោយ សោម ឫទ្ធី