ធនាគារជាតិនៃកម្ពុជាជំរុញដល់អាជ្ញាធរពាក់ព័ន្ធសហការគ្នាចាត់វិធានការចំពោះសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលមិនមានច្បាប់ត្រឹមត្រូវ

AKP ព្រៃវែង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធបន្តចូលរួមសហការគ្នាដើម្បីអនុវត្តន៍ច្បាប់ និងចាត់វិធានការចំពោះសមាគម អង្គការមិនមែនរដ្ឋាភិបាល ជនខិល ខូច និងអ្នករកស៊ីខ្ចីចងការ ប្រាក់ ដែលមិនមានច្បាប់អនុវត្តន៍ត្រឹមត្រូវ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្ដព្រៃវែង លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យធនា​គារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ដើម្បីដោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ គ្រប់​ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមជួយផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹង អំពីប្រភព ស្របច្បាប់នៃការខ្ចីប្រាក់ ការប្រើប្រាស់ប្រាក់កម្ចីឱ្យចំគោលដៅ និងការគោរពតាម កាតព្វកិច្ច សងប្រាក់កម្ចី។ ទន្ទឹមនេះ ត្រូវទប់ស្កាត់ប្រជាពលរដ្ឋកុំឱ្យចាញ់បោកការឃោសនា របស់ជន ខិលខូចដែលបានកំពុងធ្វើសកម្មភាពផ្ដល់សេវាប្រាក់កម្ចីដោយពុំមានច្បាប់អនុញ្ញាត ត្រឹមត្រូវ។ លោកបានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តតាមដានឱ្យបានច្បាស់លាស់​និងពិនិត្យ ឱ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ជាពិសេស​សម្រាប់​យកទៅស្នើសុំប្រាក់ខ្ចី ហើយបើអាចធ្វើបានគួរតែបញ្ឈប់ការចេញលិខិត បញ្ជាក់​កម្មសិទ្ធិដីធ្លីច្រើនសន្ធឹក ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងការខ្ចីប្រាក់។ ជាពិសេស បើមានបញ្ហាអ្វីមួយសូមផ្ដល់ព័ត៌មានដល់សាខាធនាគារជាតិនៃកម្ពុជាចំពោះការប្រព្រឹត្តល្មើស របស់គ្រឹះស្ថានទាំងនោះផង។

ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ន ការរីកចម្រើនរបស់គ្រឹះស្ថានមីក្រូហិរញ្ញ និង​គ្រឹះស្ថាន​ឥណទានជនបទនេះ អាចឆ្លុះបញ្ចាំងតាមរយៈកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផល​សម្រេច​បានកន្លងមក ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រួតពិនិត្យផ្ទាល់ពីធនា គារ​ជាតិនៃកម្ពុជា។ លោកបានបន្តថា ទន្ទឹមនឹងការរីកចម្រើននេះ ក៏មានបញ្ហាប្រឈម​និង​បញ្ហា​ចម្បងៗ មួយចំនួនផងដែរ ក្នុងនោះមានដូចជា អត្រាការប្រាក់ខ្ពស់ ដែលឆ្លៀតឱកាស កេងចំណេញ និងបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈការយកការប្រាក់ខ្ពស់ពីការផ្ដល់ឥណ ទាន និងមានអង្គការខ្លះបើកសេវាជ្រកក្រោមស្លាកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលតាមពិត សកម្មភាពរបស់ ពួកគេទាំងនោះ គឺធ្វើឡើងដោយពុំមានច្បាប់អនុញ្ញាតនោះទេ។ ជាមួយគ្នា នេះ ក៏មានករណីផ្សេងៗទៀតដូចជាបំណុលវ័ណ្ឌក ករណីនេះកើនឡើងក្នុងរូបភាព អតិថិជន មានបំណុល ចំនួនច្រើន និងទទួលបានពីច្រើនកន្លែង ប៉ុន្តែសមត្ថភាពសងរបស់គាត់​មាន កម្រិត ដោយសារ មូលហេតុដូចជា ការប្រើប្រាស់ឥណទាន ខុសគោលដៅ ការមិនមាន​ផែន ការចំណូល ចំណាយច្បាស់លាស់ ការខ្ចីពីគ្រឹះស្ថានក្រៅប្រព័ន្ធ ដែលមានការប្រាក់​ខ្ពស់ ជាដើម។

លោក យុន សុវណ្ណា នាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិត មកត្រឹមដំណាច់ឆ្នាំ២១០៨កន្លមមកនេះ ប្រជាពលរដ្ឋប្រមាណជិត២លានគ្រួសារបានទទួល សេវាហិរញ្ញវត្ដុពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានដូចជា សេវាកម្ចី សេវាសន្សំ សេវាផ្ទេរប្រាក់ និង​ទូទាត់ជាដើម។ ជាក់ស្ដែងវិស័យនេះ បានផ្ដល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋជាង ៥.៥០០លាន ដុល្លារសហរដ្ឋអាមេរិក ទទួលប្រាក់សន្សំច្រើនជាង២.០០០លានដុល្លារ តាមការិយាល័យ តំណាងជិត១.៤០០កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ៣០.០០០នាក់ នៅ ទូទាំងប្រទេស២៥រាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តែមថា សមិទ្ធផល​ដ៏ថ្លៃថ្លាដែលយើងទទួលបានកន្លងមកនេះ ក៏ដោយសារមានការសហការយ៉ាងល្អ​ពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ជាពិសេសគឺការគាំទ្ររបស់រាជរដ្ឋាភិបាលដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពសង្គម ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងតាមរយៈ​ក្រសួងពាក់ព័ន្ធនានា ជាពិសេសធនាគារជាតិនៃកម្ពុជា។ ទន្ទឹមនេះ ក៏មានការចូលរួមពី​វិនិយោគិន និងម្ចាស់ឥណទានដែលបានផ្ដល់ទុនហិរញ្ញរប្បទាន និងជំនួយគាំទ្របច្ចេកទេស ក៏ដូចជាការគាំទ្រនិងតម្រូការផ្ទាល់ពីអតិថជន និងបងប្អូនកម្ពុជាផ្ទាល់។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រវត្តិនៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញ​វត្ថុនៅកម្ពុជា ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា សេវាកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ បញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និង ដំណោះ ស្រាយ ព្រមទាំងសំណូមពរចំពោះអាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអតិថិជនជូនដល់អនុភូមិ មេភូមិ ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុកស្វាយអន្ទរ ខេត្ត ព្រែវែង៕

ដោយ អ៊ុន រិទ្ធី