សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គលេខា​ធិការនៃគណៈកម្មាធិកា​រមជ្ឈិម​បក្ស​កុម្មុ​យនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គម និយមវៀតណាម នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ក្នុងឱកាស ដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណា ចក្រកម្ពុជា។ 

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយក្រៃលែង និងស្វាគមន៍ដ៏កក់ក្តៅ បំផុតចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀង ហ៊្វូជុង នាឱកាសនេះ គឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលបាននាំមកនូវផលប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេល​បច្ចុប្បន្ន ក៏ដូចនាពេលអនាគត។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម  ង្វៀង ហ៊្វូជុង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ របស់ឯកឧត្តមនាពេលនេះ គឺដើម្បីពង្រឹងថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ​​ប្រតិបត្តិរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ច្រើនថែមទៀត។ ប្រទេសទាំងពីរមានទំនាក់ទំងជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះមានការរីកចម្រើនលើគ្រប់វិស័យ ទាំងអង្គការនីតិប្បញ្ញត្តិ និងអង្គការនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។

ឯកឧត្តម  ង្វៀង ហ៊្វូជុង បានមានប្រសាសន៍ថា ព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម តែងតែមានការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍ការងាររវាងស្ថាប័នទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែង អំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងពីប្រជាជន ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជនវៀតណាម។

នៅក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរ គុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម  ង្វៀង ហ៊្វូជុង ដែលបានថ្លែងសរសើរ អំពីទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយបានចាត់ទុកលទ្ធផល នៃកិច្ចសហប្រតិបត្តិការនោះ គឺជាមូលដ្ឋានគ្រឹះរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេបច្ចុប្បន្ន និងតទៅអនាគត។

ឯកឧត្តម  ង្វៀង ហ៊្វូជុង បានថ្លែងអំណរគុណ និងឯកភាពទាំងស្រុងចំពោះប្រសាសន៍ ដ៏មានតម្លៃរបស់សម្តេចប្រធានព្រឹទ្ធសភា ដែលបានលើកឡើងអំពីទំនាក់ទំនងប្រកបដោយ ផ្លែផ្ការវាងប្រទេសទាំងពីរ ហើយនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុង ការអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើរាល់អ្វីៗដែលប្រទេសទាំងពីរបាន ចុះកិច្ចព្រមព្រៀងជាមួយគ្នា។

ឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរស្ថិតក្នុងស្មារតីភូមិផង របងល្អប្រពៃជាមួយគ្នា និងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូអង្វែង។ ប្រទេសវៀតណាមមិនអាចបំភ្លេចបានទេនូវការជួយឧបត្ថម្ភគាំទ្រ ដ៏ធំធេងរបស់ប្រទេស និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុតស៊ូ កៀកស្មាគ្នាប្រឆាំងពួកអាណានិគមនិយម ដើម្បីបុព្វហេតុឯករាជ្យជាតិពីមុនមក និងបុព្វហេតុកសាងប្រទេសជាតិនាពេលបច្ចុប្បន្ននេះ៕

ដោយ ប៉ាល់ សុង