គណៈកម្មាធិកាប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកំពង់ធំ រៀបចំសិក្ខាសាលាបូកសរុបលទ្ធផល ការងារឆ្លើយតបពហុវិស័យ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩

AKP កំពង់ធំ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណៈកម្មាធិកាប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តបានរៀបចំធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្លើយតបពហុវិស័យការរីករាលដាលដោយមេរោគអេដស៍ជំងឺអេដស៍ឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំនិងជាប្រធាន គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ធនៅតាមមន្ទីរអង្គភាពនានាជុំវិញខេត្តនិងអង្គការដៃគូមួយចំនួនទៀត។

លោក ប្រាក់ សារ៉ាត់ បានសំណូមពរដល់មន្ត្រីនៅតាមមន្ទីរអង្គភាព ពិសេសមន្ត្រី ឃុំសង្កាត់ ក្រុង ស្រុកត្រូវរៀបចំគម្រោងថវិកាខ្លួនឯងដែលមាន ដើម្បីដំណើរការការងារ អេដស៍នេះឱ្យទទួលបានជោគជ័យតាមគោលការកំណត់របស់រាជរដ្ឋាភិបាល។ អង្គសិក្ខា សាលាបានពិនិត្យមើលរបាយការណ៍ឆ្នាំ២០១៨ ព្រមទាំងផ្តល់មតិយោបល់កែតម្រូវខ្លឹមសារ របាយការណ៍និងលើកទិសដៅការងារឆ្នាំ២០១៩។ លោក ប្រាក់ សារ៉ាត់ បានវាយតម្លៃខ្ពស់ ពីលទ្ធផលបានចូលរួមជាលក្ខណៈពហុវិស័យពេញ១ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលគួរ ជាទីមោទនៈទោះបីមានចំណុចខ្វះខាតមួយចំនួនក៏ប៉ុន្តែជារួមយើងបានដំណើរការល្អ។

លោក ប្រាក់ សារ៉ាត់ បានបញ្ជាក់ថា យើងបានដឹងពីស្ថានភាពមេរោគអេដស៍នៅ ក្នុងខេត្តកំពង់ធំ ហាក់ដូចជាមិនមានការរាលដាលដូចគ្រឿងញៀននោះទេដោយ ប្រជាពលរដ្ឋ យើង មានការយល់ដឹងពីការឆ្លងនៃមេរោគអេដស៍នេះផ្គួបផ្សំនិងការខិតខំ របស់មន្ត្រីយើងគ្រប់ លំដាប់ថ្នាក់និងបានរំលេចឱ្យឃើញពីការលំបាកមួយចំនួន ដូចជាមន្ត្រីបម្រើការនៅតាម ក្លឹបកម្សាន្តនានាការយល់ដឹងនៅមានកម្រិត ការចូលរួមសហការពីម្ចាស់អាជីវកម្ម ឬអាជ្ញាធរយើងនៅមានកម្រិតផងដែរ៕

ដោយ ស៊ុម វណ្ណា