លោកជំទាវ ទាង អេង ទៀ សីហា ជំរុញឱ្យគ្រូពេទ្យនៅមណ្ឌលសុខភាព ផ្តល់សេវាសម្រាលកូនឱ្យកាន់តែមានប្រសិទ្ធភាព

AKP សៀមរាប ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មការ សាខាកាកបាទក្រហមខេត្តសៀមរាប​ បានចុះទៅសួរសុខទុក្ខបងប្អូនស្ត្រីដែលទើប​សម្រាល កូន​នៅតាមមណ្ឌលសុខភាពមួយចំនួននៅស្រុកពួក ខេត្តសៀមរាប  ក្នុងគោលបំណង លើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ។

នៅក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា បានមានប្រសាសន៍ កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ដែលកន្លងមកក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់។ លោកជំទាវ បានជំរុញឱ្យក្រុមគ្រូពេទ្យទាំងអស់នៅតាមមណ្ឌលសុខភាព ជាពិសេសនៅតាមមណ្ឌល សុខភាពនៃតំបន់ជនបទដាច់ស្រយាលត្រូវបង្កើនការផ្តល់សេវាសម្រាលកូននៅ ក្នុងមណ្ឌល សុខភាពឱ្យកាន់តែមានប្រសិទ្ធភាព ធានាបានសុវត្ថិភាពខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានទំនុកចិត្ត ជឿជាក់លើសេវាសុខាភិបាលជាតិ។

ជាមួយគ្នានេះលោកជំទាវ បានណែនាំឱ្យបងប្អូនស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវអញ្ជើញ ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលំនៅឋានរបស់ខ្លួនទៅតាមការកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំឱ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាព ក្រោយពេលការសម្រាលកូនទាំងមាតា និងទារក ត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង១១មុខ ទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យ។

នៅក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកជំទាវបាននាំយកអំណោយមនុស្សធម៌ ផ្ដល់បងប្អូនស្ត្រី ទើបនឹងសម្រាលកូនរួចចំនួន ៥៩នាក់ ក្នុងមណ្ឌលសុខភាពព្រៃជ្រូក ៣៤នាក់ មណ្ឌលសុខភាពសសរស្តម្ភ ២៥នាក់ ក្នុងម្នាក់ៗទទួលបាន  មុង១, ភួយ១, សារុង១, ក្រមា១, មី១កេស, ត្រីខ១យួរ, ទឹកដោះគោ០៣កំប៉ុង, ស្ករស០១គីឡូ, សាប៊ូក្រអូប ៣ដុំ និងថវិកាចំនួន ៥ ម៉ឺនរៀលផងដែរ៕

ដោយ ឃុត សៅ