រដ្ឋមន្រ្តីក្រសួងវប្បធម៌អះអាងថា រមណីយដ្ឋាន​អង្គរបាន​កំពុងឈរលំដាប់កំពូល លើពិភពលោក ទាំងគោលដៅទេសចរណ៍កិច្ចការអភិរក្ស និងស្រាវជ្រាវ

AKP សៀមរាប ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋមន្រ្តី​ក្រសួងវប្បធម៌អំពាវនាវ​ឱ្យមន្រ្តី​ជំនាញ​ពាក់ព័ន្ធ រួម​ជា​មួយប្រជាពលរដ្ឋរួមគ្នា ថែរក្សាការពារអង្គរឱ្យបាន​កាន់តែល្អ​ប្រសើរបន្ថែម​ទៀត ខណៈដែលបច្ចុប្បន្ននេះ​រមណីយ ដ្ឋាន​អង្គរបាន​កំពុងឈរលំដាប់កំពូលលើពិភពលោក ទាំងគោលដៅទេសចរណ៍កិច្ចការ អភិរក្ស និងស្រាវជ្រាវ។ ថ្លែងនៅ​ក្នុង​ពិធី​ប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ឯក​ឧត្តម ហង្ស ពៅ ជា​អគ្គនាយកអាជ្ញាធរជាតិ​អប្សរាជំនួសឯក​ឧត្តម ស៊ុំ ម៉ាប ដែលត្រូវឡើង​ទៅជា​រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃទី​២៦ ​ខែកុម្ភៈ ​ឆ្នាំ២០១៩នេះ លោកជំទាវ​ ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈបាន​មាន​ប្រសាសន៍ថា រមណីយដ្ឋាន​អង្គរបាន​កំពុងតែឈរនៅ​លំដាប់ថ្នាក់​កំពូល​លើពិភពលោក ទាំងគោលដៅ ទេសចរណ៍ និងកិច្ចការអភិរក្ស ស្រាវ​ជ្រាវ បណ្តុះបណ្តាលធនធានមនុស្សក្នុង​វិស័យ បេតិកភណ្ឌ។ ត្រូវបាន​គេមើលឃើញថា ការងារអភិរក្ស ស្រាវជ្រាវ របស់កម្ពុជា កំពុងតែ ឈានមុខក្នុងចំណោមបណ្តាប្រទេស​អាស៊ីអាគ្នេយ៍ ហើយរមណីយដ្ឋាន​អង្គរ ក៏បាន​ក្លាយជា ទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់អង្គរការយូណេស្កូ សម្រាប់កិច្ចការអភិរក្ស ជួសជុល និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះផងដែរ។

លោកជំទាវបានបន្តថា ក្រសួងវប្បធម៌បានកំពុងតែបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹង វប្បធម៌ ដោយធ្វើអ្វីមិនឱ្យមានការគំរាមកំហែងដល់រមណីយដ្ឋានអង្គរនិងប្រាង្គ ប្រាសាទ ផ្សេងៗទេ និងបន្តធ្វើការសិក្សា ស្រាវជ្រាវ និងស្នើដាក់តំបន់ប្រាង្គប្រាសាទ ទីក្រុង និងសម្បត្តិ វប្បធម៌អរូបីដែលមានតម្លៃលេចធ្លោជាសាកល បញ្ចូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភព លោក។លោកជំទាវរដ្ឋមន្រ្តី​បានអំពាវនាវ​ឱ្យមន្រ្តី​ជំនាញ​ពាក់ព័ន្ធ រួម​ជា​មួយប្រជាពលរដ្ឋ រួមគ្នា ថែរក្សាការពារអង្គរ ឱ្យបាន​កាន់តែល្អ​ប្រសើរបន្ថែម​ទៀត ខណៈដែលបច្ចុប្បន្ននេះ​រមណីយដ្ឋាន​អង្គរបាន​កំពុងឈរលំដាប់កំពូលលើពិភពលោកទាំង គោលដៅទេសចរណ៍ កិច្ចការអភិរក្ស និងស្រាវជ្រាវ។

លោកជំទាវបានបញ្ជាក់ ការងារអភិរក្ស ស្រាវជា្រវ ថែរក្សាការពារសម្បត្តិបេតិក ភណ្ឌនេះមិនងាយស្រួលនោះទេ ដូច្នេះកូនខ្មែរទាំងអស់ត្រូវចេះជួយ ចេះឈឺឆ្អាល ថែរក្សា ការពារអង្គររបស់យើងឱ្យបានល្អ ខណៈដែលបច្ចុប្បន្ននេះមាន​ជនជាតិបរទេសមួយចំនួន ដែលគេមិនមែនជាខ្មែរផង គេបាន​មកចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការងារ ជួសជុលប្រាសាទ អភិរក្ស ថែរក្សាអង្គរ។

លោកជំទាវ ភឿង សកុណា បានជំរុញឱ្យឯក​ឧត្តម ហង្ស ពៅ ដែលទើបតែងតាំងជាអគ្គនាយកអាជ្ញាធរជាតិអប្សរាថ្មីត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំការអភិរក្សនិងអភិវឌ្ឍនៅក្នុងរមណីយដ្ឋានអង្គរនេះឱ្យបានកាន់តែល្អ សំដៅធ្វើយ៉ាងណាថែរក្សាឱ្យបាននូវតម្លៃរបស់រមណីយដ្ឋានអង្គរ អត្តសញ្ញាណជាតិ ទាក់ទាញបាននូវភ្ញៀទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរបានកាន់តែច្រើន​ ជាពិសេសបន្តលើការងារសិក្សាស្រាវ ជ្រាវចងក្រងឯកសារ សម្រាបធ្វើការអភិរក្សបេតិកភណ្ឌរបស់យើងឱ្យកាន់តែល្អបន្ថែមទៀត។

ឯកឧត្តម ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាដែលទើបតែងតាំងថ្មីបានប្តេជ្ញាថា និងខិតខំដឹកនាំធ្វើការ ការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបុរាណវិទ្យាវប្បធម៌ បរិស្ថាន និងប្រវត្តិសាស្រ្តនៃរមណីយដ្ឋានអង្គរ ព្រមទាំងរមណីយដ្ឋានផ្សេងៗទៀត ដែល​ស្ថិតក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាសិក្សាស្រាវជ្រាវ រៀបចំ គ្រប់គ្រងប្រកប​ដោយ​ចីរភាព នូវធនធានធម្មជាតិ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍ និងតុល្យភាពបរិស្ថាន ទឹក ព្រៃឈើ ព្រមទាំង​គុណភាពដីផងដែរ៕

ដោយ ឃុត សៅ