ប្រមុខដឹកនាំកម្ពុជា-វៀតណាម ស្វាគមន៍ និងអបអរសាទរជំនួបកំពូលមេដឹកនាំ កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ក្នុងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​​ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គលេខា​ធិការនៃគណៈកម្មាធិកា​រមជ្ឈិម​បក្ស​កុម្មុ​យនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងនូវការ​ស្វាគម​ន៍​ និងអបអរសាទរ ចំពោះជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងជើង ឯកឧត្តម គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅក្នុង​ប្រទេសវៀត​ណា​ម​នោះ។ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​ថ្លែងដូច្នេះប្រាប់​អ្ន​ក​យកព័ត៌មាន ក្រោយជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀង ហ៊្វូ​ជុង នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដម ដឹក​នាំ​គ​ណៈ​​ប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ​ព្រះ​រាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះដែរ ឯកឧត្ដម Nguyen Phu Trong បាន​មាន​ប្រ​សា​សន៍ថា នេះគឺជា លើកទី១ហើយ ដែលឯកឧត្តម​បានមកបំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​នៅព្រះរា​ជា​ណា​​​ចក្រកម្ពុជា ក្នុងឋានៈជាអគ្គលេខាធិការមជ្ឈិមបក្ស និងជាប្រធានរដ្ឋរបស់វៀតណាម​ ហើ​យដំណើរ ទស្សនកិច្ចនេះ ស្របពេលជាមួយនឹងឆ្នាំថ្មីទើបឈានកន្លងផុតទៅជាមួយ​នឹងខួប​ទី​៤០​​ឆ្នាំនៃ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ប្រទេសកម្ពុជា ហើយក្នុង​ដំ​ណើ​រ​​​​ទស្សនកិច្ចនេះ​ ឯកឧត្តមមានបំណងពង្រីក និងពង្រឹងនូវកិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំង​​ពីរដែលមានស្រាប់ ហើយក៏ដើម្បីពិនិត្យមើលឡើងវិញនូវរាល់អ្វីដែល​​បានព្រម​ព្រៀង​កន្ល​ង​ផងដែរ ដែលឈរលើមូលដ្ឋាននេះ ដើម្បីដាក់ទិសដៅសម្រាប់ការអភិវឌ្ឍ​ទំនាក់ទំនង​នៃ​ប្រ​ទេ​​សទាំងពីរ។

ឯកឧត្តមក៏បានមានប្រសាសន៍ផងដែរថា ក្នុងដំណើរទស្សនកិច្ច​មកកាន់​ប្រ​ទេ​ស​កម្ពុជានា​ពេលនេះ ឯកឧត្តម បានសង្កេតឃើញថាព្រះរាជាណាចក្រកម្ពុជា​គឺទទួលបាន​ជោ​គ​​​ជ័យ​លើវិស័យជាច្រើន រួមមានការអភិវឌ្ឍន៍ខាងហេដ្ឋារចនាសម្ព័ន្ធ សំណង់ សេដ្ឋកិច្ចកម្ពុជា​គឺមាន​​កំណើន​កើនឡើងជាង៧ភាគរយ ហើយស្ថានភាពនៅកម្ពុជាគឺមានស្ថិរភាព និងទំនាក់ ទំនង​ការ​​ទូតរបស់កម្ពុជា ក៏មានការបើកទៅក្រៅជាមួយបណ្តាប្រទេសនានា ជាលំដាប់ ផងដែរ។ ក្នុ​ង​ន័យនេះ ឯ​ក​​ឧត្ត​ម ក៏សូមសម្ដែងនូវការអបអរសាទរចំពោះជោគជ័យ​ដែលកម្ពុជា​ទទួលបាន​លើគ្រប់វិស័យកន្លងមកនេះ។ ឯកឧត្តម ក៏បានមានប្រសាសន៍ផងដែរថា ឯកឧត្តម បានចូល​គា​ល់​​​ព្រះករុណា​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះអគ្គមហា សង្ឃរាជ​ផង​ដែ​រ ហើយឯកឧត្ដមពិតជាមានកិត្តិយសណាស់​ដែលត្រូវបានទទួលបដិសណ្ឋារ កិច្ច​ដោយកក់​ក្តៅ​​ជាទីបំផុត។

ជាការឆ្លើយតប សម្ដេចតេជោ​ នាយករដ្ឋមន្ត្រីបានឯកភាពទៅលើអ្វីដែលឯកឧត្តម Ng​u​yen Phu Trong បានលើកឡើង ហើយសម្តេចបានមានប្រសាសន៍ថា កម្ពុជាទទួលបាន​ការ​អភិវឌ្ឍរហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការចូលរួមរបស់ កងទ័ព ប្រជាជន បក្ស និងរដ្ឋាភិបាលវៀតណាមឡើយ ហើយសម្ដេចក៏បានឯកភាពផងដែរថា ឈរលើមូល​ដ្ឋា​ន​​​លើទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការកន្លងមក គឺធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងនេះ​កា​ន់​​តែរីកចម្រើនឡើងថែមទៀត តាមរយៈស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិ​បា​ល​វៀតណាម ដោយធ្វើការឱ្យកាន់តែសកម្មឡើងបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋ មន្ត្រី​ក៏​បានសម្ដែងនូវការអបអរសាទរចំពោះវៀតណាម ដែលបាននឹងកំពុងទទួលការស្វាគមន៍ រៀប​ចំ​​​​នូវជំនួបកំពូល រវាងមេដឹកនាំសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងប្រធានាធិបតី​កូ​រ៉េ​ខា​​ង​​ជើង ឯកឧត្តម គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសវៀតណាមផងដែរ៕

ដោយ ជឹម ណារី