ឯកឧត្តម វ៉ា ឈូដា បន្តដឹកនាំជាប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អាណត្តិទី៥ ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — សហព័ន្ធកីឡាវូស៊ូកម្ពុជាបានរៀបចំពិធីអបអរសាទរដល់ខួប អនុស្សាវវីយ៍លើកទី១៩ឆ្នាំ ការ បង្កើតសហព័ន្ធកីឡាវូស៊ូកម្ពុជា និងបានធ្វើសន្និបាតវិសាមញ្ញមួយ កាលពីថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយជ្រើសរើសបានសមាជិកប្រតិបត្តិ ដែលជាក្បាលម៉ាស៊ីនដឹកនាំចំនួន២១រូប ក្នុង នោះឯកឧត្តម វ៉ា ឈូដា បានបន្តដឹកនាំជា ប្រធានសហព័ន្ធ និងលោក ម៉ៅ ចន្ថាវុធ ជាអគ្គលេខាធិការ សម្រាប់ អាណត្តិទី៥ ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជាបានឱ្យដឹងថា ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមពីសមាជិកនៃក្លិបទាំង១៦ និងធ្វើជាសាក្សីពី ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ លោកបានបន្ដថា ការ ជួបជុំនេះបានឈរលើស្មារតីសាមគ្គីភាពជាធ្លុងមួយ និងបានដោះស្រាយលើបញ្ហាមួយ ចំនួន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាវូស៊ូឱ្យកាន់តែរីកចម្រើន និងឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ លោកអគ្គលេខាធិការរូបនេះអះអាងថា ការ អភិវឌ្ឍរបស់ សហព័ន្ធវូស៊ូ តែងតែទទួលបានការគាំទ្រពីក្រសួងអប់រំយ៉ាងខ្លាំង ជាមួយនឹងការ ខិតខំយ៉ាង ខ្លាំងផងដែរពីសហព័ន្ធខ្លួនឯង ដែលជ្រើសបាននូវកីឡាករ កីឡាការិនីជម្រើស ជាតិប្រកប ដោយគុណភាពល្អៗនាពេលកន្លងមក និងធ្លាប់បានចូលរួមប្រជែងមេដាយ ពីព្រឹត្តិការណ៍ ប្រកួតអន្តរជាតិនានាជាបន្តបន្ទាប់។ ជាមួយគ្នានេះ សហព័ន្ធបានបណ្តុះ បណ្តាលគ្រូបង្វឹកជាច្រើនវគ្គ និងកីឡាករ កីឡាការិនីថ្នាលសម្រាប់ត្រៀមបន្តប្រជែង មេដាយ លើឆាកអន្តរជាតិ ជាពិសេសគឺត្រៀមខ្លួនឱ្យល្អប្រសើរ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈ ជាម្ចាស់ផ្ទះ ផងដែរ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា អស់រយៈពេល១៩ឆ្នាំមក​ហើយ ដែលស្ថាបនិកសំខាន់ៗដែលបានរៀបចំបង្កើតប្រភេទកីឡា វូស៊ូ មានប្រភពដើមមក ពីប្រទេសចិនជាមួយនឹងការខិតខំអស់ ពីកម្លាំងកាយចិត្តអភិវឌ្ឍន៍ វិស័យកីឡាមួយនេះ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនាមក្រសួងអប់រំ ឯកឧត្តមសូម វាយតម្លៃខ្ពស់ និងការកោត សរសើរជូនចំពោះលោកគ្រូធំ គីម ជិនគ្វន់ ដែលបាននំាចូល ប្រភេទកីឡាវូស៊ូ ចូលមកកម្ពុជា និងខិតខំផ្សព្វផ្សាយឱ្យកីឡានេះមានសកម្មភាពផុសផុល។ ឯកឧត្តមបានស្នើឱ្យគ្រប់សមាស ភាពពាក់ព័ន្ធសហព័ន្ធ ក៏ដូចជាក្លិបគប្បីត្រូវរួមគ្នាកសាង សមត្ថ​ភាពអត្តពលិក និងរួមគ្នា​អភិវឌ្ឍន៍កីឡាវូស៊ូឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្តទៀត ជាពិសេសគឺការត្រៀមខ្លួនទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង៕

ដោយ ហេង ណាលីន