បើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រភេទកីឡាកីឡាថ្មីមួយ គឺកីឡាប្រយុទ្ធដៃបានចាប់ផ្តើមដំណើរការលើកដំបូងនៅកម្ពុជា តាម រយៈការបង្កើតឱ្យមានសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជាជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងឱកាស​បើក​សម្ពោធសហ ព័ន្ធថ្មីនេះជាមួយនឹងការប្រកាសឱ្យដឹងជាសាធារណៈ។

សហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជាត្រូវបានបង្កើតឡើងដោយស្ថាបនិកសំខាន់ៗរបស់កម្ពុជា ដោយបានរៀបចំក្បាលម៉ាស៊ីនដឹកនាំចំនួន១០រូប ក្នុងនោះឯកឧត្តម មាស សារិន ជា​ប្រធាន​សហព័ន្ធ,  លោក ខៀវ ចាន់រ៉ា អនុប្រធាន, លោកជំទាវ លឹម ម៉ារីណា អនុប្រធាន, លោក សាមួន ដន អនុប្រធាន, លោក អ៊ឹម បញ្ញាវុធ អនុប្រធាន, លោក ប្រាក់ សុជាតិ អគ្គលេខាធិការ, លោក សួស សីហា អគ្គលេខាធិការរង, កញ្ញា មាស តឿ អគ្គលេខាធិការរង, លោក គង់ សុភាព អគ្គហិរញ្ញឹក និងកញ្ញា មាស ស្រីភាស់ អគ្គហិរញ្ញឹករង។

ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជាមានប្រសាសន៍ថា ប្រភេទ​កីឡា​ណាក៏ដោយក៏បង្កើនដល់សុខភាពល្អ កម្លាំងថាមពលរឹងមាំដែរ ដូច្នេះឯកឧត្តម ស្នើឱ្យកីឡាករ កីឡាការិនីនានាត្រូវ ខិតខំរួមគ្នាកសាងវិស័យកីឡាថ្មីមួយនេះ សម្រាប់កម្ពុជា ឱ្យ​មានការរីកចម្រើន នាថ្ងៃអនាគត ពីព្រោះថា កីឡាកសាងមនុស្ស កសាងមនុស្សខ្លាំងពូកែ មនុស្សកសាងជាតិ ហើយកីឡាអភិវឌ្ឍន៍សង្គម។ ឯកឧត្តមអះអាងថា នៅប៉ុន្មានថ្ងៃខាង មុខនេះ សហព័ន្ធនឹងរៀបចំឯកសារដាក់ជូនទៅសហព័ន្ធពិភពលោក ហើយឯកឧត្តមស្នើឱ្យ គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ជួយជ្រោមជ្រែងលើកទឹកចិត្តដល់សកម្មភាពសហព័ន្ធថ្មីនេះ ដើម្បីស្នើដាក់ចូលរួមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នំា២០២៣ខាងមុខ។

ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បាន សម្តែងនូវការគាំទ្រចំពោះប្រភេទកីឡាថ្មីមួយនេះនៅកម្ពុជា ក៏ដូចជាជួយជ្រោមជ្រែង និង លើកទឹកចិត្តឱ្យមានប្រភេទកីឡាកាន់តែសម្បូរបែប។ ឯកឧត្តមបានបញ្ជាក់ថា នេះជាប្រភេទ កីឡារបស់សង្គមរបស់មនុស្សជាតិ ដែលមនុស្សជាតិនានានិយមលេងល្បងកម្លាំងគ្នា ដូច្នេះ អូឡាំពិកកម្ពុជាតែងតែ គាំទ្រជានិច្ចដល់សកម្មភាពដល់ប្រភេទកីឡាប្រពៃណី កីឡាទំនើប នានា ដែលតែងតែកកើត នៅសម័យកាលបច្ចុប្បន្ននេះ៕

ដោយ ហេង ណាលីន