ស្នងការនគរបាលខេត្តតាកែវប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ

AKP តាកែវ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការនគរបាលខេត្តតាកែវ មានរៀបចំប្រារព្ធទិវាបង្ការនិងពន្លត់អគ្គិភ័យក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ព្រមទាំងមន្ត្រីនគរបាលយ៉ាងច្រើនរូបទៀត។

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ សុខ សំណាង មានប្រសាសន៍ណែនាំដល់មន្ត្រីនគរបាលជាតិទទួលផែនបង្ការ និងពន្លត់អគ្គិភ័យទាំងអស់ មិនត្រូវធ្វើការចរចាមុន ឬការទារលុយពីប្រជាពលរដ្ឋជាថ្នូរទៅនឹងការជួយបាញ់ពន្លត់អគ្គិភ័យ នៅពេលមានអគ្គិភ័យឆេះផ្ទះរបស់ពួកគាត់ជាដាច់ខាត។ ព្រោះនេះជាភារកិច្ចរបស់យើងក្នុងនាមជាកងកម្លាំងនគរបាលជាតិដែលត្រូវតែជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង មានប្រសាសន៍បន្តថា ផែនទទួលបន្ទុកអន្ត  រាគមន៍ពន្លត់អគ្គិភ័យតាមបណ្តាក្រុង ស្រុក ទាំងអស់មិនត្រូវឱ្យកើតមាននូវបញ្ហាទារលុយពីបងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងនូវអគ្គិភ័យ ឆាបឆេះផ្ទះសម្បែង ឬនៅតាមផ្សារ និងតាមកន្លែងផ្សេងៗទៀតឱ្យសោះ។ ពិសេសនោះផ្ទះអ្នកដែលនៅជាប់នឹងកន្លែងកើតហេតុ ដែលពួកគាត់ស្នើសុំឱ្យមានការជួយបាញ់ទឹកការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់គាត់ដែលមានការផ្តល់ជាថវិកាតបស្នង។ ដូច្នេះមន្ត្រីរបស់យើងដែលទទួលផែននេះ ត្រូវសិក្សាមើលឱ្យច្បាស់ថាអាចកើតមានបញ្ហាអគ្គិភ័យដល់ ឬអត់។ គោលដៅដែលត្រូវពន្លត់អគ្គិភ័យរបស់យើងគឺត្រូវតែជួយសង្គ្រោះកន្លែងដែលកំពុងតែមានអគ្គិភ័យឆាបឆេះជាក់ស្តែង ដោយមិនមានការយកលុយពីពួកគាត់នោះទេ ព្រោះនេះជាកាតព្វកិច្ចរបស់យើង។

លោកស្នងការនគរបាលខេត្តតាកែវ មានប្រសាសន៍បន្តទៀតថា ការជួយសង្គ្រោះបន្ទាន់ចំពោះបញ្ហាអគ្គិភ័យដែលកំពុងឆាបឆេះបានទាន់ពេលវេលានោះ វាពិតជាសំខាន់ខ្លាំងណាស់ព្រោះវាជាផែនការដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ ធ្វើយ៉ាងណាត្រូវតែអនុវត្តន៍ឱ្យបានលឿន និងទាន់សភាពការណ៍ដែលបានកើតមានឡើងនៅតាមគោលដៅនីមួយ ៗ ។ សមត្ថកិច្ចដែលខ្លួនគ្រប់គ្រងដោយមិនបាច់ទាល់តែមានបញ្ជាពីថ្នាក់លើ ឬចាំដល់ថ្នាក់រាយការណ៍រួចនោះទេ ត្រូវតែធ្វើឡើងជាបន្ទាន់ និងត្រូវធ្វើការដោះស្រាយភ្លាមៗចំពោះហេតុការ ណ៍អគ្គិភ័យនេះ ហើយចាំរាយការណ៍មកថ្នាក់លើតាមក្រោយ។

លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការកោតសរសើរដល់ផែនទទួលបន្ទុកក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យដែលបានខិតខំបំពេញការងារបានល្អកន្លងមក និងសំណូមពរសុំឱ្យមានការខិតខំប្រឹងប្រែងបំពេញតួនាទីការងារឱ្យបានល្អជាងនេះបន្តទៀត ដើម្បីទទួលបាននូវការគាំទ្រ និងពេញចិត្តពីសំណាក់មហាជន មកលើកងកម្លាំងនគរបាលជាតិ៕

ដោយ អ៊ុច សៀង