សហគមន៍ព្រៃឈើ ប្រាំបីមុំ ស្នើរាជរដ្ឋាភិបាល និងសប្បុរសជនជួយជីកស្រះទឹកដើម្បីជួយ សង្គ្រោះសត្វព្រៃ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅក្នុងរដូវប្រាំងហួតហែងខ្លាំង នាពេលបច្ចុប្បន្ននេះ តំណាងសហគមន៍ព្រៃឈើសហគមន៍ប្រាំបីមុំ ស្ថិតនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សប្បុរសជន រាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានា មេត្តាជួយជាថវិកា ប្រមាណចំនួន ៣.០០០ដុល្លារអាម៉េរិក ដើម្បីជីកស្រះទឹកទុកឱ្យសត្វព្រៃផឹកនៅរដូវប្រាំងដែលកំពុងជួបគ្រោះរាំងស្ងួត ។

លោក លីវ សារុំ ប្រធានសហគមន៍ព្រៃឈើ ប្រាំបីមុំ បានធ្វើការអំពាវនាវនៅថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា ដោយរដូវនេះមានការរីងស្អួតខ្លាំង បណ្តាលឱ្យអូរ ត្រពាំង បឹងបួរមួយចំនួននៅក្នុងព្រៃសហគមន៍ មានការរីងស្ងួត ដែលជាហេតុធ្វើឱ្យពពួកសត្វព្រៃខ្វះទឹកផឹក។ ដើម្បីដោះស្រាយបញ្ហានេះនៅចំពោះមុខយើងត្រូវការជីកស្រះទឹកមួយ ដើម្បីផ្តល់ទឹកដល់សត្វព្រៃបានផឹកជាបណ្តោះអាសន្ន ទម្រាំរដូវភ្លៀងមកដល់ ប៉ុន្តែដោយសារសហគមន៍គ្មានថវិកាគ្រប់គ្រាន់ ទើបធ្វើការអំពាវនាវ ដល់រាជដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជនឱ្យជួយជីកស្រះទឹកដើម្បីអាចជួយសង្គ្រោះពពួកសត្វព្រៃបាន ។

សហគមន៍ព្រៃឈើ ប្រាំបីមុំ ជាជម្រកសត្វព្រៃដ៏សំខាន់មួយ ដែលសម្បូរទៅដោយសត្វព្រៃកម្រ ដូចជា៖ ទន្សោង ខ្ទីង និងសត្វព្រៃជាច្រើនប្រភេទទៀត ដែលពួកវាកំពុងរស់នៅនិងមានការគម្រាមកំហែងពីខាងក្រៅ ពិសេសគឺការបរបាញ់សត្វព្រៃ ការកាប់បំផ្លាញព្រៃឈើដែលជាជម្រករបស់វា ហើយទាមទារឱ្យមានការការពារ និងអភិរក្សយ៉ាងសកម្មផងដែរ ៕

ដោយ ណយ នឿន