ចិនសន្យាបន្តសាងសង់កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៦ គីឡូម៉ែត្រទៀត ភ្ជាប់ពីខេត្តក្រចេះ ដល់ព្រំដែនឡាវ តាមរយៈឥណទានជំនួយឥតសំណង

AKP ក្រចេះ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ប្រវែង ៩៣,៥៦៥គ.ម នៅខេត្តក្រចេះកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩  ឯកឧត្ដម លឹមស៊ី ដេនីន បានបញ្ជាក់ឱ្យដឹងថា ភាគីចិនបានសន្យាបន្តសាងសង់កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៦ គីឡូម៉ែត្របន្ថែមទៀត ភ្ជាប់ពីចំណុចរមៀត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដល់ព្រំដែនប្រទេសឡាវ តាមរយៈឥណទានជំនួយ ឥតសំណងរបស់រដ្ឋាភិបាលចិន។

ក្នុងដំណើរការចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រនៅខេត្ត ក្រចេះនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា ខណៈដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងឯករាជ្យពេញលេញ កត្តាសន្តិភាព បានជំរុញឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យប្រព័ន្ធគមនាគមន៍ ដែលជាចរន្តសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិ បាននិងកំពុងអភិវឌ្ឍន៍រីក ចម្រើនគ្រប់ទីកន្លែង ដែលបានតភ្ជាប់ពី រាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ជនបទ។ ជាក់ស្ដែង កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចគីឡូម៉ែត្រលេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ រហូតដល់ចំណុ ចគីឡូម៉ែត្រលេខ ៤២៤ ចំណុចឃុំអូរគ្រៀង ស្រុកសំបូរ ប្រវែង ៩៣,៥៦៥គម ត្រូវបានស្ដារឡើងវិញចាប់តាំង ពីខែមេសា ឆ្នាំ២០១៦ និងស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០១៨ កន្លង ទៅ ដោយក្រុមហ៊ុនចិនសៀងហៃ (SCG)។   

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម ម្ចាស់យានយន្ត ធុនធំគ្រប់ប្រភេទ ដែលកំពុងចរាចរ ប្រើប្រាស់លើដងផ្លូវជាតិទាំងអស់ សូមកុំឱ្យដឹកជញ្ជូនផ្ទុកលើសទម្ងន់ពីច្បាប់កំណត់ និងចូលរួមថែរក្សា ការពារនូវសមិទ្ធផលនានា ជាពិសេសសមិទ្ធផលផ្លូវជាតិលេខ ៧នេះតែម្ដង ដែលជាជំនួយ ឥតសំណងលើកទីមួយរបស់ចិនមកកម្ពុជា និងជាប្រយោជន៍ សាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ នៅគង់វង្ស បានយូរ អង្វែង និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរតាមដងផ្លូវជាតិ ដែលកើតឡើងជាយថាហេតុ៕

ដោយ ជួន សុជាតិ