ឯកឧត្ដម អូស្មាន ហាស្សាន់ អញ្ជើញចូលរួមបិទកម្មវិធីអ៊ិជទីម៉ាក  

AKP ត្បូងឃ្មុំ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញ ចូលរួមបិទកម្មវិធីអ៊ិជទីម៉ាក ដែលមានសមាជិកអ្នកកាន់សាសនាអ៊ិស្លាមចូលរួម ប្រមាណ៥ម៉ឺននាក់ មកពីរាជធានី ខេត្ត  ព្រមទាំងសាសនិកឥស្លាមអន្តរជាតិ មកពីបណ្តា ប្រទេសនានាជុំវិញពិភពលោកក៏បានអញ្ជើញចូលរួមផងដែរ។ កម្មវិធីអ៊ិជទីម៉ាក គឺជាកម្មវិធីជួបជុំសាសនិកឥស្លាមទូទាំងពិភពលោកនៅឆ្នាំ២០១៩នេះ ដែលបានប្រារព្ធឡើង រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ដោយបានបញ្ចប់នៅព្រឹកថ្ងៃចន្ទ ៦រោច ខែ

មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ឯកឧត្តម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  លោកបានខិតខំកសាងសន្តិភាពធ្វើឱ្យ ប្រទេសជាតិ មានសិទ្ធិសេរីភាពដូច្នេះបងប្អូនសាសនិកឥស្លាមទាំងអស់មានសិទ្ធិគោរពតាម ជំនឿសាសនារៀងៗខ្លួន។

ឯកឧត្តមបានបន្តថា ដោយសារគោលនយោបាយសុខដុមរមនីយកម្មរបស់រាជ រដ្ឋាភិបាលសហគមន៍ឥស្លាម មានភាពកក់កក្ដៅ និងរីកចម្រើនជាបន្តបន្ទាប់ តាមគោល នយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ខណៈដែលកម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនាឥស្លាមជាង៧០ ម៉ឺននាក់ បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកឥ ស្លាមនៅកម្ពុជា ក៏ទទួលបាននូវគោលនយោបាយល្អល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការ ចាំបាច់របស់សហគមន៍ខ្មែរឥស្លាម ជាពិសេសការបើកសិទ្ធិទូលំទូលាយ ឱ្យទទួលយកការ ប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញ្ញាតឱ្យទទួលបានការងារ ក្នុងជួររដ្ឋាភិបាលដូចជារដ្ឋសភា ព្រឹទ្ធសភា និងតាមអង្គភាពក្រសួងមន្ទីរនានាផងដែរ។

ឯកឧត្តម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ពិធីជួបជុំ អ៊ិជទីម៉ាក អ្នកកាន់ សាសនាឥស្លាមដោយមានការចូលរួមជនជាតិ និងអន្ដរជាតិរាប់ម៉ឺននាក់ គឺឃើញថា ទាំងអស់នេះ ក៏ដោយសារកត្ដាសន្ដិភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង បើគ្មាន សន្ដិភាពនិងការរីកចម្រើនដែលត្រូវទទួលស្គាល់ ទាំងនៅក្នុងតំបន់និងនៅលើឆាក អន្ដរជាតិទេ ក៏ពិធីនេះ មិនមានលទ្ធភាពអាចទទួលមហាជនជាតិ និងអន្ដរជាតិ រាប់ម៉ឺននាក់បែបនេះបានដែរ ៕

ដោយ សួស សំរិត