សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ កម្ពុជា ត្រូវបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរបរទេស៧លាននាក់នាឆ្នាំក្រោយ

AKP ភ្នំពេញ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ — ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា កម្ពុជា ត្រូវបង្កើតផលិតផល​ទេស​ចរណ៍ឱ្យបានច្រើន ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងកំណើនទេសចរបរទេស ដែលនឹង​កើនឡើងដល់៧លាននាក់នៅឆ្នាំ២០២០ខាងមុខ។លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានគូស បញ្ជាក់ថា ការអភិរក្សតំបន់ធ្នេរ និងការរុករករមណីយដ្ឋានទេសចរណ៍បន្ថែម គឺជាផ្នែកមួយ សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនានៅកម្ពុជាកើនឡើង។ លោក​ជំទាវបន្ដថា បច្ចុប្បន្នតំបន់ឆ្នេរ និងកោះនានារបស់កម្ពុជា បាននិងកំពុងត្រូវបានវិនិយោគ​ដោយក្រុមហ៊ុនឯកជន ដែលទទួលបានការជំរុញ និងបង្ហាញទិសដៅពីក្រសួងពាក់ព័ន្ធ ក្នុងការអភិវឌ្ឍតំបន់ឆ្នេរ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី បន្ទាប់ពីទស្សនាតំបន់វប្បធម៌ ដូចជាប្រាង្គប្រាសាទជាដើម។ លោកជំទាវបន្ថែមថា បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរជាង កន្លះ លាននាក់ បានទៅទស្សនានៅតំបន់ឆ្នេរ ដែលស្មើនឹង៣ទៅ៤ដងនៃតំបន់ទេសចរណ៍ផ្សេងៗ ដូច្នេះយើងត្រូវមានផែនការមេមួយសម្រាប់អភិវឌ្ឍន៍តំបន់ឆ្នេរ ដើម្បីធានាលើការអភិវឌ្ឍ និងរក្សាបាននូវចំណុចល្អៗដែលយើងគួរមានការអភិវឌ្ឍ ដូចជាការស្នាក់នៅ ហូបចុក និងសេវាកម្សាន្តជាដើម។

តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ កើនឡើងដល់ប្រមាណជា៧លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិនមកលេងកម្ពុជាយ៉ាងតិចក៏២លាននាក់ដែរ ដោយនឹងនាំមកនូវ ចំណូលសរុបប្រមាណជា៥.០០០លានដុល្លារ និងបង្កើតឱកាសការងារដោយផ្ទាល់ជូនប្រជា ពលរដ្ឋធ្វើប្រមាណជាជិត១លាននាក់។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងទៅ តំបន់ទេសចរណ៍ប្រាសាទអង្គរវត្ត ទទួលបាន​ភ្ញៀវទេសចរអន្តរជាតិប្រមាណជាង២.៥លាននាក់ ដោយទទួលបានប្រាក់ចំណូលជាង ១០០​លានដុល្លារពីការលក់សំបុត្រ ចូលទស្សនាប្រាសាទនានា ហើយភ្ញៀវទេសចរអន្តរជាតិភាគ​ច្រើនមកពីប្រទេស ចិន កូរ៉េ និងមកពីប្រទេសអឺរ៉ុប៕

ដោយ ម៉ៅ ចរិយា