អាជ្ញាធរអប្សរាកំពុងបញ្ចូលទឹកទៅក្នុងកសិន្ធុប្រាសាទអង្គរវត្តឱ្យបានច្រើន

AKP សៀមរាប ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបាន​ឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ទឹកមានតួនាទីសំខាន់ណាស់ក្នុងកិច្ចការអភិរក្សប្រាសាទក្នុង តំបន់រមណីយដ្ឋានអង្គរ។ បើទោះបីជានៅរដូវប្រាំងនេះ​អាចប្រឈមនឹងការខ្វះខាតទឹកដោយ កត្តាអាកាសធាតុក្តៅខ្លាំង ប៉ុន្តែអាជ្ញាធរជាតិអប្សរានៅតែខិតខំរក្សាទឹកឱ្យមានគ្រប់គ្រាន់ក្នុង កសិន្ធុប្រាសាទអង្គរវត្ត។

លោកបានបន្តថា ក្នុងការអនុវត្តការងារនេះ អាជ្ញាធរជាតិអប្សរាកំពុងប្រមូលទឹក ដែលហូរបន្តិចបន្តួចបញ្ចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីធានាឱ្យបរិមាណទឹកគ្រប់គ្រាន់ ក្នុងការរក្សាលំនឹងប្រាសាទ ក៏ដូចជាសោភណភាពប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថា ទឹកនៅកសិន្ធុប្រាសាទអង្គរវត្តស្ថិតក្នុងកម្រិតទាបជាង ឆ្នាំមុនៗដោយ កត្តាអាកាសធាតុ និងការចែកចាយទឹកដើម្បីសង្គ្រោះស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរជាតិអប្សរា សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយ ស្ទឹងសៀមរាប ក៏ដូចនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មេត្តាប្រើទឹកដោយមានការប្រុងប្រយ័ត្ន និងសន្សំសំចៃ៕

ដោយ ឃុត សៅ