នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន ០២គ្រឿង ចូលសំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៩ នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន០២គ្រឿង ចូលសំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងដំណើរទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយ:ពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨  ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិការរវាងប្រទេសទាំងពីរ កងទ័ពជើងទឹកនៃប្រ ទេសទាំងពីរឱ្យកាន់តែស្អិតរមួតក៏ធ្វើការហ្វឹកហ្វឺនដល់នាវិក បើកបរនាវាចម្ងាយឆ្ងាយផងដែរ។ ក្នុងឱកាសចូល ក៏មានការទទួលស្វាគមន៍ដោយនាយ នាយករងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ។ លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងជានាយសេនាធិការបានទទួលស្វាគមន៍ មេបញ្ជាការនាវាហ្វឹកហ្វឺនអង្គភាពលេខ១ នៃកងកម្លាំងស្វ័យការពារជប៉ុន ដែលបានចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា ពិសេសក្នុងអំឡុងស្នាក់នៅខេត្តព្រះសីហនុ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក៍ដូចជារដ្ឋាភិបាល នៃប្រទេសទាំងពីរកាន់តែ ស្និទ្ធស្នាលថែមទៀត។ ក្នុងការស្នាក់នៅលើទឹកដីខេត្តព្រះសីហនុ នាវិក និងនាយនាវីបានធ្វើ ដំណើរទស្សនាប្រកបដោយសុវត្ថិភាព និងទទួលបាននូវចំណេះដឹងបទ ពិសោធន៍ថ្មីៗបន្ថែមទៀត។

លោក​វរនាវីឯក YOSHIYUKI NAKAGANA ប្រធានប្រតិភូ និងជាមេបញ្ជាការ ហ្វឹកហ្វឺនអង្គភាពលេខ1 នៃកងកម្លាំងស្វ័យការពារជប៉ុន មានប្រសាសន៍ថ្លែងអំណរគុណដល់ លោកឧត្តមនាវីទោ មេបញ្ជារការរងមូលដ្ឋានសមុទ្រ និងកងទ័ពជើងទឹកកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរការចូលចតរបស់នាវាកង កម្លាំងស្វ័យការពារជប៉ុន០២គ្រឿង នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនាថ្ងៃនេះ។ យើងមានសេចក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានមកធ្វើទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា តាមដំណើរហ្វឹកហ្វឺនលើលំហសមុទ្រ។ ដំណើរធ្វើទស្សនកិច្ចនៅ ប្រទេសកម្ពុជា និងប្រទេសវៀតណាមរយៈពេលមួយខែកន្លះ ដើម្បីផ្ដល់ឱកាស នៃដំណើរហ្វឹកហ្វឺនលើសមុទ្រ ដល់នាយនាវីដែលទើបបញ្ចប់ការសិក្សានៅសាលាកងកម្លាំង ស្វ័យការពារជប៉ុន។ នេះជាលើកទី១ ដែលរូបលោក ក៏ដូចជានាវិក បានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ចចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅក្រុងព្រះសីហនុ នាវិក និងនាយនាវីកម្មសិក្សា និងធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹកមូល ដ្ឋានសមុទ្រ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ជាមួយទាហានជើងទឹកកម្ពុជា កាន់តែស៊ីជម្រៅ និងការយល់ដឹងអំពីកម្ពុជា ហើយនិងលើកកម្ពស់សមត្ថភាពដល់នាយនាវិក តាមរយៈការធ្វើទស្សនកិច្ចនេះផងដែរ។ ទន្ទឹមនេះខ្ញុំជឿជាក់ថា ជាឱកាសល្អសម្រាប់នាវិក និងនាយនាវី ស្វែងយល់ពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់កម្ពុជា ។

លោកបន្តថា ការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុនទាំងពីរគ្រឿង គឺមានសារៈសំខាន់ណាស់សម្រាប់ជាឱកាសដែលលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពជើងទឹកកម្ពុជា បន្ថែមទៀត លើសពីនេះ ការចូលចតអាចរួមចំណែកដល់ការអភិវឌ្ឍសម្ថភាព  និងកិច្ចសហប្រតិ បត្តិការក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណចក្រកម្ពុជាផងដែរ។

នាវាទី១. មានឈ្មោះ SETOYUKI (TV-3518) បណ្តោយ 130ម៉ែត្រ ទទឹង 13,60ម៉ែត្រ ជម្រៅទឹក  8,50ម៉ែត្រ ទំងន់ផ្ទុក 3.050តោន និងមាននាវិកប្រមាណ 167នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក​វរនាវីទោ NAOTO NAKADERA។ នាវាទី២. ឈ្មោះ SHIMAYUKI (TV-3513) មានបណ្តោយ 130ម៉ែត្រ ទទឹង 13,60ម៉ែត្រ ជម្រៅទឹក  8,50ម៉ែត្រ ទំងន់ផ្ទុក 3050តោន មាននាវិកប្រមាណ 167នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក​វរនាវីទោ TAKEHIKO SAITO ។

នាវាទាំង ០២គ្រឿង ដឹកនាំដោយលោកប្រធានប្រតិភូ លោកវរនាវីឯក YOSHIYUKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ១ នៃកងកម្លាំងស្វ័យការពារជប៉ុន​៕

ដោយ ងូ សុមុនី