សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ចំនួនប្រជាជនកម្ពុជាអាចនឹងកើនដល់២០លាននាក់ នៅឆ្នាំ២០៣០ និង២៥លាននាក់ នៅឆ្នាំ២០៥០

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​​នៃព្រះរាជាណាចក្រ កម្ពុជាមានប្រសាសន៍ថា  ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានកំណើនគួរជាទីមោទនៈ កម្រិតជីវ ភាព​រស់​នៅ​របស់ប្រជាជនមានភាពល្អប្រសើរឡើងជាលំដាប់ ធ្វើឱ្យអត្រាកំណើន ប្រជា សាស្ត្រ​ប្រចាំឆ្នាំ​មា​​នលំ​នឹងក្នុងរង្វង់ ១ភាគរយ ទៅ ១,៥ភាគរយ ហើយតាមការព្យាករណ៍នៅ ឆ្នាំ២០៣០ ចំនួនប្រជាជន​កម្ពុ​ជាអាចនឹងកើនដល់២០លាននាក់ និងឈានដល់ចំនួន ២៥លាននាក់ នៅឆ្នាំ២០៥០ ពេ​ល​នោះ​ប្រជា​ជន​ភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន។ក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទី​​ក្រុងផ្តល់ភាពកក់ក្តៅ» នៅព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា តា​ម​រយៈការវាយតម្លៃសាជាថ្មី កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៨ កន្លងទៅនេះ​មាន​រហូត​ដ​ល់​ ៧,៥ភាគរយ ហើយអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយក្នុងរង្វង់ ១០ភាគរយ។ ពេលនេះ កម្ពុជា​បា​ន​ក្លា​យ​ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយរបស់ពិភពលោក ហើយរាជ រដ្ឋាភិបាល​បាន​ចាត់​ទុក ទេសចរណ៍ គឺជាមាសបៃតង។ ក្នុងឆ្នាំ ២០១៨ កន្លងទៅ កម្ពុជាទទួល បានទេសចរអន្តរ​ជាតិ​​សរុប ចំនួន ៦,២ លាននាក់ កើនឡើង ១១,៥ភាគរយ មកពី១១០ ប្រទេសជុំវិញពិភពលោក។ នៅឆ្នាំ ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦,៨លាននាក់ ហើយរំ​ពឹងថា នៅឆ្នាំ២០២០ ការមកដល់ភ្ញៀវទេសចរអន្តរជាតិ អាចកើនឡើងដល់ ៧,៥ លាននាក់ និង​ ១៥លាននាក់ នៅឆ្នាំ២០៣០។

សម្ដេចតេជោក៏បានប្រកាសដាក់ ចេញនូវយុទ្ធនាការទីក្រុងស្អា​តៈ ផ្តល់ភាពកក់ក្តៅ ជារបៀបវារៈ ថ្នាក់ជាតិ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ និងសម្រេច បានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ តាមរយៈការអនុវត្ត​កម្ម​វិធីការងារជា អាទិភាពរួមមាន៖ ទី១- ត្រូវបង្កើនភាពទាក់ទាញនិងរស់រវើកនៅទីក្រុង តាម​រ​​យៈ​ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្កើតទីក្រុងប្រកបដោយភាពវ័យឆ្លាត (Smart City) ដោ​យ​ការររៀបចំឱ្យមានក្របខណ្ឌគោលនយោបាយជាក់លាក់មួយ ស្តីពីការអភិវឌ្ឍទីក្រុងប្រកប​ដោ​យចីរភាពឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ជាមួយគ្នានេះក្រសួងប្រៃសណីយ៍ និងទូរគ​មនា​គ​មន៍ត្រូវបំពាក់ឱ្យមានហ្វី្រវ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍នីមួយៗ​ពិ​​សេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឱ្យបានមុនឆ្នាំ ២​០​២​៣។ ទី២- ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងតាមរយៈការធានាឱ្យបានភាព​ស្អា​ត​ និងបៃតង គឺកម្ពុជាស្អាត កម្ពុជាបៃតង ទម្លាប់នៃភាពស្អាត ទាំងលំនៅដ្ឋានស្អាត ភូមិស្អាត​ស​ង្កា​ត់ស្អាត ដែលផ្តើមចេញពីយើងទាំងអស់គ្នា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទ​រជ័យ​លា​​ភីបង្គន់សាធារណៈអាស៊ានលើកទី ១ និងជ័យលាភី បង្គន់សាធារណៈកម្ពុជាលើកទី ១ ដែ​ល​បានចូលរួមដល់ការលើកកម្ពស់ភាពស្អាត និងអនាម័យ។ ទី៣- ដើម្បីបង្កើនភាពទាក់ទាញ និង​រស់រវើកនៅទីក្រុងយើងត្រូវគិតគូរអំពីសណ្ឋាប់ធ្នាប់ ខ្ញុំសូមឱ្យក្រសួងមហាផ្ទៃ និងក្រសួង​ដែ​​នដីនគររូបនីយកម្ម និងសំណង់ សិក្សារៀបចំច្បាប់ស្តីពីសណ្ឋាប់ធ្នាប់សាធារណៈ ដើម្បី​កាត់​បន្ថ​យការស្ទះចរាចរណ៍ក្នុងទីក្រុង។ ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ ក្រោម​ជាតិ​ត្រូវធានាឱ្យទីក្រុងរបស់ខ្លួន មានសណ្ឋាប់ធ្នាប់ល្អ មានចំណតយានយន្ត ត្រឹមត្រូវ មាន​ចិ​ញ្ចើ​ម​​ផ្លូវ ដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាជន និងភ្ញៀវទេសចរ។ ទី៤-ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង យើងត្រូវចាំបាច់ធានាឱ្យបាន សន្តិសុខ និងសុវត្ថិ​ភាព​សង្គ​ម​គ្រប់ភាគីពាក់ព័ន្ធត្រូវជំរុញចលនាការពារសន្តិសុខ និងសុវត្ថិភាពនៅគ្រប់ ពេល និងគ្រប់​ច្រក​ល្ហក​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ត្រូវធ្វើយុទ្ធនាការ ទីក្រុងស្អាត : ទីក្រុ​ង​ដែ​ល​​មានសុវត្ថិភាពចំណីអាហារ និងស្នើឱ្យភាគីពាក់ព័ន្ធ ចូលរួមអនុវត្តន៍ ក្រមប្រតិបតិ្តភោជនីយ​ដ្ឋា​ន​​ស្អាត​ ឱ្យបានទូលំទូលាយ និងសូមប្រកាសដាក់ឱ្យ អនុវត្តន៍ ស្តង់ដារ វិថីម្ហូបអាហារ (Food Stre​e​t​) ​ដែលជាសូចនាករថ្មីមួយទៀត ក្នុងស្តង់ដារទីក្រុងស្អាត និងចលនាប្រឡងប្រណាំង ទីក្រុង​ស្អា​ត ​: ទីក្រុងមានវិថីម្ហូប អាហារស្អាត ជារៀងរាល់ឆ្នាំ។ ទី៥- ដើម្បីធានាបានចីរភាព​ការអភិវឌ្ឍ​ទី​ក្រុ​ងត្រូវអនុវត្តន៍នូវទស្សនាទានបៃតង ខ្ញុំសូមអប អរសាទរជ័យលាភីរង្វាន់ សម្តេចតេជោសម្រាប់​ធុរកិ​ច្ចបៃតង​ក្នុងវិស័យទេសចរណ៍លើកទី៣ គឺការចូលរួមផ្តល់សេវា ប្រកបដោយការ​ទទួល​ខុ​ស​​ត្រូវ។ ក្រសួងរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងគ្រប់អភិបាល​រាជ​ធា​​នី ខេត្តត្រូវបំផុសឱ្យមានផលិតកម្មក្នុងស្រុកនានា បម្រើឱ្យវិស័យទេសចរណ៍ តាមរយៈបាវច​នា​វិស័យទេសចរណ៍ គឺជាការនាំចេញនឹងកន្លែង ហើយទីក្រុងទេសចរណ៍ធំៗទាំងអស់​ត្រូវតែ​ជា​ទីក្រុងដែលមានខ្សែក្រវាត់បៃតង (Green Belt)។

សម្ដេចតេជោក៏បាន​អំពាវនាវដល់បងប្អូន​ប្រ​ជាពលរដ្ឋ ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័​យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ទាំងអស់សូមចូលរួមគាំទ្រ និង​ជំរុញចលនាប្រឡង​ប្រ​ណាំងទីក្រុងស្អាតឱ្យបានសកម្ម និងទូលំទូលាយដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង​នៅ​កម្ពុ​ជា​ឱ្យកាន់តែរស់រវើក និងប្រកបដោយចីរភាព៕

ដោយ ជឹម ណារី