ក្រសួងសេដ្ឋកិច្ចប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័នចំនួន១០បន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈFMIS ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន១០ និងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង២៥ ព្រមទាំងប្រកាសពង្រីកការអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១៧ ផ្សេងទៀតសម្រាប់ឆ្នាំ២០១៩នេះ។

ក្នុងកម្មវិធីប្រកាស FMIS នាព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា សម្រាប់ ដើមឆ្នាំ២០១៩នេះ ប្រព័ន្ធ FMIS នឹងត្រូវបន្តដាក់ឱ្យដំណើរការនូវមុខងារចំនួន៤ក្នុងចំណោម មុខងារស្នូលសំខាន់ទាំង៦របស់ប្រព័ន្ធក្នុងនោះរួមមាន ទី១. មុខងារវិភាជន៍ថវិកា, ទី២. មុខងារ ទិញ និងគ្រប់គ្រងធានាចំណាយ, ទី៣. មុខងារគណនីត្រូវសង និង ទី៤. មុខងារ​គណនី ត្រូវទារ ។

ក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត ដែលត្រូវដាក់ឱ្យដំណើរការ រួមមាន៖ ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ២. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ៣.ក្រសួងពាណិជ្ជកម្ម, ៤. ក្រសួងសាធារណការ និងដឹកជញ្ជូន, ៥. ក្រសួងធន​ធានទឹក និង ឧតុនិយម, ៦. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ៧. ក្រសួង​អភិវឌ្ឍន៍ជនបទ, ៨. ក្រសួងព័ត៌មាន, ៩. ក្រសួងទេសចរណ៍ និង១០. រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល រួមទាំង គ្រប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា កម្ពុជាបាននិងកំពុងប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈដែលផ្តោតលើធាតុចូល និងមជ្ឈការទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល និង វិមជ្ឈការស្របតាមស្តង់ដារអន្តរជាតិ ។ ទន្ទឹមនឹងនេះ វឌ្ឍនភាពដ៏ធំធេងនៃការអនុវត្តគម្រោង FMIS តាំងពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ គឺជាឆ្អឹងខ្នង និងបានរួមចំណែកយ៉ាងខ្លាំង ក្នុងការជំរុញឱ្យកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានបោះជំហានទៅ​មុខជាមួយនឹងការចាក់គ្រឹះដ៏រឹងមាំសម្រាប់ឈានទៅសម្រេចគោលដៅនៅឆ្នាំ២០២៥ គឺ “គណនេយ្យភាពសមិទ្ធកម្ម”។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ទៀតថា វឌ្ឍន ភាពដ៏ធំធេងនេះគឺជាមោទនភាព សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ របស់កម្ពុជា ព្រោះថាយើងធ្វើបានល្អប្រសើរ និងបានលឿនជាងបណ្តាប្រទេសមួយចំនួន ទៀត។

ជាមួយគ្នានេះដែរ “វឌ្ឍនភាព និងសមិទ្ធផល” នេះ គឺបានកើតចេញពីការខិតខំប្រឹង​ប្រែងរបស់យើងទាំងអស់គ្នា ដោយឈរលើមូលដ្ឋានប្រមូលផ្តុំ ពិភាក្សា និង ដោះស្រាយរួមគ្នា ក្នុងស្មារតីជាក្រុមតែមួយ៕

ដោយ គង់ សិរីរ័ត្ន