ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជា​ពលរដ្ឋស្រុកស្វាយចេក

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — នាព្រឹកថ្ងៃ​ចន្ទ ៦រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​២៥ ខែ​កុម្ភៈ​ឆ្នាំ២០១៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានអញ្ជើញ ជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យសំណង់សមិទ្ធផលវត្តវេឡុវនោទ្យាន (ហៅវត្ត​ស្វាយចេក) ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំយកមកជាមួយនូវ​ការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិជូនដល់ប្រជាពលរដ្ឋហើយ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយរាល់ការលំបាកជួនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនឹងនៅជាមួយប្រជាពលរដ្ឋនោះ។​

ឯកឧត្តម កែ គឹមយ៉ាន បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសជាតិ មានសុខ សន្តិភាព ​និងការអភិវឌ្ឍដោយចាប់ផ្តើមកសាងប្រទេសចេញពីបាតដៃ ទទេគំនរផេះផង់ បន្សល់ពីរបប​កម្ពុជាប្រជាធិបតេយ្យប៉ុលពតមកមានភាពរីកចម្រើន ដូចសព្វថ្ងៃនេះ តាំងពីទី ក្រុងរហូតដល់​តំបន់ជនបទដាច់ស្រយាល​ប្រជាពលរដ្ឋរស់នៅ ក្នុងជីវភាពកាន់តែប្រសើរ ឡើងជាលំដាប់។

នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណ ដល់មហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យ ដែលចូលរួមថែរក្សាបាននូវសុខសន្តិភាព និងចេះឆក់​​យកឱកាសទាញផលពីសុខសន្តិភាពនេះរួមគ្នាខិតខំប្រឹងប្រែង កសាងអភិវឌ្ឍន៍ សហគមន៍​​មូល​​ដ្ឋានរបស់ខ្លួនឱ្យមានការរីកចម្រើនលើគ្រប់វិស័យ​ជាពិសេសនៅក្នុងតំបន់នានា ក្នុង​ស្រុកស្វាយចេកនេះដែល​ពីអតីតកាលជាសមរភូមិប្រយុទ្ធគ្នាតែឥឡូវនេះកំពុងបាន​ផ្លាស់ប្តូរមានការ​អភិវឌ្ឍជាបន្តបន្ទាប់នោះ។​

​​​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ ក៏បាន​លើកឡើង​ផងដែរ​ថា ​​ រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​ន៍កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ឆ្ពោះ​ទៅកាន់​ជ័យ​ជម្នះ​​ធំៗ និង​ថ្មីៗ​ថែមទៀត​។
​ឯកឧត្តម​ បានលើកឡើង​ទៀតថា ​ក្នុង​ឆ្នាំ​២០១៨​ កន្លងទៅនេះ ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​៧,៥ភាគរយ អតិផរណា​ស្ថិត​ក្នុង​រង្វង់​២,៩ភាគរយ ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជន​ម្នាក់ ​១៥៦៣​ដុល្លារ ​តម្លៃ​ប្រាក់​រៀល​មាន​ស្ថិរភាព ហើយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ត្រូវបាន​កាត់បន្ថយ​​ជាបន្តបន្ទាប់។​​

​​ជាមួយនេះដែរ ឯកឧត្តម និងលោកជំទាវបានប្រគេនថវិកាចំនួន១ម៉ឺនដុល្លារ កសាង សាលាធម្មសភា បន្តជួយចាក់បេតុងអមស្ទឹងស្វាយចេក កសាងសាលារៀន១ខ្នង ក្នុងសាលាបឋមសិក្សាស្វាយចេក ព្រមទាំងផ្តល់អំណោយដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងដែលបាន ចូលរួមក្នុងពិធីនេះផងដែរ​៕

ដោយឈុនសារ៉ាត
​​ ​