កីឡាការិនីបាល់ទាត់កម្ពុជាក្រោមអាយុ១៩ឆ្នាំចំនួន១៨រូប នឹងធ្វើទស្សនកិច្ចទៅកាន់ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ -តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន កីឡាការិនីបាល់ទាត់កម្ពុជា ក្រោមអាយុ​១៩ឆ្នាំ ចំនួន១៨រូប និងអ្នកដឹកនាំចំនួន៥រូប សរុបទាំងអស់គឺ២៣រូប រួមជាមួយនឹងកីឡាការិនី បាល់ទាត់ក្រោមអាយុ១៩ឆ្នាំ មកពីបណ្តាប្រទេសអាស៊ានផ្សេងទៀតដូចជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៦ ខែកុម្ភៈដល់ថ្ងៃទី៧ ខែមីនា​ ឆ្នាំ២០១៩ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត ​​និង​យុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ថាJENESYS 2018។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កីឡាការិនីប្រតិភូទាំងអស់  នឹងទទួលបានការ បណ្តុះបណ្តាល និងការផ្លាស់ប្តូរការប្រកួតមិត្តភាពរវាងបណ្តាប្រទេសចូលរួម ព្រមទាំងការ ឈ្វេងយល់ពីវប្បធម៌ជប៉ុននៅខេត្តអុគីណាវ៉ាផងដែរ។

សូមរម្លឹកថា កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការកសាង ទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និងដើម្បី កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ តាមរយៈ កម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២.០០០នាក់ហើយ ចាប់តាំងពីឆ្នាំ២០០៧មក។

ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួម​នឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ី ជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឱ្យបានទូលំទូលាយទៅកាន់ ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ៕

ដោយ អ៊ុន រិទ្ធី