កម្ពុជា ស្នើឱ្យប្រទេសអាស៊ាន លប់បំបាត់នូវរបាំងមិនមែនពន្ធគយ ដើម្បីផ្ដល់កំណើនសេដ្ឋកិច្ច​ក្នុងតំបន់

AKP ភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ — កម្ពុជាបានស្នើឱ្យប្រទេសជាសមាជិកអាស៊ាន លប់បំបាត់នូវរបាំងមិនមែនពន្ធគយ និងទទួល​ស្គាល់កម្រិតស្តង់ដារតែមួយ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ច ក្នុងតំបន់ ខណៈឥណ្ឌា កំពុងក្លាយ​ជាទីផ្សារធំមួយរបស់អាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ថ្លែងក្នុងវេទិកាពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានលើកឡើងថា បើទោះបីជាមានការកាត់បន្ថយនូវរបាំងមិនមែន​ពន្ធគយយ៉ាង​ណាក៏ដោយ ក៏នៅតែមានប្រទេសសមាជិកអាស៊ានមួយចំនួនត្រូវបានគេសង្កេតឃើញថា បាននិងបន្តដាក់របាំងមិនមែនពន្ធគយមានដូចជា SPS និង TBT ដែលទាំងនេះជាឧបសគ្គ​រារាំងការធ្វើពាណិជ្ជកម្ម ជាពិសេសសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជា ប្រទេស​កម្ពុជា ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីទទួល​បាននូវកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម ឱ្យកាន់តែមានការរីកចម្រើនទាំងក្នុងតំបន់ និងសកល​លោក គ្រប់បណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដៃគូ​ផ្សេងទៀតគួរ​យកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តការក្នុងការកាត់បន្ថយ ឬលប់បំបាត់នូវរបាំង​មិន​មែន​ពន្ធគយ ក៏ដូចជាកិច្ចសម្រួលពណិជ្ជកម្ម លំហូរនៃព័ត៌មាន សុខដុមនីយកម្ម និងការ​ទទួលស្គាល់កម្រិតស្តង់ដារគ្នាទៅវិញទៅមក ដើម្បីឈានឆ្ពោះទៅរកការកាត់បន្ថយរបាំង​ពាណិជ្ជកម្ម ជាពិសេសរបាំងមិនមែនពន្ធគយ។ ឯកឧត្តមបានបន្ដថា បើមើលពីទំហំពាណិជ្ជ​កម្មទ្វេភាគី និងលំហូរវិនិយោគដោយផ្ទាល់ (FDI) ពីឥណ្ឌាចូលមកអាស៊ាន មានការកើន​ឡើងបីដង ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានឥណ្ឌា (AIFTA) បានចូលជា​ធរមាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០កន្លងមក។ ដោយក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម​ទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា សរុបមានចំនួន៧៣.៥៩ពាន់លានដុល្លារ ដែលកើនឡើង ២៥.៥ភាគរយ ធៀបនឹងឆ្នាំមុនគឺ៥៨.៦ពាន់លានដុល្លារ។ ក្នុងអំឡុងពេលដូចគ្នានេះដែរ លំហូរ​វិនិយោគផ្ទាល់ពីបរទេស(FDI) ពីឥណ្ឌាចូលមកអាស៊ាន បានកើនឡើងពី ១.៤៧ពាន់​លាន​ដុល្លារ ក្នុងឆ្នាំ២០១៥ ដល់១.៧៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។ ទន្ទឹមនឹងមាន​ការវិវត្តន៍ទៅមុខជានិច្ចលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីគន្លឹះសំខាន់ៗសម្រាប់ធ្វើឱ្យអាស៊ាន​ក្លាយជា​ទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មតាមរយៈការធ្វើសេរីភាវូបនីយកម្មលើទំនិញ សេវា និងការវិនិយោគ។ លើសពីនេះទៀត អាស៊ានក៏បានកាត់បន្ថយអត្រាពន្ធគយដែលជាធាតុ​សំខាន់ក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជទំនិញក្រោមកិច្ចព្រមព្រៀង ATIGA ហើយក៏បាន​កាត់បន្ថយនូវរបាំងមិនមែនពន្ធគយជាច្រើនផងដែរ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាបានធ្វើកំណែទម្រង់លើកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗជាច្រើន ដើម្បីពង្រឹង និង​ពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់ ដែលកំណែទម្រង់​ទាំងនោះរួមមាន៖ ទី១. យន្តការច្រកចេញចូលតែមួយ ទី២. នីហិតដ្ឋានជាតិព័ត៍មានពាណិជ្ជ​កម្ម ទី៣. ការចេញវិញ្ញាប័នបត្របញ្ជាក់ប្រភពដើមទំនិញ (C/O online) ទី៤. ការចុះបញ្ជី​ពាណិជ្ជកម្ម និងម៉ាកសញ្ញាតាមប្រព័ន្ធ online ទី៥. ការសម្របសម្រួលនីតិវិធីបញ្ចេញទំនិញ និងកាត់បន្ថយថ្លៃចំណាយផ្សេងៗនៅតាមព្រំដែន និងទី៦. កំណែទម្រង់ផ្សេងៗទៀតនៅ​តាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជ​កម្ម និងវិនិយោគនៅកម្ពុជា៕

ដោយ ម៉ៅ ចរិយា