សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការជួបជុំភរិយាឡើងវិញ កាលពី៤០ឆ្នាំមុន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានរម្លឹករឿង​អតី​ត​កាល នៃការជួបជុំជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​​ សែន កាលពី៤០ឆ្នាំមុន (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០១៩) បន្ទាប់ពីប្រទេសជាតិបានរំដោះពីរបបវាលពិឃាត ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

នៅលើបណ្ដា្កញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស​ម្ដេ​ច​តេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃនេះ គឺជាខួប៤០ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាង​ខ្ញុំ និង​ភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០១៩)។ កាលពីលើកមុន សម្ដេចបានសរសេរ​រៀ​ប​រាប់​​ត្រួសៗ​មួយចំនួនរួចមកហើយលើការ​ជួបហើយព្រាត់ និង​ព្រាត់ហើយជួប។ ប៉ុន្ដែលើកនេះ សម្ដេចខិ​ត​ខំ​សរសេរបំពេញ​បន្ថែមនូវរឿងរ៉ាវ បន្ទាប់ពីកូនប្រុសកំសត់បានស្លាប់​យ៉ាងវេទនា​កាល​ពីថ្ងៃទី​១​០ ខែ វិច្ឆិកា ឆ្នាំ១៩៧៦ ហើយដែលសម្ដេចតេជោបានសរសេរនូវអត្ថបទមួយ​មាន​ចំណងជើងថា​”ការ​ឈឺ​ចាប់​ដែលមិនអាចបំភ្លេចបាន”។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចគួររម្លឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជា​ការ​ឃោរ​ឃៅ ដើម្បីយកសព​កូនទៅ​កប់និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំ​ចិត្ត​ធ្វើដំណើរជាមួយ​មេបញ្ជាការ​រូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើត​ជា​ស្រុកពាមជីលាំង)។ យើង​សម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេល​រសៀ​ល​យើងបានធ្វើដំណើរ​​ត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែល​ភរិ​យាខ្ញុំកំពុង​សម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ សម្ដេចបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មី​ម្ត​ង​ទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ។ តែសំណើដដែល ចម្លើយក៏ដដែលដែរ ដែល​ធ្វើ​ឱ្យ​សម្ដេចស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះ ​ប៉ុន្តែការអត់ធ្មត់គឺជារឿង​ចាំ​បាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំ​បណ្តា​ញ​សម្ងាត់មួយចំនួនរួចមកហើយ។ ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេ​លម៉ូតូមកដល់មន្ទីរពេទ្យ សម្ដេចឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះសម្ដេចជាអ្នកជិះស្រាប់។ សម្ដេចតេជោក៏​ដើរ​ទៅបន្ទប់ដែលភរិយាសម្រាក ពិនិត្យឃើញ​រ៉ានីហើមខ្លួន។ ដោយសារ​ រ៉ានី​ ជាគ្រូពេទ្យ​ឆ្មប​​ស្រាប់ គាត់បានប្រាប់សម្ដេចថាអាច​នៅ​សល់សុកដែលពេទ្យទម្លាក់មិនអស់។ សម្ដេចតេជោបានលើកឡើងថា ពីរនាក់ប្តីប្រពន្ធ​យើ​ង​​ពុំមានអ្វីក្រៅពីមើលមុខគ្នា​ដោយ​ទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែល​ស្លា​ប់​​ទៅ ទឹកភ្នែកដែលមិនបាននៅ​ថែទាំភរិយាដែលទើបឆ្លងទន្លេ តែ​ រ៉ានី​ ហាក់ដូចរឹងប៉ឹងជាងខ្ញុំ​ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹក​ភ្នែ​ក ហើយក៏មិនបានសួររកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅ​ដល់  ​អ​ង្គ​​ភាពវិញ ខ្ញុំក៏បានយករឿងនេះជម្រាបទៅប្រធាននយោបាយនៃអង្គភាពដែលគាត់​ជា​មនុស្ស​ចិ​ត្ត​​បុណ្យម្នាក់។ គាត់បានអនុញ្ញាតឱ្យខ្ញុំយក​ រ៉ានី​ ទៅព្យាបាលនៅអង្គភាពដែលបោះ​ទីតាំងនៅ​ភូមិ​កោះថ្ម ឃុំទន្លូង ស្រុកមេមត់ (ពេលនោះគេបង្កើតជាស្រុកត្រមូង)។ លុះព្រឹក​ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ ១៩៧៦ សម្ដេចតេជោខិតខំទៅកាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក​ រ៉ានី​ មកកាន់អង្គភា​ព​។ ពិតជាសំណាងសម្រាប់រ៉ានី​ ដែលខ្ញុំបាននាំនាងមកឱ្យ​ឆ្មបបុរាណកាយទម្លាក់​សុក​ចេញទា​ន់​ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើង​និងឈានដល់​ស្លាប់មិនខាន។ ពេលនោះ ទោះបីជា​លំ​បាក តែខ្ញុំបានមើលថែទាំ​ រ៉ានី​ ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ​ និង​បម្រើ​ រ៉ានី​ ដូចថែ​ទាំ​ម្តា​យ​ចា​ស់​ មិនត្រឹមតែបាយទឹកទេ សូម្បីតែសម្លៀក​បំពាក់ក៏ខ្ញុំត្រូវបោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំ​ពេ​ញ​​មុខងារជាប្តីយ៉ាងពិតប្រាកដ។ ខ្លុំក្លាយជា​អ្នកចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗ​គ្រប់យ៉ាងខ្ញុំត្រូវធ្វើដោយផ្ទាល់​ដៃប្រហែល​ជាងកន្លះខែ។ ខ្ញុំតែងលួចយំអាណិតប្រពន្ធដែល​ខំ​ម​ក​តាមប្តីដោយលំបាកវេទនាតែខ្ញុំមិន​ចង់​ឃើញទឹកភ្នែករ៉ានីទេ ដូចនេះបានជាខ្ញុំមិននាំ​គាត់និ​យា​យ ​ឬរម្លឹកពីរឿងកូនស្លាប់​ ឬរឿងណា​ដែលមិនសប្បាយចិត្តនោះឡើយ។ ទោះបីជាជួបការ​លំ​​បាក តែនេះជាលើកដំបូង ដែលខ្ញុំបាន​រស់នៅជាមួយ​ រ៉ានី​ លើសពីមួយសប្តាហ៍ បន្ទាប់​ពី​រៀប​ការហើយ។

សម្ដេចតេជោបន្តថា  មកដល់ ខែមករា ឆ្នាំ ១៩៧៧ រ៉ានី​ មានផ្ទៃពោះ​សារ​ជា​ថ្មី​ម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែប​នេះ​ទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួក ប៉ុលពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិន​ជាការប្រយុទ្ធកើតឡើងតើប្រពន្ធ និងកូនរបស់ខ្ញុំទៅជាយ៉ាងណា។ “ខ្ញុំចង់រស់នៅជាមួយ​ភរិ​យាខ្ញុំ តែខ្ញុំមិនចង់ឃើញភរិយានិងកូនខ្ញុំមានគ្រោះថ្នាក់នៅពេលមានការប្រយុទ្ឋកើត​ឡើង​”។​ សម្ដេចតេជោបានបន្ថែម។ ជាមួយគ្នានេះ សម្ដេចតេជោបា​នទៅសុំប្រធាននយោបាយអង្គភាព ដើម្បីបញ្ជូនរ៉ានី​ទៅធ្វើ​ការនៅមន្ទីរពេទ្យកងទ័ព​ដែ​ល​មានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាព​សម្ដេចជាង៣០គីឡូម៉ែត្រ។ បែ​ក​គ្នា​លើកមុនៗត្រូវបានអង្គ​ការ​ជាអ្នកបំបែក តែបែកគ្នាលើក​នេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើ​ម្បី​ត្រៀមលក្ខណៈសម្បត្តិ​វាយពួកបនប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំជួប​ រ៉ានី​ ចុងក្រោយគឺ​ថ្ងៃ​១៨ ខែ មិថុនាឆ្នាំ ១៩៧៧ គឺមុន២ថ្ងៃដែលខ្ញុំចាកចេញដើម្បីដឹកនាំចលនាតស៊ូវាយពួកប៉ុល ពត។ ខ្ញុំបាន​សម្រេចចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់រ៉ានីនោះទេ។ ការមិននិ​យា​យ​ប្រាប់ មិន​មានន័យថាខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញ​ទឹ​ក​ភ្នែក​ភរិយាខ្ញុំហូរស្រក់មក មិនចង់ឱ្យភរិយាខ្ញុំទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗ​ស​ម្រា​ប់​រឿងមួយដែលមិនទាន់បានកើតឡើងនៅឡើយនោះទេ។ មុនពេលចាកចេញ ខ្ញុំមិនស​ម្រ​ក់​​ទឹក ភ្នែកឱ្យ​រ៉ានីឃើញនោះដែរ។ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃដែលលំបាក​បំផុ​ត  ​ស​ម្រាប់​​ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជន​កម្ពុជា​។ ម៉ោងប្រហែល២រសៀល បន្ទាប់ពីបញ្ជាឱ្យកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួល​ទា​ន ខ្ញុំ​បានអង្គុយសរសេរលិខិតផ្ញើឱ្យរ៉ានី។ ការចាប់ផ្តើមនៃលិខិតពិតជាលំបាករកពាក្យសរសេរ   ​ដែ​ល​ទីបំផុតខ្ញុំបានប្រើពាក្យថា(មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់បង នៅពេលដែលអូនអាន​លិខិ​ត​​នេះ រូបបងនៅសែនឆ្ងាយៗ រហូតដល់រូបបងមិនដឹងថាខ្លួននៅកន្លែងណាផងទេ)។ រឿង​ដែ​ល​ពិបាក តើត្រូវប្រាប់រ៉ានីថាខ្ញុំនៅទីណា ព្រោះគ្មានអ្វីច្បាស់ទេសម្រាប់ជីវិតខ្ញុំ​នាពេល​នោះ។ សរសេរលិខិតរួច ត្រូវគេបាញ់សម្លាប់ ឬសរសេរលិខិតរួច ត្រូវធ្វើការប្រយុទ្ធ។ យើង​ចង់​ទៅ​ទិស​ខាងកើត តែសភាពការណ៍បង្ខំឱ្យមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូត​ស្រវាំ​ង​ភ្នែក ទម្រាំបានលិខិតមួយច្បាប់ចំណាយពេលប្រម៉ាណ២ម៉ោង។ ខ្ញុំចង់រម្លឹកដល់​អភ្ភូត​ហេ​តុ​មួ​​យ ដែលបានកើតឡើងនាល្ងាចថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ។ ម៉ោង​ប្រហែល​៤​ល្ងា​ច​ បន្ទាប់ពីប្រគល់លិខិត និងសម្ភារមួយចំនួនតាមរយៈនិរសារខ្ញុំ​ឈ្មោះនឿន​(ពេល​នេះជាឧ​ត្ត​ម​​សេនីយត្រីនៃបញ្ជាការដ្ឋានអង្គរក្ស)ដើម្បីបញ្ជូនទៅឱ្យភរិយាខ្ញុំ។ ខ្ញុំក៏​សម្រាក​លង់លក់ដើម្បី​រង់​ចាំមិត្ត​ខ្ញុំ៤នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង៨យប់ទៅហើយ ខ្ញុំក្រោក​អង្គុយយកដែកកេះ​ដុត​ចង្កៀ​ងប្រេងកាត ពេលចង្កៀងឆេះស្រាប់តែ លឺសំឡេងមនុស្សស្រែក​ចេញពីដើមជ្រៃ​ដែលមាន​ខ្ទ​ម​អ្នកតានៅនឹងគល់ហ្នឹង គឺនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ។ សំឡេងមនុស្សប្រុសវ័យ​ចំ​ណា​ស់ស្រែកខ្លាំងៗថា(ចេញភ្លាមទៅ ចេញឱ្យឆាប់)ស្រែកច្រើនដង និងខ្លាំងៗស្ទើរបែកក្រ​ដា​ស់​​ត្រចៀក។ បន្ទាប់ពីសំឡេងស្រែកចប់ភ្លើងចម្រុះពណ៌មករុំខ្លួនខ្ញុំ​ជុំជិត ខ្ញុំស្រែកស្ទើភ្លាត់សំឡេ​ង​​ឱ្យអ្នកនៅខាងក្រៅផ្ទះចូលមកជួយ។ នៅពេលយុទ្ធ​ជន៣​នាក់ចូលមក ខ្ញុំសួរពួកគេថាអ្នក​ណា​ស្រែក ហើយមានឃើញភ្លើងក្នុងផ្ទះឬទេ ពួកគេទាំង៣​នាក់ឆ្លើយស្រុះគ្នាថា មិនលឺ និង​មិន​ឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមី​តាមថែទាំខ្ញុំ ប្រាប់ឱ្យ​ខ្ញុំចាក​ចេ​ញ​ហើយ។

ខ្ញុំសូមជម្រាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតានៅនឹងគល់ ធ្លាប់អោយខ្ញុំឃើញ២​លើក​រួចមកហើយ ដោយលើកទី១នៅចុងឆ្នាំ១៩៧៥ ខ្ញុំដេកយល់សប្តិ​ឃើញបុរស​ចំណាស់​ម្នាក់ យកសារ៉ុងសូត្រថ្មីយ៉ាងស្អាតមកឱ្យខ្ញុំ(ជំនឿមនុស្សខ្លះយល់​សប្តិបានសារ៉ុងសូត្រ​គឺនឹង​មានប្រពន្ធ)មិនបានប៉ុន្មានថ្ងៃផង ខ្ញុំរៀបការជាមួយរ៉ានី។ លើកទី២ ភ្លើងហោះចេញពីដើមជ្រៃ​កាត់ដំបូលផ្ទះខ្ញុំជះពន្លឺចូលក្នុងផ្ទះ ពេលយប់នោះហើយដែលរ៉ានីក្អូតចង្អោរចាញ់កូននៅ ខែមករា ឆ្នាំ ១៩៧៧ គឺកំណើតម៉ាណែតនេះហើយ។

សម្ដេចតេជោបានលើកឡើងថា ​ការព្រាត់គ្នានាថ្ងៃ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជា ការព្រាត់គ្នាដោយមានសង្ឃឹមតិចតួចណាស់ថានឹងបានជួបវិញ។​ ទឹកភ្នែករាប់ម៉ឺនសែនលាន ដំណក់ហូរមកជាមួយការឈឺចាប់ដែលមិនអាចរៀបរាប់បាន តែទឹកភ្នែកនេះហើយដែលជួយ ពង្រឹងស្មារតីខ្ញុំឱ្យប្រឹងតស៊ូដើម្បីការរស់រានមានជីវិត របស់ប្រ​ជា​​ជនកម្ពុជា។​ (ប្រវត្តិទាក់ទង​នឹងការតស៊ូរំដោះជាតិមានឯកសារច្រើនហើយ មិនមានការ​ចាំ​បា​​ច់​ដើម្បីខ្ញុំសរសេរនៅក្នុង​អត្ថបទទាក់ទងនឹងការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំនោះទេ​)​។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តទៀតថា តាំងពីបែកគ្នានាថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូត​ដល់ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំមិនដែលទទួលពត៌មានអំពីភរិយាខ្ញុំទេ ហើយ​ប្រ   សិ​ន​​បើបានទទួលវិញគឺសុទ្ធតែបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។ តាំងពីថ្ងៃបែកគ្នា​ម​ក​​ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់​ទៅ​ហើ​យ នោះគឺក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេលជាង១ខែ ខ្ញុំមិនអាចស្វែងរក​ឃើ​ញ ​ឬ​មា​នព័ត៌មានពីប្រពន្ធ ឬឪពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។ មាន​រឿ​ង​មួយដែលខ្ញុំគួររម្លឹកនោះគឺ នៅប្រហែលពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំយល់​សប្តិ​ឃើញ​ រ៉ា​នីភរិយាខ្ញុំនៅម្ខាងព្រែកដែលមានទឹកជ្រៅមិនអាចដើរមករកគ្នាបាន ខ្ញុំកំពុងតែទៅ​រកទូក​ដើ​ម្បី​អុំទៅយក​ រ៉ានី​ ស្រាប់តែនាឡិកា​ រោទ៍ឡើងនៅម៉ោង៥ភ្លឺ ធ្វើឱ្យ​ខ្ញុំភ្ញាក់ពីដេក​ដាច់​យល់​សប្តិ​អ​ស់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំអង្គុយយំ ហើយក៏មិនអាចរកការពន្យល់ពីការយល់សប្តិនេះថា រ៉ានី​នៅ​រស់ ​ឬស្លាប់។ ការសប្បាយរីករាយសម្រាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បាន​បញ្ច​ប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនបើប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា ហើយស្លាប់ដោយជំងឺ ឬ​ស្លាប់ដោយគេសម្លាប់​ តើកូនរបស់ខ្ញុំគេកើតមុនពេលភរិយាខ្ញុំស្លាប់​ ឬស្លាប់ទាំង​មា​ន​ផ្ទៃពោះ។​ ប្រសិនកូនខ្ញុំកើតហើយតើគេប្រុស ឬស្រី និងតើគេនៅរស់ ឬស្លាប់​ប្រសិនបើកូន​ខ្ញុំ​នៅ​រស់តើគេនៅទីណា។ ដែលសំណួរជាច្រើនបានធ្វើឱ្យខ្ញុំហូរទឹកភ្នែក ដោយ​ការឈឺចាប់។ ល្ងាចថ្ងៃ​ទី​ ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅ​មាត់ទន្លេ ស្រាប់តែរដ្ឋ​ម​ន្ត្រី​​ក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធ​និងកូន​ព្រមទាំងប្អូនស្រីខ្ញុំ​មក​ដ​ល់​ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណី​បែបនេះមាន២​លើករួចមកហើយ។ លើកទី១​មាន​ស្ត្រីអាយុប្រហែលម្តាយ ខ្ញុំបានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរ​ទេ​ស។ គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់​ច្រឡំ ព្រោះប្តីគាត់មាន​ឈ្មោះ​ដូច​​ខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀត​ក៏ទៅរកប្តីគាត់ដែរ។ ខ្ញុំមកជួបគាត់ គាត់​ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលនោះខ្ញុំប្រាប់គាត់ថាខ្ញុំហ្នឹង​ហើយជា​រដ្ឋ​ម​ន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡា​ទាល់តែខ្ញុំបើកឡានចេញពីក្រសួង មិនដឹងថា​គា​ត់​​ទៅ​ណាទៀតទេ។ ដោយសារមានរឿង​មិនពិតរួមផ្សំថាមានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿ​តែ​ម្តង។ តែយ៉ាងណា នៅម៉ោងប្រមាណ ៥ល្ងាច ហើយ ខ្ញុំក៏មកផ្ទះ។ ជារឿងរំភើបណាស់ ចុះ​ពី​លើឡានភ្លាមខ្ញុំក្រឡេកឃើញ​ រ៉ានី​ ប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេង​ប្រុស​ម្នា​ក់។ ប្រពន្ធខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូន​នេះ​បែជាគេចចេញទៅឱប​ម្តាយ​ហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារ​បានសម្ងំ​លា​​ក់​​ខ្លួន មករើសគួរស្រូវនៅ​ស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះច្របូកច្របល់ពេក មិន​ទាន់ហ៊ានចេញមុខនៅ​ឡើយ។ ភរិយាខ្ញុំបានទទួលដំណឹងថាខ្ញុំនៅរស់ជារៀងរហូតមក​ តែ​ដើ​ម្បីសេចក្តីសុខ​ នាង​សុខចិត្តលាក់ខ្លួនទ្រាំទ្រជាមួយការលំបាកមួយរយៈទៀត។​ ការជួបជុំ​ឡើង​វិញរវាងខ្ញុំ​និងភរិយា​ខ្ញុំបានបញ្ចប់ស្ថានភាពពោះម៉ាយនិងមេម៉ាយ​ ដែលរូបខ្ញុំមានឈ្មោះ​ជា​បុរសពោះម៉ាយ ឯ​ រ៉ានីមានឈ្មោះថាជាមេម៉ាយកូន១​។ ម៉ាណែត កូនប្រុសខ្ញុំហៅ​ខ្ញុំថា ​ពូ​រយៈ​ពេល២ខែ​ដោយ​សារតែគេមិនដែលមានឪពុកសម្រាប់ហៅ។​ នៅពេល ម៉ាណែត ព្រម​ហៅ​ខ្ញុំ​ថាពុកបា​ន​ប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូត​កូន​។ នេះជា​កំហុសរបស់ខ្ញុំដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះពុំមាន​ទឹក​ម៉ា​ស៊ីនប្រើ​ប្រាស់ទេ។ យើងត្រូវរកធុងទៅអូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅ​ពា​ង​​ខាង​ក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែង​ធ្វើកិ​ច្ច​ការ​នេះ​ជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយូរទឹកមក​ចាក់​បំពេញពាង ទើបធ្វើឱ្យកូនជិត២ខែនេះរលូត។ សោកដនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែក​តូច​មួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស   ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនា ​ព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។ សូមកុំឱ្យ​រឿងឈឺចាប់កើត​ឡើងលើ​ទឹ​​ក​ដី​កម្ពុជាតទៅទៀត៕

ដោយ ជឹម ណារី