រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញលើកទឹកចិត្ត ដល់មន្រ្តីរាជការឱ្យទៅបន្ដការបណ្តុះបណ្តាល​បន្ថែមទៀត នៅក្រៅ​ប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៣​ ​ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បាបបន្តជំរុញឱ្យប្រធានស្ថាប័នបន្តលើកទឹកចិត្តបញ្ជូន​មន្រ្តីទៅ​ទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសដើម្បីជំរុញឱ្យការងារកាន់តែមានប្រសិទ្ធភាពនៅ ក្នុងមុខជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។ ការលើកឡើងបែបនេះ ក្នុងឱកាសចូលរួម​បិទសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោទស្សន៍ និងទិសដៅការងារសម្រាប់​អនុវត្តន៍ក្នុងឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការបញ្ជូន​មន្រ្តីទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេស តាមរយៈការជួយពីបណ្តាប្រទេសមួយ​ចំនួននោះ នឹងធ្វើឱ្យមន្រ្តីយើងទទួលបាននូវចំណេះជំនាញថ្មីៗ យ៉ាងច្រើន ដើម្បីយកមក​ប្រើប្រាស់នៅក្នុងប្រទេសជាតិវិញ។ ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្តែងកន្លងទៅនេះ មន្រ្តី​ក្រសួងព័ត៌មានត្រូវបានចាត់បញ្ជូនទៅទទួលការបណ្តុះបណ្តាលចំណេះជំនាញផ្នែកវិទ្យុ និង សារព័ត៌មាននៅក្នុងប្រទេសវៀតណាមជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ការបញ្ជូនមន្រ្តីទៅ​ទទួលការបណ្តុះបណ្តាលជំនាញនៅក្រៅប្រទេសផ្ទាល់ គឺធ្វើឱ្យពួកគេស្វែងយល់ពីប្រទេស របស់គេដែលពួកគេទៅបូករួមជាមួយនឹងការទទួលបានចំណេះជំនាញដែលនឹងទទួលបានពីប្រទេសទាំងនោះ។

សូមជម្រាបថា កន្លងទៅៗ មន្រ្តីក្រសួងព័ត៌មាន តាមរយៈការជួយពីបណ្តាប្រទេសមួយ​ចំនួនដូចជា វៀតណាម ចិន កូរ៉េ ជាដើម ទៅធ្វើទស្សនកិច្ចសិក្សា និងទទួលការបណ្តុះ​បណ្តាល បានធ្វើឱ្យពួកគេទទួលបាននូវចំណេះជំនាញ ក៏ដូចជាបទពិសោធន៍ថ្មីៗជាច្រើន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័ន ក៏ដូចជាប្រទេសជាតិ៕

ដោយ ចាន់ សុធីវង្ស