អាជ្ញាធរខេត្ដក្រចេះ ប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនៅក្នុងខេត្ដ

AKP ក្រចេះ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ — អាជ្ញាធរខេត្ដក្រចេះ បានប្រារព្ធទិវាជាតិបង្កា និងពន្លត់អគ្គិភ័យនៅក្នុងខេត្ដដោយមានការចូល​រួម​ពីមន្ត្រីអង្គភាពពាក់ព័ន្ធ មន្រ្តីនគរបាលការិយាល័យបង្កានិងពន្លត់អគ្គិភ័យ នៃស្នងការ​ដ្ឋាននគរបាលខេត្តក្រចេះនិងសិស្សនិស្សិតជាយុវជនប្រមាណជាង៤០០នាក់។     លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានឱ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យឆ្នាំ ២០១៨ នៅខេត្តក្រចេះ បានកើតឡើង​ចំនួន​១៦លើក បើប្រៀបធៀបនឹងឆ្នាំ២០១៧ គឺមានចំនួន១៦លើកដូចគ្នា។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ បានយក​ចិត្តទុកដាក់ ដើម្បីបង្ខិតសេវាទៅដល់មូលដ្ឋាន និងជិតប្រជាពលរដ្ឋ ដោយក្នុងឆ្នាំ២០១៦ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទទួលបានរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ហើយ​នៅឆ្នាំ២០១៨ កន្លងទៅនេះ ទទួលបានបន្ថែមចំនួន១គ្រឿងទៀត​សរុបនៅខេត្តក្រចេះ​បច្ចុប្បន្ន​មានរថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿង បែងចែកទៅតាមអធិកាដ្ឋាននគរបាលក្រុង ស្រុក​ទាំង៦គ្រៀង និងចំនួន២គ្រឿង នៅការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន​នគរបាលខេត្ត។  

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការប្រារព្វទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យនេះឡើង គឺសំដៅរម្លឹកឱ្យប្រជាពលរដ្ឋយើងទូទាំងខេត្ត និយាយដោយ ឡែកនិងមនុស្ស ទូទៅនិយាយជារួម មានការយល់ដឹង និងចងចាំថា អគ្គីភិយគឺជាគ្រោះ​ថ្នាក់យ៉ាងសាហាវមួយ ដែលអាចបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យ សម្បត្តិប្រជាពលរដ្ឋ​បានគ្រប់ពេលវេលា។ លោកអភិបាលរងខេត្ដបានលើកឡើងថា ប្រជាពលរដ្ឋគ្រប់រូប មាន​កាតព្វកិច្ចចូលរួមទាំងអស់គ្នាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីធានាកាត់បន្ថយ​ការឆេះ​ខូចខាតទ្រព្យ សម្បត្ដិអាយុជីវិតទាំងមនុស្ស និងសត្វ។  

លោកបានបន្ថែមថា  ភ្លើង គឺជាមធ្យោបាយបម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស តែភ្លើងនេះ វាក៏នឹងក្លាយទៅជាអគ្គិភ័យ ឆេះបំផ្លាញទ្រព្យសម្បតិ្ត អាយុជីវិត មនុស្ស សត្វ និងបរិស្ថានគ្រប់ពេលវេលា នៅពេលណាមនុស្សធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្ន ដោយអនុវត្ដន៍ពុំមានបច្ចេកទេសត្រឹមត្រូវ ៕

ដោយ ជួន សុជាតិ