មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់បំផុត  ក្នុងការបង្ការទប់ ស្កាត់ គ្រោះអគ្គិភ័យ

AKP សៀមរាប ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ — ថ្លែងនៅក្នុងទិវាជាតិ បង្ការ ពន្លត់អគ្គិភ័យ លើកទី៤ នៅខេត្តសៀមរាប ​កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ បានមាន​ប្រសាសន៍ថា ការរៀបចំទិវាជាតិបង្ការ បន្លត់អគ្គិភ័យ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលត្រូវបានបង្ហាញជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីឱ្យឃើញអំពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាល បង្ការ និងពន្លត់អគ្គិភ័យ ក្នុងការងារបង្ការគ្រោះមហន្តរាយ ដែលបង្ករឡើងដោយគ្រោះអគ្គិភ័យ ជាមួយនឹងការការពារ សង្គ្រោះអាយុជីវិត ទ្រព្យសម្បត្តិ និងបរិសា្ថន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ចាក់ថា នៅក្នុង​ឆ្នាំ​២០១៩នេះ ប្រទេសកម្ពុជាត្រូវទទួលរងនូវឥទ្ធិពលនៃកំណើនកម្តៅជាងឆ្នាំកន្លងទៅ បង្កើតឱ្យមានការព្រួយបារម្ភចំពោះប្រភពដែលអាចបង្ករឱ្យកើតមានឡើងគ្រោះអគ្គីភ័យ។   ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់​ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុង ការ​បង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យ ព្រោះវាជាប្រភពនៃសោកនាដកម្មនៃជនរងគ្រោះ និង បង្ករផល វិបាកសម្រាប់សង្គមជាតិ ។

ជាមួយគ្នានេះដែរ ការងារបង្ការដោះស្រាយបញ្ហាគ្រោះថ្នាក់អគ្គិភ័យ ត្រូវបានស្ថិតក្រោម​ទស្សនវិស័យ កាត់បន្ថយឱ្យបានជាអតិបរិមា នូវគ្រោះអគ្គិភ័យ ព្រមគ្នាជាមួយនឹងការជរុញ លើកកម្ពស់វិធានការបង្ការពន្លត់អគ្គិភ័យ អភិវឌ្ឍន៍សមត្ថភាពមន្រ្តីនគរបាលជំនាញ ឱ្យ​ស្រប​តាមការរីកចម្រើនរបស់ប្រទេសជាតិ និងសកលភាវូបនីយកម្មពិភពលោក។ ឯកឧត្ដមក៏បាន ណែនាំដល់ផ្នែកជំនាញពាក់ព័ន្ធ ក៏ត្រូវមានការយកចិត្តទុកដាក់ផងដែរ អំពីជំនាញស៊ើបអង្កេត ស្រាវជ្រាវបទល្មើស ដែលបង្ករឱ្យមានអគ្គិភ័យ ឬគ្រោះថ្នាក់អគ្គិភ័យ ដែលកើតឡើង​ដោយ​ករណីប្រធានស័ក្តិ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ការប្រារព្ធ​ទិវាជាតិ​បង្ការ និងពន្លត់អគ្គិភ័យលើកទី៤ ឆ្នាំ២០១៩ នៅក្រុងសៀមរាបនេះ  គឺមានការចូលរួមផងដែរ ពីសំណាក់ក្រុមអ្នកជំនាញពន្លត់អគ្គិភ័យមកពីប្រទេសថៃ ដើម្បីបង្ហាញអំពីវិធីពន្លត់ អគ្គិភ័យ​ដោយបំពង់ហ្គាស ដែលកម្មវិធីនេះ មានសារប្រយោជន៍សម្រាប់ផ្តល់ចំណេះ ខាងដំណោះ​ស្រាយពេលមានគ្រោះអាសន្ន ផ្ទះបាយជាដើម ទប់ស្កាត់ទាន់ពេលវេលា មុននឹងរីករាលដាល ទៅជាគ្រោះមហន្តរាយនៃអគ្គិភ័យ។ ឯកឧត្ដមបានបន្ដថា នៅក្នុងកម្មវិធី ក៏មានការធ្វើសមយុទ្ធ ពន្លត់អគ្គិភ័យទ្រង់ទ្រាយធំ របស់កងកម្លាំងចម្រុះ ពន្លត់អគ្គិភ័យរបស់ខេត្តសៀមរាបផងដែរ ។

លោកឧត្តមសេនីយត្រី ភឹង សម្បត្តិ ស្នងការរងនគរបាលខេត្តសៀមរាប​ទទួលការិយា​ល័យ​អគ្គិភ័យ  បានបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យ បានបង្កឱ្យ​កើតមាននៅទូទាំងខេត្តសៀមរាបចំនួន៣៩ករណីលើ ១៩ករណី ករណីឆេះផ្ទះ ២៤ លើ១៩​ខ្នង ដោយប្រើប្រាស់ទឹកអស់៦៣ រថយន្ត។ អគ្គិភ័យទាំងនេះគឺបណ្តាលមកពី ការឆេះធុង​ហ្គាស ដុតធូក ទៀនចោល និងឆ្លងចរន្តអគ្គិសនី ៕

ដោយឃុត សៅ