មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ នាំយករបាំកួយរុំចន្លុះ ចូលរួមប្រកួតប្រជែង ក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៥ឆ្នាំ២០១៩

AKP កំពង់ធំ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ — ដើម្បីចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៥ឆ្នាំ២០១៩នៅរសៀលថ្ងៃទី២២កុម្ភៈឆ្នាំ២០១៩នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានជ្រើស យករបាំកួយរុំចន្លុះទៅចូលរួមប្រកួត។

លោក ហិន សោភ័ណ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដកំពង់ធំបានបញ្ជាក់ថា គោល បំណងនៃការដំឡើងរបាំនេះឡើង សំដៅអភិរក្ស ថែរក្សា និងលើកតម្កើងនូវវប្បធម៌ប្រពៃណី ទំនៀមទម្លាប់នៃការធ្វើចន្លុះរបស់ជនជាតិដើមភាគតិចកួយនៅខេត្តកំពង់ធំ។ លោកបានបន្ដ ថា ក្រោយពីធ្វើការខិតខំហាត់សម កន្លងទៅថ្មីៗ រហូតដល់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ ២០១៩​របាំកួយ រុំចន្លុះ ត្រូវបានដាក់ឆ្លងការសម្ដែងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ​។

សូមបញ្ជាក់ថា របាំកួយរុំចន្លុះ សម្ដែងដោយយុវជន ជនជាតិភាគតិចគួយ​ស្រុកប្រាសាទសំបូរ រយៈពេលប្រហែលប្រាំពីរនាទី ប្រកបដោយទេពកោសលសិល្បៈ មានអមដោយទំនុកបទភ្លេង បទចម្រៀងចំនួនបួនបទ ដូចជាបទចាស់ស្រុកនិងបទកួយរុំចន្លុះ ជាដើមផងដែរគេឃើញទស្សនិកជនបាន តាមដានទស្សនាមិនដាច់ពីភ្នែក និងបានផ្តិតយក រូបភាពទុកជាឯកសារទៀតផង។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ដកំពង់ធំ បានមានប្រសាសន៍កោតសរសើរទៅ លើការខិតខំដឹកនាំរៀបចំបង្កើតជារបាំនេះឡើងប្រកបដោយវិជ្ជាជីវៈជំនាញច្បាស់លាស់អាចទទួលយកបានទាំងការសំដែងខ្លឹមសារ និងសោភណភាពជាដើមសម្រាប់ទៅចូលរួមប្រកួត ប្រជែងថ្នាក់ជាតិនាថ្ងៃទី២២ខែកុម្ភះឆ្នាំ២០១៩នេះ។

លោក ហិន សោភ័ណ តំណាងឱ្យយុវជនសិល្បករបានថ្លែងអំណរគុណចំពោះ អាជ្ញាធរខេត្ដ និងទស្សនិកជនដែលបានឆ្លៀតឱកាដចូលរួមគាំទ្រការឆ្លងរបាំកួយរុំចន្លុះ របស់​ខេត្ត ដែលគេសង្ឃឹមថារបាំនេះអាចនឹងទទួលបានជ័យលាភីថ្នាក់ជាតិក្នុង ការចូលប្រកួក​ប្រជែងក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសនេះផងដែរ៕

ដោយ ស៊ុម វណ្ណា