រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩

AKP ព្រះសីហនុ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ — នាព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិវាជាតិទីក្រុងស្អាត ក្រោមប្រធាន បទ “ទីក្រុង ស្អាត ទីក្រុងផ្តល់ភាពកក់ក្ដៅ ” នៅឆ្នេរអូឈើទាល ស្ថិតក្នុងសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្នុងគោលបំណងបំផុស និងលើកទឹកចិត្តដល់បងប្អូន ជនរួមជាតិ ពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរ ឱ្យយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ រួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា សំដៅកែលម្អជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ រួមចំណែកថែរក្សាភពផែនដី កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋប្រកបដោយចីរភាពនៅតាមបណ្ដាទីក្រុង ដើម្បីឆ្លើយ តបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

ដោយសារតែមានការអភិវឌ្ឍថ្មីៗនូវគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានា ឈរលើមូលដ្ឋានសំខាន់  ដើម្បីប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្ត ” ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ” ដែលជាយុទ្ធសាស្ត្រដ៏សមស្របមួយក្នុងការរួមចំណែក អភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតងប្រកបដោយសុវត្ថិភាពខ្ពស់។

ឯកឧត្តមបន្តថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ឆ្លុះបញ្ចាំងពីភាពវៃឆ្លាត  “ភាពស្អាត និងបៃតង” ធានាសន្តិសុខ សុវត្ថិភាពពេញលេញ ព្រមទាំងការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺ ផ្តល់នូវភាពកក់ក្តៅសម្រាប់ការរស់នៅ និងភ្ញៀវទេសចរ ។ ធានាភាពស្អាត បៃតង អនាម័យ និងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់មធ្យោបាយ សន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋាកិច្ចល្អ មានសម្បទាផលិតផល និងសេវាកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីទាក់ ទាញភ្ញៀវមកទស្សនាកម្សាន្ត ត្រូវតែជាក្រុងវៃឆ្លាត ក្រុងបៃតង ជាទីក្រុងស្អាត ជាទីក្រុងដែលមានបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ គួបផ្សំនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្ដល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។ ចូលរួមអនុវត្តន៍ឱ្យ បានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវនូវចលនាប្រឡងប្រណាំង ” ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ” ដើម្បីឱ្យកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចិរភាព និងភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមនឹងកិត្តិនាមថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់នូវភាពកក់ក្តៅ ។

ឯកឧត្តមបន្តថា ដើម្បីឆ្លើយតបទៅនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាត រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តខិតខំការងារអទិភាពមួយចំនួន:  ចាប់យកនូវកុលានុវត្តភាព នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ឆ្ពោះទៅអភិវឌ្ឍទីក្រុងប្រកបដោយភាពវៃឆ្លាត smart city និងទេសចរណ៍ឆ្លាតវៃ Smart Tourism។ រៀបចំសកម្មភាពទីក្រុងស្អាតតាមស្ថាប័ន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម រោងចក្រ សហគ្រាស សំដៅធ្វើឱ្យកន្លែងទាំងនោះប្រកបដោយភាពស្អាត និងបៃតង ជំរុញលើកទឹកចិត្តយុទ្ធនាការទេសចរណ៍ម្នាក់ដើមឈើមួយដើម យុវជនម្នាក់ ដើមឈើមួយដើម គូស្រករមួយគូរ ដើមឈើពីរដើម ។ ត្រូវយកចិត្តទុកដាក់លើការងារអនាម័យ  និងសង្កាត់គំរូ តាមទីក្រុង ទីប្រជុំជន ស្របតាមស្តង់ដាររមណីយដ្ឋានទេសចរណ៍។ រៀបចំឱ្យមានសួនកម្សាន្តកុមារ និងទីតាំងលេងកីឡា។ បង្កើនវិថីម្ហូបអាហារ (Food Steet) និង ពង្រឹងគុណភាពសេវាកម្មលក់ម្ហូបអាហារតាមដងផ្លូវ (Street Food )ស្របតាមស្តង់ដារ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ គាំទ្រយុទ្ធនាការ”។ ទេសចរណ៍ គឺជាការនាំចេញនៅនឹងកន្លែង ” ។ ខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ស្របតាមទស្សនទាន ” ទីក្រុងស្អាត: ទីក្រុងប្រកបដោយសុខសុវត្ថិភាពល្អ និង  “ទីក្រុងស្អាត: ជាទីក្រុងមានសណ្តាប់ធ្នាប់សាធារណ:ល្អ ” ដើម្បីឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

ដោយ ងូ សុមុនី