CNCC និង AIA រួមគ្នាអភិវឌ្ឍន៍បាល់ទាត់កម្ពុជាកម្រិតមូលដ្ឋានដោយគ្រូបង្វឹកពីរនាក់ មកពីក្លិបអង់គ្លេស Tottenham Hotspur

AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ — គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC នៃ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនធនារ៉ាប់រងអាយុជីវិត AIA Cambodia បានរួមសហការគ្នាបើកកម្មវិធីអភិវឌ្ឍន៍​កីឡាបាល់ទាត់កម្រិតមូលដ្ឋាន ដោយទទួលបានការសហការពីក្លិបបាល់បាត់ Tottenham Hotspur ដែលជាក្លិបលីគកំពូល English  Premier League នៃចក្រភពអង់​គ្លេសបាន​បញ្ជូន គ្រូបង្វឹកពីររូបមកជួយចែករំលែកបទពិសោធន៍បច្ចេកទេសជូនដល់គ្រូបង្វឹក គ្រូជំនួយកម្ពុជា ចំនួន២៨នាក់មកពីក្លិបកំពូលនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា និងគ្រូបង្វឹក ១០រូបផ្សេងទៀតនៃ CNCC នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ទៅសាលប្រជុំសាកលវិទ្យាល័យ AUPP រាជធានីភ្នំពេញ។

កម្មវិធីបណ្តុះបណ្តាលនេះមានចំនួន៤វគ្គ ដែលវគ្គទី១ផ្តោតសំខាន់លើទ្រឹស្តីក្នុងថ្នាក់ និងការ​ធ្វើការជាក្រុម ក្រោមការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសពីររូប មកពីក្លិប Tottenham Hotspur គឺលោក Anton Blackwood និង លោក Shaun Harris ស្តីអំពីកម្មវិធីអភិវឌ្ឍន៍ គ្រូបង្វឹក កីឡាករថ្នាក់មូលដ្ឋានរបស់ Spurs ព្រមជាមួយនឹងការ លើកឡើងអំពីអត្ថប្រយោជន៍នៃបាល់ ទាត់កម្រិត មូលដ្ឋានសម្រាប់កុមារា កុមារី។

លោក Richard Bates អគ្គនាយក្រុមហ៊ុន AIA Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុន​របស់លោកពិត ជាមានមោទនភាពណាស់ ដែលអាចនាំគ្រូបង្វឹកបាល់ទាត់ដែលឈានមុខគេ ២នាក់មកពីក្លិប Spurs មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបណ្តុះបណ្តាល និងលើកទឹកចិត្ត ដល់គ្រូបង្វឹកនានា ដែលស្ថិតក្នុងក្របខ័ណ្ឌលីគ កំពូលកម្ពុជា។ លោកអគ្គនាយកបន្ថែម ទៀតថា គុណតម្លៃនៃកីឡាបាល់ទាត់ គឺការធ្វើការជាក្រុម និងការរស់នៅ ប្រកបដោយ សុខភាពល្អ ហើយនេះជា AIA ដែលយកចិត្តទុកដាក់យ៉ាងខ្លាំង។ ដូច្នេះយើងអបអរចំពោះ ឥទ្ធិពល វិជ្ជមាននៃកម្មវិធីនេះទៅលើអនាគតនៃវិស័យកីឡាបាល់ទាត់ នៅកម្ពុជា។

លោក ឆាំង​ ពិសិដ្ឋ លេខាប្រតិបត្តិ CNCC លើកឡើងថា គំនិតផ្តួចផ្តើមនេះ គឺជា សញ្ញាលើកទឹកចិត្តមួយ សម្រាប់លើកកម្ពស់ដល់វិស័យកីឡាបាល់ទាត់កម្ពុជា។

លោក មាស ចាន់ណា គ្រូបង្វឹកក្លិបកីឡាបាល់ទាត់ណាហ្គាវើល ដែលក្រុមជើងឯកលីគ​កំពូលកម្ពុជា រដូវកាល ២០១៨ បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា គ្រូបង្វឹក Spurs មានចំណេះដឹងច្រើន និងមានយុទ្ធសាស្រ្តច្រើនធ្វើឱ្យសិស្សចូលរួមយ៉ាងសកម្ម ហើយលោក ពិតជារីករាយ ដែលបានចូលរួម និងទទួលការបណ្តុះបណ្តាលពីពួកគាត់ ក្រោមការរៀបចំ ពីCNCC និង AIA៕

ដោយ ហេង ណាលីន