ឯកឧត្ដម ឃួង ស្រេង៖ អំណោយមនុស្សធម៌របស់សប្បុរសជនជូនកាកបាទក្រហមរាជធានី ភ្នំពេញ ត្រូវតែផ្តល់ជូនទៅជនរងគ្រោះ និងជនងាយរងគ្រោះ

AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាក់ថា អំណោយមនុស្សធម៌របស់សប្បុរសជននានា ដែលជួយឧបត្ថម្ភមក កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ត្រូវតែផ្តល់ជូនទៅជនរងគ្រោះ និងជនដែលងាយរងគ្រោះ។ ការលើកឡើងបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំលើកទី១ ដើម្បីដាក់ទិសដៅការងារ សម្រាប់មនុស្សធម៌ឱ្យមានប្រសិទ្ធភាព នៅមូលដ្ឋាន សម្រាប់ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហម រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីបើកកិច្ចប្រជុំជាមួយ មន្ដ្រីបុគ្គលិកសាខាកាកបាទក្រហមរាជធានីនាថ្ងៃនេះ គឺមានគោលបំណងពិភាក្សាទៅលើ ចំណូល-ចំណាយរបស់កាកបាទក្រហម ការរៀបចំវគ្គបណ្ដុះបណ្ដាល ធនធានមនុស្ស ពិសេសការបណ្ដុះបណ្ដាលយុវជនកាកបាទក្រហម ដែលក្នុងឆ្នាំ២០១៩នេះ យុវជនកាកបាទក្រហមរាជធានី នឹងត្រូវជ្រើសរើសឡើងចំនួន៣០០០នាក់ ដើម្បីបម្រើឱ្យសកម្មភាពមនុស្សធម៌ ដូចជាការ សង្គ្រោះបឋមការផ្សព្វផ្សាយនូវ ច្បាប់ចរាចរណ៍ផ្លូវគោក និងការអប់រំ ពាក់ព័ន្ធនឹងបញ្ហាគ្រឿង ញៀនជាដើម។ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ថវិកា ដែលបម្រើដល់សកម្មភាព មនុស្សធម៌ដាច់ខាតត្រូវតែប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីឱ្យសប្បុរសជនមានទំនុកចិត្ត មកលើកាកបាទក្រហមយើង។ កន្លងមកនេះកាកបាទ ក្រហមរាជធានីភ្នំពេញបានជួយបញ្ជូន ជនរងគ្រោះទៅកាន់មណ្ឌលសុខភាពឬមន្ទីពេទ្យនៅជិតបំផុតបានទាន់ពេលវេលា បានចុះពិនិត្យតាមដានសកម្មភាពការងារជាប់ជាប្រចាំ។ កាត់បន្ថយអត្រាឆ្លងមេ រោគអេដស៍ឱ្យនៅកម្រិត ទាបបំផុត ការបង្ការទប់ស្កាត់ការរីករាលដាល មេរោគអេដស៍ បំបាត់ការ រើសអើងអ្នកផ្ទុកមេ រោគអេដស៍ជំងឺអេដស៍ ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ដូចជាជំងឺគ្រុនឈាមគ្រុនចាញ់គ្រុនផ្តាសាយបក្សីប្រភេទថ្មីៗជាដើម។

ឯកឧត្តមប​ន្តទៀតថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពមនុស្សធម៌ ហើយ កម្មវិធីសុវត្ថិភាព សហគមន៍ ប្រជាពលរដ្ឋទទួលចំណេះដឹងស្ដីអំពីសមត្ថភាព សហគមន៍បើក វគ្គផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យបានជ្រាបអំពី សុវត្ថិភាពសហគមន៍ ការអភិវឌ្ឍធនធានមនុស្សការងារនៅតាមអនុសាខាទាំង១២ ដើម្បីឱ្យបានដំណើរការល្អ។ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសាខានិងអនុសាខា ពង្រឹងរចនាសម្ព័ន្ធរបស់សាខាបានរឹងមាំ បណ្ដុះបណ្ដាល បំប៉នសមត្ថភាពបន្ថែមតាមការកំណត់របស់កាកបាទក្រហមកម្ពុជា ៕

ដោយ សួស សំរិត