ឯកឧត្តម ខៀវ កាញារីទ្ធ៖ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះមានព្រឹត្តិការណ៍ធំៗជាច្រើនដែលប្រព័ន្ធ ផ្សព្វផ្សាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានយកចិត្តទុកដាក់ផ្សព្វផ្សាយទាន់ពេលវេលា

AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ មានព្រឹត្តិការណ៍ធំៗជាច្រើនដែលប្រព័ន្ធផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិបានយកចិត្តទុកដាក់ផ្សព្វផ្សាយទាន់ពេលវេលា ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់ទិសទីបានដឹងបានយល់ តាមរបៀបផ្សាយប្រទាក់ក្រឡាគ្នា ពីថ្នាក់ជាតិទៅថ្នាក់រាជធានីខេត្ត និងពីថ្នាក់ខេត្តមកថ្នាក់ជាតិវិញ ។ ក្នុងសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារ សម្រាប់អនុវត្តន៍ឆ្នាំ២០១៩របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានពង្រឹងពង្រីកមធ្យោបាយផ្សព្វផ្សាយ ទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះ មានស្ថានីយ៍ទូរទស្សន៍នៅថ្នាក់ជាតិមួយគឺ ទូរទស្សន៍ជាតិកម្ពុជា (ទទក) ហើយនៅថ្នាក់ខេត្តមានស្ថានីយទូរទស្សន៍ចំនួន៥ស្ថានីយ។

ចំណែកឯ ស្ថានីយវិទ្យុជាតិចំនួន៣នៅថ្នាក់ជាតិគឺវិទ្យុ AM 918 KHz និង វិទ្យុFM 96 KHz  និងវិទ្យុវត្តភ្នំ ហើយនៅតាមរាជធានីខេត្ត មានវិទ្យុFM ស្ទើរតែគ្រប់ខេត្តលើកលែងតែខេត្ត ដែលនៅកៀកនឹងរាជធានីភ្នំពេញ។ ក្រៅពីនេះ មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក និងទស្សនាវដ្តីកម្ពុជាចេញផ្សាយប្រចាំខែផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបានខិតខំ បំពេញភារកិច្ច សម្រេចបានលទ្ធផលការងារជាច្រើន តាមផ្នែក តាមជំនាញ និងតាមទិសដៅភារកិច្ចដែលបានដាក់ចេញកាលពីសន្និបាតបូកសរុបការងារឆ្នាំមុន។

សូមរម្លឹកថា ព្រឹត្តិការណ៍ធំៗក្នុងឆ្នាំ២០១៨កន្លងទៅនេះ មានដូចជា ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ កិច្ចប្រជុំកំពូលគណៈកម្មាធិការ ទន្លេមេគង្គ សៀមរាប  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលមានគណបក្ស នយោបាយចំនួន២០ បានចូលរួមឈរឈ្មោះបោះឆ្នោត និងមានប្រជាពលរដ្ឋចំនួន ៨៣,២ភាគរយ បានទៅបោះឆ្នោតក្នុងចំណោមប្រជាពលរដ្ឋ ៨. ៣៨០.២១៧នាក់ ដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត  ការប្រារព្ធខួបលើកទី៤០នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះ ជាតិកម្ពុជានៅវិមាន២ធ្នូស្រុកស្នួលខេត្តក្រចេះ ការសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងមានព្រឹត្តិការណ៍ជាតិជាច្រើនទៀត ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច អភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាដើម៕

ដោយ គង់ សិរីរ័ត្ន