ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងពីការបោសសម្អាតគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យរួចរាល់ត្រឹមឆ្នាំ២០២៥

AKP ភ្នំពេញ ថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះ​អា​ង​ពី​​ការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យរួចរាល់ត្រឹមឆ្នាំ២០២៥ ដើម្បី​ឆ្ពោះ​​ទៅរកកម្ពុជាមួយដែលគ្មានមីននៅឆ្នាំ២០២៥។ នេះបើយោងតាមសារលិខិតរបស់​សម្ដេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងជូន​ជន​រួម​ជាតិ ក្នុងទិវាជាតិយល់ដឹងអំពីមីន លើកទី២០។

សារលិខិតបានគូសបញ្ជាក់ថា ថ្ងៃទី២៤ ខែកុម្ភៈនេះ ជាខួបលើកទី២០ ទិវាយល់ដឹងអំពី​មី​ន ដើម្បីរំម្លឹកប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនជនរួមជាតិ ដែល​រស់​​នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែក​ច​ង្កោ​​​ម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ។ គ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ដែលជាកេរ្តិ៍ដំណែលបន្សល់ទុ​កពី​ស​ង្គ្រាមឥណ្ឌូចិន និងជម្លោះផ្ទៃក្នុងកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍ មិនត្រឹមតែបង្កសោក​នា​​ដកម្មដ៏ធ្ងន់ធ្ងរ ចំពោះអាយុជីវិត សុខភាពប្រជាពលរដ្ឋយើងប៉ុណ្ណោះទេ តែថែមទាំងជា​ឧប​ស​គ្គ សម្រាប់ការស្ដារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិទៀតផង។ ដើម្បីដោះ​ស្រា​យ​បញ្ហារាំងស្ទះនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីន ជាគោលដៅ ទី​១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបានបញ្ចូលវិ​ស័​យ​នេះ ជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់ខ្លួន។

សារលិខិតបានបន្តថា ក្រោ​មនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបាន សន្តិភាពពេញ​លេញទូទាំង​ប្រ​ទេ​​ស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ ចាត់ចែងការងារវិស័យ​សកម្ម​ភា​​ពមីន នៅគ្រប់តំបន់ដែលរងការគំរាមកំហែងដោយសារគ្រាប់ ទាំងនោះ ប្រកបដោយ​ប្រ​សិទ្ធ​ភាព។ គិតមកដល់ឆ្នាំ២០១៩ សកម្មភាពបោសសម្អាតមីន និង សំណល់ជាតិផ្ទុះពី​សង្គ្រា​ម​ជាលក្ខណៈមនុស្សធម៌នៅកម្ពុជាមានរយៈពេល ២៧ឆ្នាំមកហើយ ។ ពីឆ្នាំ១៩៩២ ដល់ខែធ្នូ ឆ្នាំ​២​០​១៨ បានសម្រេចរំដោះដីមានមីនបានជាង ១.៨០២គីឡូម៉ែត្រ ក្រឡា ជូនប្រជាពលរដ្ឋ​សម្រា​ប់​កសាងភូមិដ្ឋាន ធ្វើស្រែចម្ការ កសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា និងបានរ​ក​ឃើ​ញ​និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.០៦២. ៦៦១គ្រាប់ មីនប្រឆាំងរថ​ក្រោះ​ចំ​នួ​ន ២៤.៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម២.៧៦៧. ០២០គ្រាប់ ព្រមទាំង​បាន​ធ្វើ​ឱ្យ​​ចំនួនជនរងគ្រោះធ្លាក់ចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មក ត្រឹម ៥៨នាក់ ក្នុងឆ្នាំ២០១៨ កន្ល​ង​​ទៅ។ ទន្ទឹមនឹងនេះគ្រោះថ្នាក់ដោយសារមីន សំណល់ជាតិ ផ្ទុះពីសង្គ្រាម នឹងគ្រាប់បែក​ច​ង្កោ​​ម ក៏នៅតែបង្កឱ្យប្រជាពលរដ្ឋយើងធ្លាក់ខ្លួនពិការ ស្លាប់បាត់ បង់ជីវិត មនុស្ស សត្វពាហនៈ និងខូ​ចខាតទ្រព្យសម្បត្តិអស់ជាច្រើន។ ដើម្បីដោះស្រាយនូវ បញ្ហាគំរាមកំហែងទាំងឡាយដែល​ប​ន្ស​ល់​ទុ​កដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និង គ្រាប់បែកចង្កោម រាជរដ្ឋាភិបាល​កម្ពុ​ជា​​ទើបតែអនុម័តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ក្នុងគោលបំណ​ងបំ​ផ្លា​​ញចោលគ្រាប់លាក់មុខទាំងនោះ ឱ្យរួចរាល់នៅត្រឹមឆ្នាំ ២០២៥ ឆ្ពោះទៅរកកម្ពុជាមួយដែល​គ្មាន​មីនឆ្នាំ២០២៥។ ផ្អែកតាមលទ្ធផលពីការស្រាវជ្រាវ ចម្ការមីនមូលដ្ឋានបានបង្ហាញថា កម្ពុ​ជា​​នៅមានផ្ទៃដីដែលសង្ស័យថាមានមីន សំណល់ជាតិ ផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ប្រ​មា​ណជាង ១.៩៧០គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវ ធ្វើការបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ​២០​២៥ និងត្រូវចំណាយថវិកាប្រមាណ ៤០៦លាន  ដុល្លារអាម៉េរិក៕

ដោយជឹម ណារី