ប្រជាពលរដ្ឋនៅឃុំកំពង់អុសទទួលបានទឹកធ្វើស្រែប្រាំង និងផ្លូវក្រាលក្រួសក្រហមជាច្រើនខ្សែ

AKP កណ្តាល​ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ -អគ្គនាយកក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍​បានរៀបចំប្រព័ន្ធបង្ហូរទឹកចែកជូនប្រជាពលរដ្ឋតាមសំណូមពរ សម្រាប់ស្រោចស្របដំណាំស្រូវប្រាំងដំណាក់កាលទី២ ឡើងវិញនៅឃុំកំពង់អុស​ ស្រុកពញាឮ​ ខេត្តកណ្តាល​ ដែលក្រុមហ៊ុនបានអនុវត្តន៍នយោបាយរបៀបនេះជារៀងរាល់ឆ្នាំ នឹងធ្វើការជួសជុលផ្លូវក្រាលក្រួសក្រហមជូនពលរដ្ឋជាច្រើនខ្សែបន្ថែមទៀត ដើម្បីឱ្យបងប្អូន ងាយស្រួល ដឹកកសិផល ដែល បងប្អូនដាំបានយក មកលក់នៅទីផ្សារងាយស្រួលធ្វើដំណើរ ។

លោក លី សាម៉េត អគ្គនាយកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ បានបញ្ជាក់បែបនេះ ក្នុងឱកាសដែលលោកនិងសហការី​ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣០០ គ្រួសារនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កាលពីរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក លី សាម៉េត មានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យអ្នកវិនិយោគមានការជឿជាក់ក្នុងការបណ្តាក់ទុនរកស៊ីលើគ្រប់វិស័យ។ដូច្នេះហើយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មអេងឌីប៉ូអភិវឌ្ឍន៍ មានសមត្ថភាពរក្សាទឹកទុកធ្វើស្រែប្រាំងបានជាច្រើនពាន់ហិកតានៅទូទាំងគម្រោង និងចែកចាយឱ្យប្រជាពលរដ្ឋនៅជុំវិញគម្រោងបានប្រើប្រាស់ជាច្រើនហិកតាថែមទៀត។

​លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោក វិនិយោគទៅលើកសិកម្មស្រូវដ៏ធំជាងគេ បើទោះបីបានផ្អាកដំណើការមួយរយៈដោយសារមានបញ្ហាដែលត្រូវដោះស្រាយ តែក្រុមហ៊ុនបានស្តុកទឹកទុកជាច្រើនអាង ដែលក្រុមហ៊ុនបានកសាងទុកផ្គត់ផ្គង់ដើម្បីប្រើប្រាស់ក្នុងក្រុមហ៊ុន និងអាចជួយស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋនៅឃុំកំពង់អុស បានរាប់រយហិកតាក្នុងរដូវប្រាំង ដែលកំពុងតែប្រឈមការខ្វះទឹក ស្របតាមប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអំពាវនាវឱ្យអាជ្ញាធរគ្រប់សមត្ថកិច្ចទាំង២៥រាជធានី ខេត្ត ត្រៀមទឹកសម្រាប់ជួយប្រជាពលរដ្ឋនៅរដូវប្រាំងនេះ ។

​លោកលី សាម៉េត បានបញ្ជាក់ថា ក្រុមហ៊ុនបានត្រៀមជាស្រេចក្នុងការជួយសង្គ្រោះស្រែប្រាំងរបស់ប្រជាពលរដ្ឋដែលនឹងប្រឈមបញ្ហាខ្វះទឹកនេះ ក្រុមហ៊ុននឹងបើកទឹកឱ្យប្រជាពល រដ្ឋបានប្រើប្រាស់គ្រប់ពេលដែលពួកគាត់ត្រូវការ ជារៀងរាល់ឆ្នាំ​ ។

​លោក ឈុំ សារ៉ន ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះទឹក បាននិយាយថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាង៣០០គ្រួសារកំពុងខ្វះខាតទឹកធ្វើស្រែប្រាំង ដោយហេតុនេះទើបលោកសម្រេចឡើងមកសុំលោក លីសាម៉េត ដែលជាអគ្គនាយកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍នៅពេលនេះ ដើម្បីបានទឹកធ្វើស្រែប្រាំងបន្ដ ហើយលោកក៏បានឯកភាពជួយតាមសំណើ ។ ប្រជាលរដ្ឋក៏ បានសម្តែងការសប្បាយរីករាយចំពោះក្រុមហ៊ុន ដែលមានទឹកត្រៀមជួយប្រជាពលរដ្ឋ ពួកគាត់ដែលកំពុងជួបបញ្ហាខ្វះទឹកដាក់ស្រែប្រាំងជាច្រើនហិកតា នៅជុំវិញគម្រោងក្រុមហ៊ុន ហើយពួកគាត់លែងបារម្ភទៀតហើយ ។

​ជាមួយគ្នានេះផងដែរ លោក លី សាម៉េត បានចុះពិនិត្យផ្លូវ ស្ពាន(ស្ពានសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រែកដងគោម) និងស្ពានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាមាក់ ប្រឡាយទឹក និងអាងស្តុកទឹក ដើម្បីមានវិធានការចាប់ផ្ដើមដាក់គ្រឿងចក្រចុះជួសជុលផ្លូវ ក្រាលក្រួសក្រហមជាបន្ទាន់ ដែលផ្លូវទាំងនោះកន្លងមករងការខូចខាត ដោយសារទឹកជំនន់ក្នុងរដូវវស្សា ធ្វើឱ្យខួចខាតស្ទើរទាំងស្រុង ៕

ដោយសួស សំរិត