អភិបាលខេត្តបាត់ដំបងចុះពិនិត្យការសាងសង់សាលារៀននៅស្រុកចំនួនបីក្នុងខេត្ត

AKP បាត់ដំបង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា ចំនួន ៤ទីតាំងស្ថិតនៅក្នុងស្រុកថ្មគោល ស្រុកបវេល និង ស្រុកកំរៀង  ។

ទីតាំងទាំង៤ដែលឯកឧត្តម អភិបាលខេត្តចុះពិនិត្យនោះរួមមាន៖ ទី១-អគារសិក្សា១ខ្នង នៅវិទ្យាល័យជ្រៃ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។ ទី២-អគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។ ទី៣-អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យបវេលសាមគ្គី ស្ថិតក្នុងឃុំបវេល ស្រុកបវេល ។ ទី៤-អគារសិក្សា២ខ្នង នៅវិទ្យាល័យកំរៀង ស្ថិតក្នុងឃុំអូរដា ស្រុកកំរៀង ។

នៅក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់សាលារៀននោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមមន្ត្រីរ ពាក់ព័ន្ធ និង ក្រុមជាងសាងសង់ទាំងអស់សូមឱ្យគិតពីគុណភាពជាចម្បង និង ធ្វើយ៉ាងណាឱ្យទាន់កាលកំណត់ចៀសវាងការយឺតយ៉ាវនាំឱ្យខកខានដល់ការសិក្សារបស់សិស្សានុសិស្ស៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)