ផ្ទះចំនួន១៤០ខ្នងអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងប្រគល់​ជូន​អតីតយុទ្ធជនក្នុងខេត្តបន្ទាយមានជ័យនៅពេលខាងមុខនេះ

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ​ខែកុម្ភៈ ឆ្នាំ២០១៩ -ផ្ទះចំនួន១៤០ខ្នងដែលជាអំណោយរបស់​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងប្រគល់ជូនដល់អតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ នៅពេលដ៏ខ្លីខាងមុខនេះ​ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ពួកគេកាន់តែមានភាពប្រសើរឡើង។

ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នូវផ្ទះទាំង១៤០ខ្នងនេះ ដែលស្ថិតនៅក្នុង​តំបន់ការ៉េ២ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ​ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានឱ្យដឹងថា ផ្ទះទាំងអស់ដែលបាន សាងសង់ហើយនេះ និងមួយចំនួនកំពុងបន្តសាងសង់ទៀតនោះ គឺជាអំណោយ​ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនយើងដែលពួក គាត់កំពុងមានជីវភាពខ្វះខាតនោះ។ ពិធីប្រគល់ផ្ទះនេះបើគ្មានការ​ប្រែប្រូលទេនោះនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងទៀតថា ក្រៅពីការផ្តល់ផ្ទះសម្បែងដែលជា ទី​ជម្រកសម្រាប់ការស្នាក់នៅយ៉ាងសមរម្យហើយនោះ រាជរដ្ឋាភិបាលក៏ផ្តល់ដីធ្លីជារបបគោល​នយោបាយសម្រាប់ឱ្យពួកគេសម្រាប់បង្កបង្កើនផលកសិកម្មផងដែរ។ ក្រៅពីនេះនៅមានការ​រៀបចំផ្តល់ជូននូវសេវាសុខាភិបាលដើម្បីជួយថែទាំសុខភាព និងសេវាអប់រំ មានសាលារៀន នៅ​ជិតផ្ទះឱ្យកូនចៅពួកគាត់បានចូលរៀនសូត្រគ្រប់គ្នាទៀតផង។

​ឯកឧត្តមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជំនួសមុខឱ្យអតីតយុទ្ធជនកម្ពុ ជាបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមា គមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ក៏ដូចក្រុមគ្រូសារ ដោយបានធ្វើឱ្យស្ថាន ភាពជីវ​ភាពរស់នៅរបស់ពួកគេមានការផ្លាស់ប្តូរកាន់តែប្រសើរឡើងជាលំដាប់ ៕

ដោយ ឈុន សារ៉ាត