ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវក្រុងសៀមរាប លើកឡើងថា ទិន្នផលស្រូវប្រាំងឆ្នាំនេះ កើនឡើង តែតម្លៃធ្លាក់ចុះ

AKP សៀមរាប ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រជាកសិករនៅសង្កាត់ជ្រាវ​ ក្រុង​សៀមរាប លើកឡើងថា  ស្រូវប្រាំងនៅឆ្នាំនេះ ទទួលបាលទិន្នផលច្រើនជាងឆ្នាំមុន ក៏ប៉ុន្ដែពួកគាត់អះអាងថា ទីផ្សារតម្លៃស្រូវបានធ្លាក់ចុះ បន្ដិច បើធៀបនឹងឆ្នាំមុន ហើយប្រជាកសិករទាំងនេះ បាន​ស្នើ​ឱ្យអាជ្ញាធរជួយរកទីផ្សារស្រូវឱ្យ បានថ្លៃដូចឆ្នាំមុន។ លោក សូ សុខ ជាប្រជាកសិករ នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បានលើកឡើងថា ឆ្នាំនេះលោក​ធ្វើ​ស្រូវប្រាំងប្រភេទអ៊ីអ៊ែ៤៩ ដោយទទួលបានទិន្នផលច្រើនគួរសម គឺច្រើនជា ឆ្នាំមុន ក្នុងមួយហិកតាបានចំនួន៣តោន ខណៈដែលស្រូវប្រាំងនេះមិនប្រើប្រាស់ជីគីមី នោះទេ។ លោកបានបន្ដថា ខណៈដែលផលស្រូវទទួលបានផលច្រើនជាងឆ្នាំមុន បែបជាតម្លៃ ស្រូវធ្លាក់ចុះទៅវិញ គឺតម្លៃស្រូវសើមមានឈ្មួញទិញក្នុងតម្លៃ៦៨០រៀល និងស្រូវស្ងួតក្នុងមួយ គីឡូក្រាមតម្លៃ៩០០រៀល តម្លៃនេះបើប្រៀបធៀបនឹងឆ្នាំមុនធ្លាក់ចុះបន្ដិច។ លោកបានស្នើឱ្យ អាជ្ញាធរជួយរកទីផ្សារស្រូវនេះឱ្យមានតម្លៃដូចកាលពីឆ្នាំ២០១៨ និងស្រូវសើមក្រោម១.០០០ រៀល។

លោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យដឹងថា ជា ការពិតណាស់​តម្លៃស្រូវឆ្នាំនេះ គឺពិតជាធ្លាក់ជាឆ្នាំមុនមែន ហើយ​ពេល​នេះ​មន្ទីរកំពុងតែ​សហការ ជាមួយសហគមន៍ស្រួវអង្ករ ដើម្បីរកវិធីដោះស្រាយ​។ លោកថា មូលហេតុនៃការ ធ្លាក់តម្លៃស្រូវនេះដោយសារមួយរយៈមុនឈ្មួញវៀតណាមមិនបានចុះទិញស្រូវទល់សោះ ប៉ុន្តែពេលនេះគឺមានការចុះមកទិញខ្លះហើយ។

ចំពោះតម្លៃស្រូវធ្លាក់ចុះនេះ  ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បាន​ប្រាប់ទៅប្រជាកសិកនៅខេត្តតាកែវកាលពីដើមខែកុម្ភៈនេះថា ក្រសួង កសិកម្ម បានប្រជុំពិភាក្សាជាមួយស្ថានទូតវៀតណាមដើម្បីពិនិត្យមើលបញ្ហាប្រឈមនានា ដែលជាដើមចមធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ និងបានរួមគ្នាដាក់ចេញនូវវិធានការដោះស្រាយ សម្រាប់រយ:ពេលខ្លី និងរយ:ពេលវែង។ ឯកឧត្តមបានបន្ថែមថា ប៉ុន្តែទោះជាយ៉ាងណា ការ ធ្លាក់ចុះតម្លៃស្រូវនាពេល នេះមិនទាន់ដល់កម្រិតមួយថាខាតបង់កម្រៃនៅឡើយ គ្រាន់តែថា ចំណូលបានតិចជាងបើប្រៀបធៀបទៅឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យកសិកររៀបចំចងក្រងជាសហគមន៍ផលិតទាំងស្រូវចំណី និង ស្រូវពូជ រួចសហការផលិតជាមួយដៃគូឯកជនតាមរយ:ការអនុវត្តផលិតកម្ម កសិកម្មតាម កិច្ចសន្យាប្រយោជន៍ដើម្បីធានាតម្លៃ បរិមាណផ្គត់ផ្គង់ ផលិតពូជសុទ្ធល្អ អង្ករមានគុណភាព និងគួរប្រើប្រាស់ពូជណាដែលទីផ្សារត្រូវការខ្ពស់៕

ដោយ ឃុត សៅ