វិសាខា ឈ្នះគិរីវង្សសុខសែនជ័យ ២-០ ក្នុងជំនួបមិត្តភាពមុនរដូវកាលលីគកំពូល២០១៩ ចូលមកដល់

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រុមម្ចាស់ផ្ទះវិសាខាបានបើកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ ការប្រកួតមិត្តភាពជាមួយក្រុម គិរីវង់ សុខ​សែនជ័យ ដោយបានយកឈ្នះ២ទល់០ កាលពីល្ងាចថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មុន ការប្រកួតលីគកំពូលកម្ពុជា បើករដូវកាលថ្មី ២០១៩ ចូលមកដល់។លោក ហុក សុជីវ័ន គ្រូបង្គោលរបស់ក្លិបបាល់ទាត់វិសាខាបានឱ្យដឹងថា មួយរយៈ មកនេះក្លិបរបស់លោកតែងតែបង្កើតឱ្យមានការប្រកួតមិត្តភាពជាបន្តបន្ទាប់រហូតដល់ទៅ១៧លើក មានទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុកនៅឯប្រទេសថៃ។ ការប្រកួតនេះ ទៀតគឺ គោលបំណងសំខាន់ គឺដើម្បីបង្កើនសមត្ថភាពបច្ចេកទេស មើលពីគុណភាពថាមពល​កម្លាំងរបស់កីឡាករនៃក្រុមរបស់ខ្លួន ក៏ដូចជាក្រុមដែលត្រូវប្រកួតជាមួយ ដែលត្រូវត្រៀម ចូលរួមប្រកួតប្រជែងនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០១៩ ដែលគ្រោងនឹងចាប់ ផ្ដើមនាខែមីនាខាងមុខឆាប់ៗនេះ។ លោកបានបញ្ជាក់ទៀតថា ក្នុងចំណោមការប្រកួតមិត្តភាព​កម្តៅសាច់ដុំទាំង១៧ប្រកួត កន្លងមកនេះ គឺក្លិបបាល់ទាត់វិសាខាបានយកឈ្នះ១២​ប្រកួតស្មើ​៤ប្រកួតចាញ់១ប្រកួត។ ទន្ទឹមនេះ ឆ្លងកាត់ការប្រកួតជាច្រើនលើកមកនេះក្រុមចំណាត់ថ្នាក់​លេខ៣ កាលពីរដូវកាល ២០១៨មួយនេះ ជ្រើសរើសបានកីឡាករកម្ពុជាចំនួន២៧នាក់ ដើម្បីហ្វឹកហាត់បន្ត។ ដោយឡែកនៅតែកីឡាករបរទេសប៉ុណ្ណោះ ដែលនៅមិនទាន់ជ្រើស​រើសបាននៅឡើយ ដោយក្លិបត្រូវការបរទសពី៤នាក់ទៅ៥នាក់។ ចំពោះកីឡាករ បរទេស ដែលមកសាកល្បងអស់រយៈពេលជាច្រើនថ្ងៃជាមួយក្លិបវិសាខា មានច្រើនជន ជាតិ ដូចជា​ជប៉ុន កូរ៉េ នីហ្សេរីយ៉ា អាម៉េរិក អាល្លឺម៉ង់ជាដើម។

ចំណែកឯក្រុមគិរីវង់សុខសែនជ័យ ដែលមានមូលដ្ឋាននៅខេត្តតាកែវក៏នឹងចូលរួម​ប្រកួតនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩នេះដែរ តាមគោលការណ៍​របស់​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលប្រកាសថានឹងមាន១៤ក្រុម សម្រាប់រដូវកាល២០១៩ បន្ទាប់ពីមានត្រឹម១២ក្រុម កាលពីរដូវកាល ២០១៨។ ៣ក្រុមថ្មីដែលចូលលីគកំពូលកម្ពុជា ឆ្នាំនេះ គឺគិរីវង់សុខសែនជ័យ ខេត្តកំពង់ចាម និងU18សាលាបាល់ទាត់បាទី ខណៈក្រុមបាត តារាងវេស្ទើនភ្នំពេញត្រូវបានទម្លាក់ចេញពីលីគកំពូល៕

ដោយ ហេង ណាលីន