ជនជាតិបារាំងស្ម័គ្រចិត្តប្រគល់ភាជន៍បុរាណចំនួនពីរឱ្យអាជ្ញាធរជាតិអប្សរា ក្រោយពីបានរក្សាទុកអស់រយៈពេល១៥ឆ្នាំ

AKP សៀមរាប ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ — លោក William Telliez ម្ចាស់ភោជនីយដ្ឋាន The Square 24 ជាជនបារាំងដែលបាន មករស់នៅប្រទេសកម្ពុជាពីឆ្នាំ២០០១ បានស្ម័គ្រចិត្តប្រគល់ភាជន៍បុរាណចំនួន២ ជូនអាជ្ញាធរ ជាតិអប្សរា កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីរក្សាទុកអស់រយៈពេល១៥ឆ្នាំ។លោក William Telliez បានឱ្យដឹងថា ភាជន៍ទាំងពីរនេះត្រូវបានរកឃើញកាលពី ឆ្នាំ២០០៤ ឬ២០០៥ ក្នុងជម្រៅដី៣ម៉ែត្រ កាលនោះលោកឱ្យកម្មករជីកដីធ្វើបង្គន់ នៅក្នុង សណ្ឋាគារបុប្ផាអង្គរ ហើយបានរក្សាទុករហូតដល់ឆ្នាំ២០១៩ ព្រោះមិនដឹងយកទៅប្រគល់ អ្នកណាទើបមានសុវត្ថិភាព។ លុះបានឃើញការផ្សព្វផ្សាយពីការប្រគល់ភាជន៍ ក្នុងតំបន់អង្គរ នៅតាមបណ្តាញសារព័ត៌មាន លោកក៏បានទាក់ទងទៅសាលាបារាំងចុងបូព៌ា ហើយគេក៏ ណែនាំឱ្យទាក់ទងមកអាជ្ញាធរជាតិអប្សរា។

ម្ចាស់ភោជនីយដ្ឋាន The Square 24 បានបង្ហាញពីឆន្ទៈនៃការប្រគល់បុរាណវត្ថុ ទាំងពីរនោះមកអាជ្ញាធរជាតិអប្សរាថា ភាជន៍ទាំងពីរ គឺជាកម្មសិទ្ធិរបស់ខ្មែរ វាមានតម្លៃណាស់ សម្រាប់ខ្មែរក្នុងការសិក្សាស្រាវជ្រាវ វាមិនមែនកម្មសិទ្ធិលោក ឬរបស់ឯកជនណាមួយទេ បើខ្ញុំរក្សាទុកវាក៏គ្មានតម្លៃអ្វីដែរ។  លោករីករាយខ្លាំងណាស់បានរកអ្នករក្សា ទុកភាជន៍នេះប្រកបដោយសុវត្ថិភាព និងមានប្រយោជន៍សម្រាប់ជាតិខ្មែរ។

ទាក់ទងនឹងប្រវត្តិភាជន៍ទាំងពីរនេះ អ្នកស្រី សឹង ស្រីទូច បុគ្គលិកជំនាញកុលាល ភាជន៍ខ្មែរ នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរបានឱ្យដឹងថា  យើងនៅ មិនទាន់អាចសន្និដ្ឋានបានថាភាជន៍ទាំងពីរនេះ មានប្រភពមកពីខាងណាឱ្យច្បាស់លាស់ទេ ព្រោះមិនដូចភាជន៍ខ្មែរ។ តែតាមការពិនិត្យមើលសាច់ដី ដោយប្រើកែវពង្រីក គឺជាភាជន៍ បុរាណពិតប្រាកដ។ អាជ្ញាធរជាតិអប្សរានឹងធ្វើការសម្អាត ហើយធ្វើការសិក្សាស្រាវជ្រាវបន្ថែម និងសួរព័ត៌មានពីអ្នកស្រាវជ្រាវផ្សេងៗទៀតពីប្រភពនិងអាយុកាលរបស់ភាជន៍ទាំងពីរនាពេលបន្តទៅទៀត៕

ដោយ ឃុត សៅ