នាវាទេសចរណ៍បរទេសពីរគ្រឿង បាននាំភ្ញៀវចម្រុះជាតិសាសន៍ចូលចត ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ — តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ នាវាទេសចរណ៍បរទេសចំនួន០២គ្រឿង បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ចូលចត ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព។នាវាទេសចរណ៍ទី១. មានឈ្មោះ MAASDAM មានសញ្ជាតិ NETHERLAND មានបណ្តោយ ២១៩.៣០ម៉ែត្រ ទទឹង ៣០.៨០ម៉ែត្រ ជម្រៅទឹក ៧.៧០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ១.១៨៦នាក់  ស្រី ៦២៦នាក់ មាន ៣៥សញ្ជាតិ និងនាវិកសរុបចំនួន៥៦៥នាក់ ស្រី ១០០នាក់ មាន ៤០សញ្ជាតិ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតក្រុងព្រះសីហនុ នៅវេលាម៉ោង៤ និង២៥នាទី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ នាវា MAASDAM មានគម្រោងចាកចេញពីដែនទឹកកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅម៉ោង១៦ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា MAASDAM ដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា អាម៉េរិក ៣៧៨នាក់ អូស្ត្រាលី ២៧៦នាក់ កាណាដា ២០៩នាក់ និងភ្ញៀវទេសចរសញ្ជាតិ ផ្សេងទៀត។ ក្នុងចំណោមភ្ញៀវទេស ចរជិត ២.០០០នាក់ មានភ្ញៀវទេសចរបរទេសចំនួន ១៧នាក់ ស្រី ០៥នាក់ មាន ៧ សញ្ជាតិ បានបន្តដំណើរទៅទស្សនារមណីយដ្ឋានអង្គរ ខេត្តសៀមរាប និងភ្ញៀវទេសចរមកពីខេត្តសៀមរាបចំនួន ០៩នាក់ ស្រី ០៤នាក់ មាន ០៤សញ្ជាតិ បានធ្វើដំណើរចេញតាមនាវា តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុទៅកាន់ ប្រទេសវៀតណាម ។

នាវាទី២. មានឈ្មោះ SEA BOURN OVATION សញ្ជាតិ  BAHAMAS មានបណ្តោយ ២១០.៥០ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍មកពីប្រទេសថៃចំនួន ៥៦៩នាក់ ស្រី២៨៦នាក់ មាន២៩សញ្ជាតិ និងមាននាវិក សរុបចំនួន ៤៣៤នាក់ ស្រី ១១៦នាក់ មាន ៥៣សញ្ជាតិ បានចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង ៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ នាវា SEA BOURN OVATION មានគម្រោងចាកចេញ ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ២០ ថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែ Hochiming ប្រទេសវៀតណាម។  ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវានេះ បានបន្តដំណើរទៅលេងកម្សាន្តនៅ រមណីយដ្ឋានអង្គ ខេត្តសៀមរាប ចំនួន ៧១នាក់ ស្រី ៣៨នាក់ មាន ០៦សញ្ជាតិ។

ដោយសារតែកំណើនវិនិយោគ និងការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងក្រុងព្រះសីហនុក្នុង ឆ្នាំ២០១៨កន្លងមកនេះ ដែលមានអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានយ៉ាងច្រើន ដែលជាការចាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅខេត្តមាត់សមុទ្រនាទិសនិរតី មានការកើនឡើង ជារៀងរាល់ឆ្នាំ៕

ដោយ ងូ សុមុនី