តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រៀបចំសប្តាហ៍វប្បធម៌ខេត្តជាំងស៊ូ

AKP ព្រះសីហនុ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ -នារាត្រីថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅភូមិបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបចំសប្តាហ៍វប្បធម៌ខេត្តជាំងស៊ូ ដោយមានការចូលរួមពីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ លោក ជិន ជាន់ហ្គាំង Chen Juan Gang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងលោក យ៉ាង លីគុន Yang Li Qun អនុប្រធានសមាគមផ្លាស់ប្តូរវប្បធម៌អន្តរជាតិខេត្តជាំងស៊ូ ប្រទេសចិន។

លោក យ៉ាង លីគុន (Yang Li Qun ) អនុប្រធានសមាគមផ្លាស់ប្តូរវប្បធម៌អន្តរជាតិខេត្តជាំងស៊ូ មានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជា មានវប្បធម៌ស្រដៀងគ្នា ក្នុងការអនុវត្តយុទ្ធសាស្ត្រ ” ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ ” ខេត្តជាំងស៊ូក្លាយជាតំបន់ដែលមានការទំនាក់ទំនងជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ច វប្បធម៌ នយោបាយ និងសន្តិសុខ និងផ្តល់ប្រយោជន៍ដល់គ្នាលើវិស័យពាណិ ជ្ជកម្ម និងវប្បធម៌ ដើម្បីធ្វើឱ្យមានការទំនាក់ទំនងរបស់យុវជនក្នុងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត  ។

លោក Chen Juan Gang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានប្រសាសន៍ថា មិត្តភាពដ៏មុតមាំ យូរអង្វែងរវាងចិន-កម្ពុជា ប្រៀបដូចជាផ្ការីកហើយ មិនចេះរុះរោយ ក្រោមពន្លឺព្រះអាទិត្យ និងក្រោមផ្ទៃមេឃដ៏ស្រស់បំព្រង ។ ក្រោមការដឹកនាំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ការិយាល័យពត៌មាននៃសាលារដ្ឋបាលប្រជាជនខេត្តជាំងស៊ូ “ការយល់ដឹងពីប្រទេសចិន-សប្តាហ៍វប្បធម៌ខេត្តជាំងស៊ូ ” រៀបចំកម្មវិធីឆ្ពោះមកតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ នាំមកនូវបុណ្យវប្បធម៌ដល់បុគ្គលិកក្នុងតំបន់ និងប្រជាពលរដ្ឋរស់នៅជុំវិញ ។

លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បង្កើតឡើងរវាងក្រុមហ៊ុន ហ៊ូដូគ្រុប និងសហគ្រាសទីក្រុងហ្វូស៊ី សហការជាមួយក្រុមហ៊ុន CAMBODIA INTERNATIONAL INVESTMENT DEVELOPMENT GROUP CO LTD របស់ឯកឧត្តម ឡាវ ម៉េងឃីន បង្កើតបានជាតំបន់មូយនេះ បានផ្តើមចេញពី “ខ្សែក្រវាត់មួយ-ផ្លូវមួយ ” របស់ប្រធានាធិបតីចិន និងយុទ្ធសាស្ត្រចតុកោណរបស់ប្រទេសកម្ពុជា សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។
លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជាសួនឧស្សាហកម្មអន្តរជាតិ ទាក់ទាញសហគ្រាសមកពីប្រទេសចិន និងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងសហគ្រាសឧស្សាហកម្ម ១៥៣សហគ្រាស ក្នុងនោះសហគ្រាសឧស្សាហកម្មចំនួន ១៣៩ បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ២២.០០០នាក់  ។ តាមគោលនយោបាយរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីន បានវាយតម្លៃយ៉ាងខ្ពស់ថា ការរីកលូតលាស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការចិន និងកម្ពុជា ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចំនួន ៤ដង និងចាត់ទុកតំបន់សេដ្ឋកិច្ចពិសេស ប្រៀបដូចជាកូនប្រុសបង្កើតរបស់សម្ដេច ហើយសមិទ្ធផលដ៏មានសារៈសំខាន់ នៃខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ រវាងកម្ពុជា និងចិន ។ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីប្រៀបដូចជាស្ពានជំរុញការទំនាក់ទំនងមេត្រីភាពនឹងបង្កើនមិត្តភាពរវាងខេត្តព្រះសីហនុ ខេត្តជាំង ស៊ូ និងទីក្រុងហ្វូស៊ី ដើម្បីឱ្យចំណងមិត្តភាពកាន់តែស៊ីជម្រៅ បង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទំនាក់ទំនងយ៉ាងជិតស្និទ្ធ លើវិស័យសុខាភិបាល វិស័យអប់រំ និងវប្បធម៌ ។ ខេត្តជាំងស៊ូបានផ្ដល់កម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខេត្តព្រះសីហនុបានចំនួន ៤លើក មានប្រជាពលរដ្ឋ ៧.៩០០នាក់ បានទទួលសេវាសុខាភិបាលពីទីក្រុងជាំងស៊ូ ។ ឆ្នាំ២០១៩ គឺជាខួបទី៦០ នៃទំនាក់ទំនងរវាងកម្ពុជា ចិន នឹងពង្រឹងការផ្លាស់ប្តូរទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីសម្តែងសិល្បៈផ្លាស់ប្ដូរវប្បធម៌រវាងក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ បានបង្កើត សម្ពន្ធ័ភាពខេត្ត ក្រុង ជាបងប្អូនចាប់តាំងពីឆ្នាំ២០០៩មក។ ដោយឡែកខេត្តជាំងស៊ូបានបង្កើតទំនាក់ទំនងបងប្អូន និងបានចុះហត្ថលេខាជាផ្លូវការនៅឆ្នាំ២០១៨ តាមរយៈនៃការបង្កើត      សម្ព័ន្ធភាពខេត្ត ក្រុងបងប្អូនទាំង៣ ក្នុងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច សហប្រតិបត្ដិការលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ អប់រំ និងវប្បធម៌ជាដើម ។ ការសម្ដែងសិល្បៈរវាងខេត្តព្រះសីហនុ ខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី ជាលើកទី២ បន្ទាប់ពីបានសម្ដែងលើកទី១ នៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុជុំទី២ ឆ្នាំ២០១៦ ។ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធជាមួយខេត្តជាំងស៊ូ ទីក្រុងអ៊ូស៊ី  លើការងារចម្បងរួមមាន៖ ការអភិវឌ្ឍពង្រីកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ  ការផ្លាស់ប្ដូរវប្បធម៌តាម រយៈការសម្ដែងសិល្បៈ ដំណើរទស្សនកិច្ច និងផ្លាស់ប្ដូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសលើផ្នែកសន្តិសុខ សុខមាលភាព និងបរិស្ថាន  និងការប្រឡងគំនូរសិស្សកុមារតូច ដាក់តាំងបង្ហាញក្នុងពិព័រពណ៍លើកទី២ ស្ដីពីសិល្បៈគំនូរកុមារអន្តរជាតិខេត្តជាំងស៊ូនាពេលនេះ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនដល់កម្មករ និយោជិក និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី