បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​យោធា​ និងមគ្គុទ្ទេសក៍ ស្តីពី វិមានឈ្នះ ឈ្នះ​

AKP កំពង់ធំ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពីធីផ្សព្វផ្សាយប្រវត្តិសាស្ត្រយោធា និងមគ្គុទ្ទេសក៍ វិមាន ឈ្នះ ឈ្នះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយរងសេនាធិការ និងជាក្រុមការងារប្រវត្តិសាស្ត្រយោធា និងមគ្គុទ្ទេសក៍ វិមាន ឈ្នះ ឈ្នះ យោធភូមិភាគទី៤ ដែលមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រមាណ ១៤៧នាក់ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងសុន្ទរកថាស្វាគមន៍ស្តីពីការផ្សព្វ ផ្សាយប្រវត្តិសាស្ត្រយោធា និងមគ្គុទ្ទេសក៍ វិមាន ឈ្នះ ឈ្នះ ជូនដល់អង្គពិធី និងបានប្រកាសបើកពីធីផ្សព្វផ្សាយជាផ្លូវការផងដែរ ។ ឯកឧត្តម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំជំនាញ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាម ស្តីពីប្រវត្តិសាស្ត្រយោធា និងមគ្គុ   ទ្ទេសក៍ វិមាន ឈ្នះ ឈ្នះ ដើម្បីជាចំណេះដឹងក្នុងការយកទៅផ្សព្វផ្សាយបន្តដល់យោធិន ក្រុមគ្រួសារសាច់ញាតិ និងបងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិនៃការបង្រួបបង្រួមជាតិរបស់ប្រទេសកម្ពុជាឱ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយរងសេនាធិការ និងជាក្រុមការងារប្រវត្តិសាស្ត្រយោធា និងមគ្គុទ្ទេសក៍ វិមាន ឈ្នះ ឈ្នះ យោធភូមិភាគទី៤ បានឡើងឧទ្ទេសនាម និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រនៃការបង្កើតយុទ្ធសាស្ត្រ នយោបាយ ឈ្នះ ឈ្នះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានបន្តផ្សព្វផ្សាយអំពីការបង្រួបបង្រួម នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ប្រកបដោយជោគជ័យពេញលេញ ១០០ភាគរយ នៅឆ្នាំ១៩៩៨។ នាយទាហាន នាយទាហានរង និងពលទាហាន បានយកចិត្តទុកដាក់ស្តាប់ទទួលចំណេះដឹង និងជ្រួតជ្រាបយ៉ាងច្បាស់ អំពីប្រវត្តិសាស្ត្រយោធា និងមគ្គុទ្ទេសក៍ វិមាន ឈ្នះ ឈ្នះ និងប្តេជ្ញាយកចំណេះដឹងទាំងអស់យកទៅផ្សព្វ ផ្សាយដល់យោធិន ក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹង និងជ្រួតជ្រាបអំពីការបង្រួបបង្រួមជាតិ ដែលធ្វើឱ្យប្រទេស មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជាតិ រីកចម្រើនលើវិស័យ ៕

ដោយ​ ស៊ុម វណ្ណា