រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការប្តូរអំពូលភ្លើងពីធម្មតាមកអំពូលភ្លើងវ័យឆ្លាតLEDសម្រាប់បំភ្លឺផ្លូវសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ -រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ការដាក់ឱ្យ ដំណើរ ការនិងការថែទាំសេវាភ្លើងបំភ្លឺផ្លូវសាធារណៈតាមប្រព័ន្ធគ្រប់គ្រងទីក្រុងវៃឆ្លាតក្នុងរាជធានីភ្នំពេញ (Smart lighting System) រវាងទីក្រុមហ៊ុន Minebea Cambodia និងក្រុមហ៊ុន PPDE & C ដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុន PPDE & C ជាអ្នករៀបចំកែលម្អភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ពីអំពូលភ្លើងធម្មតាមកប្រើអំពូលភ្លើងវៃឆ្លាតតាមបច្ចេកវិជ្ជា ទំនើបទាន់សម័យសន្សំសំចៃភ្លើងដែលផលិតដោយក្រុមហ៊ុន Minebea Cambodia របស់ប្រទេសជប៉ុន។ ពិធីចុះហត្ថលេខា នេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩  នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក យូស៊ីហ៊ីសា កៃណឺម៉ា អគ្គនាយកក្រុមហ៊ុន Minebea Mitsumi ជប៉ុន។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ចាត់ទុកក្រុមហ៊ុន Minebea ដែលបានផលិតគ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗថា ជារោងចក្រដែលមានបរិយាកាសការងារល្អពុំដែលកើតមានបញ្ហារវាងថៅកែ និងកម្មករ កម្មការិនី។ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Minebea ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសយករាជធានីភ្នំពេញ ធ្វើជាទីតាំងវិនិយោគដោយមើលឃើញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន Minebea និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា រដ្ឋបាលរាជធានីភ្នំពេញត្រៀមខ្លួនធ្វើការគាំទ្រជានិច្ចចំពោះអ្នកវិនិយោគមកពីប្រទេសជប៉ុន ស្របពេលដែលកម្ពុជាមានសក្ដានុពលច្រើនសម្រាប់ធ្វើការវិយោគ និងស្របតាម ចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជាដែលចូលចិត្តប្រើប្រាស់របស់ជប៉ុន។

លោក យូស៊ីហ៊ីសា កៃណឺម៉ា អគ្គនាយកក្រុមហ៊ុន Minebea ជប៉ុន បានអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុនរបស់លោក។ អំពូលភ្លើងឆ្លាតវៃប្រភេទ LEDដែលក្រុមហ៊ុន Minebea នឹងផ្គត់ផ្គង់សម្រាប់បំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញគឺជាអំពូលភ្លើងដែលអាចសន្សំសំចៃថាមពលអគ្គិសនីរហូតដល់ ៨០ភាគរយ បើប្រៀបធៀបនឹងអំពូលភ្លើងធម្មតា និងអាចដំឡើង ឬបន្ថយពន្លឺតាមរយៈទូរបញ្ជាតាមស្ថានភាពជាក់ស្តែងនៃចរាចរណ៍តាមដងផ្លូវដែលក្រុមហ៊ុនបានប្រើប្រាស់ សាកល្បងរួចហើយតាម វិថីសំខាន់ៗចំនួន ៣គឺ៖ មហាវិថីព្រះនរោត្តម, មហាវិថីសហព័ន្ធរុស្ស៊ីវិថី និងវិថីសម្តេចតេជោហ៊ុនសែន ជាអំពូលភ្លើងដែលធានាបាននូវសោភណភាព និងបរិស្ថានយ៉ាងល្អប្រសើរ។ នេះជាការបោះជំហានថ្មីមួយទៀតរបស់រាជធានីភ្នំពេញ ក្នុងការគ្រប់គ្រងទីក្រុងវៃឆ្លាតដូចបណ្តាទីក្រុងនានានៅក្នុងតំបន់អាស៊ានផងដែរ។

សូមបញ្ជាក់ថា  អំពូលភ្លើងបំភ្លឺផ្លូវនៃអំពូលភ្លើងវៃឆ្លាតនេះ មិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ គឺជួយដល់ផ្នែកសន្តិសុខនៅពេលរាត្រី និង ធានានូវសុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយនូវការចំណាយថវិកាច្រើនទៀតផង៕

ដោយសួស សំរិត