អភិបាលខេត្តកំពង់ធំបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តមុនីពោធិ៍ញ្ញាណ

AKP កំពង់ធំ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាពុទ្ធាពិសេកឆ្លងព្រះវិហារនិងសម្ពោធសមិទ្ធផលនានាក្នុងវត្តមុនីពោធិ៍ញ្ញាណ ហៅវត្តព្រែកកំពង់ស្ដេច ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក ខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិគណៈកម្មការអាចារ្យវត្ត លោកយាយ លោកតាបងប្អូនពុទ្ធបរិស័ទ សប្បុរសជននានា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណជាង៤.០០០នាក់ ។

លោក ទូច សុខា អភិបាលស្រុកសន្ទុកបានធ្វើរបាយការណ៍សង្ខេបថា ដោយមានការគាំទ្រពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយបានចូលរួមកសាងបន្តបន្ទាប់នៅក្នុងវត្តមុនីពោធិ៍ញ្ញាណ និងសមិទ្ធផលដែលត្រូវសម្ពោធក្នុងពេលនេះ រួមមាន៖ ព្រះវិហារថ្មី ដងទង់ របងវត្ត   ខ្លោងទ្វារ ស្រះទឹក ធ្វើផ្លូវបេតុង ជួសជុលសាឡុងចាស់ រៀបចំបណ្ដាញភ្លើង លូបង្ហូរទឹក តបណ្ដាញទឹក បន្ទប់ទឹក និងដាំកូនឈើជាច្រើនផងដែរ។

លោកជំទាវឧកញ៉ា សៀង ចាន់ហេង បានមានប្រសាសន៍ថា ការកសាងសមិទ្ធផលទាំងអស់នេះមានរយៈពេលជាងបីឆ្នាំ ដោយមានការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទចំណុះជើងវត្ត និងព្រះចៅអធិការវត្ត សហការគ្នាដើម្បីរៀបចំកសាងវត្តនេះឡើង។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា ដើម្បីឱ្យពុទ្ធសាសនាមានការរីកចម្រើនលុះត្រាយើងទាំងអស់គ្នាជាអាចារ្យគណៈកម្មការចំណុះជើងវត្តទាំងអស់ ខិតខំជួយឧបត្ថម្ភគាំទ្រ និងជួយផ្សព្វផ្សាយពីពុទ្ធសាសនាដើម្បីឱ្យវិស័យពុទ្ធសាសនាមិនមានការបាត់បង់។

ឯកឧត្តម សុខ លូ បានលើកឡើងថា ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានការរីកចម្រើនលុះត្រាតែមានសុខសន្តិភាព កាលណាមានសន្តិភាពទើបមានការអភិវឌ្ឍ ។ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព សូមឱ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ខិតខំបង្កបង្កើនផលដំណាំកសិកម្ម ពិសេសនៅតាមមូលដ្ឋានរបស់បងប្អូន។ សូមឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព និងអនាម័យពិសេសផឹកស្អាត ហូបស្អាត និងរស់នៅស្អាត។

ឯកឧត្តមបានបន្តទៀតថា សមិទ្ធផលទាំងប៉ុន្មាននៅក្នុងវត្តមុនីពោធិ៍ញ្ញាណ ហៅវត្តព្រែកកំពង់ស្ដេចនេះ គឺជាការចូលរួមរបស់សប្បុរសជន មន្ត្រីរាជការ ពុទ្ធបរិស័ទចំណុះជើងវត្ត សូមឱ្យជួយថែរក្សាឱ្យបានគង់វង្ស។ ឯកឧត្តម សុខ លូ និងលោកជំទាវឧកញ៉ា សៀង ចាន់ហេង ក៏បានបំពាក់មេដាយស្ថាបនាជាតិជូនដល់សប្បុរសជននិ ងចែកអំណោយ សម្ភារដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ផងដែរ៕

ដោយ​ ស៊ុម វណ្ណា