អភិបាលខេត្តបាត់ដំបង និង គណៈប្រតិភូក្រុងជង់សុងហ្គាន់ នៃសាធារណរដ្ឋកូរ៉េជួបពិភាក្សាលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម

AKP បាត់ដំបង ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ -នៅថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារ ណរដ្ឋកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តម យន់ ឃ្យុងហេ អភិបាលក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ក្នុងជំនួបប្រជុំពិភាក្សានេះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសអញ្ជើញមកដល់ខេត្តបាត់ដំបង ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីភូមិសាស្រ្ត សក្តានុពលរបស់រដ្ឋបាលខេត្តបាត់ដំបង ជូនដល់គណៈប្រតិភូក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ។

ជាការឆ្លើយតប ឯកឧត្តម យន់ ឃ្យុងហេ អភិបាលក្រុងជង់សុងហ្គាន់ បានថ្លែងអំណរគុណដល់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់ឯកឧត្តម ។ ឯកឧត្តម ក៏បានជម្រាបជូន អំពីគោលបំណង និងដំណើរទស្សនកិច្ចមកកាន់ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងស្របតាមគោលការណ៍ច្បាប់ នៃប្រទេសទាំងពីរ ហើយភាគីទាំងពីបានឯកភាពគ្នាជាគោលការណ៍ និងចុះកំណត់ហេតុកិច្ចប្រជុំរួមដូចខាងក្រោម ៖ ១-ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ពាណិជ្ជកម្ម ។ ២-ផ្តល់ការគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ក្នុងការជំរុញអ្នកវិនិយោគលើវិស័យកសិកម្ម តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដោយបានជ្រើសរើសយកតំបន់ភូមិសាស្រ្ត ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីអនុវត្តន៍ ។ ៣-ផ្លាស់ប្តូរទស្សនកិច្ច និងការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់ នៃភាគីទាំងពីរក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្ម កសិកម្ម និងព្រឹត្តិការណ៍ផ្សេងៗទៀត ។ ៤- ភាគី ទាំងពីរបានព្រមព្រៀងគ្នា ឯកភាពគ្នាចងសម្ព័ន្ធមេត្រីភាពគ្នា នាពេលខាងមុខ និងរាយការណ៍ជូនប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីទទួលបានការអនុញ្ញាតជាគោលការណ៍ ឱ្យរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ឈានទៅចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីការបង្កើតកិច្ចសហប្រតិបត្តការ ។ ភាគីទាំងពីរក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក និងថតរូបអនុស្សាវរីយ៍  ផងដែរ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)