អន្តរក្រសួងពិនិត្យហេតុប៉ះពាល់លើគម្រោងអាជីវកម្មថ្មសំណង់ខេត្តកំពង់ឆ្នាំង

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅទីស្តីការក្រសួង រសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹក​នាំកិច្ចប្រជុំអន្តរក្រសួងមួយ ដើម្បីពិនិត្យ និងផ្តល់យោបល់​លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មថ្មសំណង់ ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងអាជីវកម្មថ្មសំណង់លើផ្ទៃដីទំហំ ៤០ហិកតា ដែល​មានទីតាំងស្ថិតនៅតំបន់ភ្នំថ្មដា ក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង របស់ក្រុមហ៊ុន ZHE JIANG SHENG ZHU JI SHI MING LEI KUANG YE CO., LTD. និងរៀបចំរបាយការណ៍ IESIA ដោយក្រុមហ៊ុនទីប្រឹក្សា SUSTINAT GREEN CO., LTD.។

ប្រភពខាងលើដដែលបានបន្តថា ក្រោយពីបានពិនិត្យនិងពិភាក្សា លទ្ធផលនៃកិច្ចប្រជុំ រួមមាន៖ ១-អង្គប្រជុំគាំទ្រទៅលើគម្រោងអាជីវកម្មនេះ។ ២-ក្រុមហ៊ុនត្រូវធ្វើការរចនាក្នុងការទាញយកថ្មសំណង់ តាមលក្ខណៈបើកចំហ (Semi-Cut Open Mining) ដើម្បីរក្សាទុកទេសភាពនៃភ្នំដារនេះជាលក្ខណៈបៃតង ។ ៣-ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនអាជីវកម្មថ្មសំណង់ចំនួន ៤កន្លែង និង អាជីវកម្មជីកអាចម៍ដីចំនួន ១កន្លែង ដើម្បីសាងសង់ ផ្លូវបេតុង ឬផ្លូវកៅស៊ូ ដែលក្រុមហ៊ុនដឹកជញ្ជូនថ្ម និងដីឆ្លងកាត់ ដើម្បីកាត់បន្ថយការហុយធូលីដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ដោយមានការសម្របសម្រួល ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ។ ៤-ក្រុមហ៊ុនត្រូវរៀបចំ  ជីកប្រឡាយព័ទ្ធជុំវិញ​ការដ្ឋានថ្ម រួមទាំងជីកស្រះស្តុកទឹកដើម្បីប្រមូលទឹក ហូរចេញពីការ ដ្ឋាន ចៀសវាងហូរទៅដីស្រែរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យខូចគុណភាពដី ។ ៥-ក្រុមហ៊ុនត្រូវកំណត់ពេលវេលានៃការបំផ្ទុះថ្មឱ្យបានជាក់លាក់ ព្រមទាំងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋជាមុនសិនមុននឹងធ្វើការ​បំផ្ទុះដោយអនុលោមតាមកម្រិតកំណត់ ស្តង់ដាររបស់ក្រសួងបរិស្ថាន ដើម្បីការពារគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងការរំខានដោយសំឡេង និងរំញ័រ ។ ៦-ក្រុមហ៊ុនត្រូវចូលរួមដាំដើមឈើនៅតាមទី​សាធារណៈដូចជា សួនច្បារ សាលារៀន វត្តអារាម នៅក្នុងភូមិសាស្រ្តស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឱ្យបានយ៉ាងតិច ៣.០០០ដើម ក្នុងមួយឆ្នាំ ។ ៧-ក្រុមហ៊ុនត្រូវរៀបចំវិធានការការពារធនធានធម្មជាតិ សត្វព្រៃនៅក្នុង និងក្បែរទីតាំងគម្រោងឱ្យបានត្រឹមត្រូវ។ ៨-ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រង់​សំណលរឹង-រាវ ដែលកើតឡើងដោយសារ​សកម្មភាពគម្រោងឱ្យបានត្រឹមត្រូវ។ ៩- ក្រុមហ៊ុនត្រូវបង្កើនមូលនិធិបរិស្ថាន និងមូលនិធិសង្គមឡើងវិញ ដោយប្រៀបធៀបទៅនឹងតម្លៃនៃការខូចខាតបរិស្ថាន និងតម្លៃការស្តារបរិស្ថានឡើងវិញឱ្យបានត្រឹមត្រូវ ។ ១០- ក្រុមហ៊ុន​ម្ចាស់​គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួលនូវចំណុចខ្វះខាតនៅក្នុងរបាយការណ៍ IESIA នេះឱ្យបានត្រឹមត្រូវតាមការលើកឡើងរបស់អង្គប្រជុំ។

ប្រភពខាងលើឱ្យដឹងទៀតថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (រដ្ឋបាលព្រៃឈើ) ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ ៕

ដោយ ពេជ្រ ណារិទ្ធ