អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ — តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ​នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ង្វៀន   ហ្វ៊ូជុង នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះប​រមរាជវាំង ។

ជាមួយគ្នានេះដែរ ឯកឧត្តម ង្វៀន ហ្វ៊ូជុង ក៏នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃ រាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ង្វៀន ហ្វ៊ូជុង ក៏នឹងមានជំនួបដោយឡែកពី គ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនេះ ឯកឧត្តម ង្វៀន ហ្វ៊ូជុង នឹងអញ្ជើញចូលរួមជាមួយសម្តេចតេជោនាយករដ្ឋ មន្រ្តី ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ៕

ដោយ អ៊ុន រិទ្ធី