រដ្ឋាភិបាលជប៉ុនបន្ដផ្ដល់ជំនួយដល់កម្ពុជាសម្រាប់អនុវត្តន៍គម្រោងចំនួនពីរដែលមាន ទឹកប្រាក់សរុបជាង៤៣លានដុល្លាអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការបន្តការគាំទ្រ សម្រាប់អនុវត្តន៍​គម្រោងពីរស្ដីពីឥណទានសម្បទាន ដែលមានទឹក ប្រាក់សរុប ៣.៥៩៩ លានយ៉េន (ប្រមាណ ៣១.៥៦ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តន៍គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ជំហានទី២ និងគម្រោងស្ដីពីហិរញ្ញប្បទានឥត​សំណង ដែលមានទឹកប្រាក់សរុប ១.៣៤០ លានយ៉េន (ប្រមាណ ១១.៨ លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តន៍ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនីនៅកំពង់ផែ ដើម្បី ការធ្វើទំនើបកម្មកំពង់ផែ។គម្រោងកញ្ចប់ឥណទានសម្បទាន និងហិរញ្ញប្ប ទានឥត​សំណង​ទាំងពីរនេះ ត្រូវបានរាជរដ្ឋាភិបាលជប៉ុនផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់​បន្ថែម​ទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍ និងរីកចម្រើន​បន្ថែមទៀត។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa)ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពី ព្រឹក ថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hide hisa)ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសជប៉ុន បាននិងកំពុងធ្វើកិច្ច​សហ​ការលើវិស័យកំពុងផែតាមរយៈការរៀបចំពង្រីកការអភិវឌ្ឍកំពង់ផែ និងការពង្រឹង​សមត្ថភាព គ្រប់គ្រងកំពង់ផែ ព្រមទាំងក្នុងវិស័យកសិកម្ម នៅកម្ពុជាតាមរយៈការរៀបចំប្រព័ន្ធធារា​សាស្ត្រ និងការផលិតគ្រាប់ពូជ។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនបានបន្ដថា វិស័យកំពង់ផែ និង​កសិកម្ម របស់កម្ពុជា បានចូលរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចក្នុងអត្រា៧ភាគរយ ដែលជា​លទ្ធផល​នៃការខិតខំប្រឹងប្រែងក្នុងវិស័យទាំងពីរនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ការចុះហត្ថលេខា​លើ​​កំណត់ហេតុ នៃការពិភាក្សាស្ដីពីហិរញ្ញប្បទានរបស់ជប៉ុន ដែលជំនួយឥតសំណង និងឥណ​ទាន​សម្បទាន ដែលទើបត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់​ក្នុង​ការបន្តអនុវត្តន៍យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​បានសង្កត់ធ្ងន់លើការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល ព្រមទាំងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ការគ្រប់ គ្រងធម្មជាតិ និងវប្បធម៌ប្រកបដោយចីរភាព ដែលទាំងនេះ ជាចលករជួយជំរុញឱ្យ​កម្ពុជា​សម្រេចបាននូវ ឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ឧបនាយក​រដ្ឋមន្ត្រី​បានរម្លឹកថា ក្នុងឆ្នាំសារពើពន្ធជប៉ុន២០១៨ (ដែលគិតចាប់ចាប់ពីខែមេសា ២០១៨ ដល់ខែមីនា ២០១៩) សរុបមកកម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើឯកសារ សី្តពីជំនួយ​អភិវឌ្ឍន៍​ផ្លូវការរបស់ជប៉ុន ដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន១៤.៩៩៧ លាន​យ៉េន គិតជាដុល្លារអាម៉េរិក ប្រមាណ ១៣៤.៣៨ លានដុល្លារ  ក្នុងនោះជំនួយឥត សំណង​ប្រមាណ១៩.៤២លានដុល្លារអាម៉េរិក ឥណទានសម្បទានប្រមាណ១១៤.៩៦លានដុល្លារ​អាម៉េរិក ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា ជប៉ុនគឺជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីដើមទសវត្សរ៍ ១៩៩០  ជាពិសេសការកែលម្អប្រព័ន្ធ Logistics សុខាភិបាល អប់រំ ការអភិវឌ្ឍធន ធាន​មនុស្ស កសិកម្ម និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា